យុវជនមកពីគ្រួសារក្រីក្រជិត២ម៉ឺននាក់ចុះឈ្មោះចូលរៀន«ជំនាញវិជ្ជាជីវៈ»

គិតត្រឹមថ្ងៃទី២៨ ធ្នូ យុវជនមកពីគ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យមានចំនួន ១៨ ៣៣៥នាក់ បានមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស។ នៅក្នុងនោះ យុវជនមកពីរាជធានីភ្នំពេញមានការចុះឈ្មោះច្រើនជាងគេ តាមពីក្រោយដោយខេត្តបាត់ដំបង និងខេត្តសៀមរាប។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្ងៃទី២៨ ធ្នូ នេះ មានអ្នកចុះឈ្មោះសរុបចំនួន ១៨ ៣៣៥នាក់ ដែលក្នុងនោះមានស្រីចំនួន ៦ ២៤៥នាក់។ នៅក្នុងទីក្រុងភ្នំពេញមានអ្នកចុះឈ្មោះចំនួន ៧ ១៦៨នាក់ (ស្រី ២ ២៩៩នាក់), បាត់ដំបង ២ ២១៦នាក់ (ស្រី ៩៧៨នាក់), សៀមរាប ១ ២៩៩នាក់ (ស្រី ២៧១នាក់), កណ្តាល ៧០៩នាក់ (ស្រី ២០៣នាក់), ព្រះសីហនុ ៦៤៣នាក់ (ស្រី ២១៨នាក់), និងបណ្ដាខេត្តផ្សេងៗចំនួន ៦ ៣០០នាក់ (ស្រី ២ ២៧៦នាក់)។

បើបែងចែកតាមវិស័យ ក្នុងនោះ សំណង់សរុបមានចំនួន ២ ៦៩២នាក់, អគ្គិសនី និងថាមពល ៥៨៦នាក់, អេឡិចត្រូនិក ៤២៦នាក់, កម្មន្តសាល ១៣១នាក់, មេកានិចទូទៅ/មេកានិចរថយន្ត ២ ៨០៨នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ៥ ៩៣១នាក់, សេវាកម្ម ១ ០៥៩នាក់, បរិក្ខារត្រជាក់ និងកម្តៅ ២ ៧៤៩នាក់ , ទេសចរណ៍ ១ ០៤៣នាក់, និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៩១០នាក់។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ដែលកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការ៕

Daily Program

Livesteam thumbnail