លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេហ្ស៊ុអេឡា ត្រូវបានអាម៉េរិកចាប់
នៅរាត្រីពីថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងការ៉ាកាស ប្រទេស វ៉េណេហ្ស៊ូអេឡា ម៉ោងប្រមាណជា ២ សហរដ្ឋអាម៉េរិក បានដឹកនាំការវាយប្រហារលើ គោលដៅយោធាប្រមាណជាង ១០។ នៅក្នុងក្របខណ្ឌនៃកិច្ចប្រតិបត្តិការយោធា សេចក្តី សម្រេចដាច់ខាត (Absolute Resolve) កងកម្លាំង ដេលតា អាម៉េរិក ត្រូវបានបញ្ជូនទៅកាន់ តំបន់ទីក្រុងការ៉ាកាស។ ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមរបស់លោក ទ្រូសសូស្យល់ (Truth Social) អំពីការចាប់ និងបញ្ជូនខ្លួនលោកនីកូឡា ម៉ាឌូរ៉ូ និងភរិយារបស់លោក មកកាន់សហរដ្ឋអាម៉េរិក។
កិច្ចប្រតិបត្តិការយោធាអាម៉េរិកនេះបានទទួលរងការការជជែកវែកញ៉ែកយ៉ាងខ្លាំងក្លាសម្រាប់ទិដ្ឋភាពនៃច្បាប់អន្តរជាតិ។
នៅក្នុងសង្កាត់ភាគខាងត្បូងទីក្រុងញូយ៉ក អគ្គរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិក លោកស្រី ផាម បុងឌី បានប្រកាសអំពីការចោទប្រកាន់លោកម៉ាឌូរ៉ូ និងភរិយារបស់លោក ពីបទផ្សំគំនិតប្រព្រឹត្តិភេរវកម្មការជួញដូរសារជាតិញៀន ផ្សំគំនិតដើម្បីនាំចូលជាតិកូកាអ៊ីនចូលសហរដ្ឋអាម៉េរិក និងផ្សំគំនិតកាន់កាប់អាវុធស្វ័យប្រវត្តិ និងគ្រឿងផ្ទុះ ដើម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក ហើយលោកនឹងត្រូវធ្វើការជំនុំជម្រះ នៅពេលខាងមុខបន្តទៀតដោយតុលាការសហព័ន្ធអាម៉េរិក។
តាំងតែពីមុន ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងវ៉េណេហ្ស៊ូអេឡា បានរីកវិសាលភាពធំឡើងជាមួយនឹងការត្រឡប់មកកាន់អំណាចជាលើកទី២របស់លោកដូណាល់ ត្រាំ ជាប្រធានាធិបតីអាម៉េរិក នៅឆ្នាំ២០២៥។
លោកនីកូឡា ម៉ាឌូរ៉ូ ម៉ូរ៉ូស កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៦២ នៅទីក្រុងការ៉ាកាស។ លោកគឺជាអតីតអ្នកបើកបររថយន្តក្រុង បន្ទាប់មកជាអ្នកតំណាងសហជីប។ លោកនីកូឡា ម៉ាឌូរ៉ូ ក៏ជាសមាជិកនៃចលនាសាធារណរដ្ឋទី៥ វ៉េណេហ្ស៊ូអេឡា។ បន្ទាប់មក លោកបានក្លាយជាតំណាងរាស្រ្តពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ ជាប្រធានសភាជាតិពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦។ បន្ទាប់មកទៀត លោកគឺជារដ្ឋមន្រ្តីក្រសួងការបរទេសពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១២ និងជាអនុប្រធានាធិបតីប្រទេសវ៉េណេហ្ស៊ូអេឡា ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៣។ បន្ទាប់ពីមរណភាពរបស់លោកប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា ហ៊ូហ្គោ ឆាវ៉េស លោកនីកូឡា ម៉ាឌូរ៉ូ ក៏បានក្លាយជាប្រធានាធិបតីស្តីទី និងបានកាន់តំណែងជាប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា ក្នុងការអនុវត្តរហូតដល់ថ្ងៃអាម៉េរិកចាប់ខ្លួន។
នៅក្រោមការដឹកនាំលោកនីកូឡា ម៉ាឌូរ៉ូ ប្រទេសវ៉េណេហ្ស៊ូអេឡា ស្ថិតក្រោមផលប៉ះពាល់ធ្ងន់ធ្ងរពីការធ្លាក់តម្លៃប្រេងយ៉ាងគំហុគ ដែលជាចំណូលដ៏មានសារសំខាន់សម្រាប់ប្រទេស។
ចាប់ពីឆ្នាំ២០១៥ សហរដ្ឋអាម៉េរិកក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងវ៉េណេហ្ស៊ូអេឡា ដែលចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចវ៉េណេហ្ស៊ូអេឡាអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ។
តាំងពីយូរ លោកនីកូឡា ម៉ាឌូរ៉ូ បានបរិហារអំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវ៉េណេហ្ស៊ូអេឡាដោយសហរដ្ឋអាម៉េរិក។ ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់អាម៉េរិកបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ នៅអំឡុងអណត្តិទី១ របស់ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ។ ការរាំងខ្ទប់ប្រតិបត្តិការប្រេងរបស់វ៉េណេហ្ស៊ូអេឡាត្រូវបានអនុវត្ត ដែលបង្កជាការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចវ៉េណេហ្ស៊ូអេឡា ដែលអាស្រ័យមួយផ្នែកដ៏ធំលើការនាំចេញមាសខ្មៅនេះទៅកាន់សហរដ្ឋអាម៉េរិក។
នៅឆ្នាំ២០១៦ ប្រទេសវ៉េណេហ្ស៊ូអេឡា ជួបប្រទះនូវគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលមិនដែលមានរយៈពេល ៤០ឆ្នាំ ដែលបង្កវិបប្លាសដល់ដំណើរការនៃរោងចក្រវារីអគ្គីសនី និងបង្កជាការខ្វះខាតអគ្គីសនីដ៏ធ្ងន់ធ្ងរ។ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF វាយតម្លៃថា អត្រាអតិផរណានៅវ៉េណេហ្ស៊ូអេឡា បានឡើងរហូតដល់ ២៣០០%។