យុវជនជនជាតិដើមភាគតិចទំពួន រៀនជំនាញ«កាត់ដេរ» រហូតដល់ចប់
យុវជនជនជាតិដើមភាគតិចទំពួន លោក រម៉ាម ឆូយ រស់នៅស្រុកអណ្តូងមាស ខេត្តរតនគិរី បានរៀនជំនាញ«កាត់ដេរ» ជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៤ខែ ធ្វើកម្មសិក្សាចំនួន២ខែជាមួយមេជាង។
យុវជនជនជាតិដើមភាគតិចទំពួន លោក រម៉ាម ឆូយ រស់នៅស្រុកអណ្តូងមាស ខេត្តរតនគិរី បានរៀនជំនាញ«កាត់ដេរ» ជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៤ខែ ធ្វើកម្មសិក្សាចំនួន២ខែជាមួយមេជាង។
ការសិក្សាជំនាញនេះ ធ្វើឲ្យលោក ឆូយ ទទួលបានការស្ដីថា ពីអ្នកភូមិ និងមិត្តភក្តិ ដោយសារតែការងារនេះ ត្រូវបានគេគិតថាជាជំនាញរបស់ស្ដ្រី ប៉ុន្ដែលោក ឆូយ មិនយកចិត្តទុកដាក់ពីពាក្យសម្ដីរបស់គេឡើយ សំខាន់ខ្លួនបានរៀនជំនាញ ដែលស្រឡាញ់ រកប្រាក់ចំណូលបាន ជួយខ្លួនឯង និងមិនគិតថាវាជាជំនាញសម្រាប់មនុស្សស្រីរឺប្រុស នោះទេ។
យុវជនជនជាតិដើមភាគតិចទំពួន លោក រម៉ាម ឆូយ បានឈប់រៀនតាំងពីថា្នក់ទី៤ ដោយសារតែការទទួលមរណភាពរបស់ឪពុក ធ្វើឲ្យគ្មានអ្នកជួយការងារម្ដាយរបស់ខ្លួន។ បន្ទាប់ពីបានឈប់រៀនយុវជនរូបនេះ ធ្វើស្រែចំការ នៅក្នុងភូមិស្រុកដែលខ្លួនរស់នៅ ដើម្បីជួយក្រុមគ្រួសារ។
លោក ឆូយ បានដឹងដំណឹង អំពីការរៀនជំនាញតាមររយៈមេភូមិ ដោយមានបុគ្គលិក «សមាគមគ្រួសារយើង» មកផ្សព្វផ្សាយជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ។ រម៉ាម ឆូយ បានសម្រេចចិត្តរៀនជំនាញ«កាត់ដេរ» ដោយព្រោះតែស្រឡាញ់ និងចង់ក្លាយជា មេជាងកាត់ដេរ។
យុវជនវ័យ២៨ឆ្នាំរូបនេះ បានប្រាប់ថា ការរៀនជំនាញកាត់ដេរនេះ ធ្វើឲ្យអ្នកភូមិ និងមិត្តភក្តិ ស្ដីបន្ទោសថាហេតុអ្វីមិនរៀនជួសជុលម៉ូតូ ម៉ាស៊ីខ្នាតតូច និង គោយន្ត ដោយសារតែពួកគេគិតថា ជំនាញកាត់ដេរ ជាជំនាញរបស់មនុស្ស ស្រី។
ទោះជាយ៉ាងណាក្ដី លោក ឆូយ មិនយកចិត្តទុកដាក់ពីពាក្យសម្ដីទាំងនេះឡើយ សំខាន់ខ្លួនបានរៀនជំនាញ ដែលស្រឡាញ់ រកប្រាក់ចំណូលបាន ជួយខ្លួនឯង និងមិនគិតថាវាជាជំនាញសម្រាប់មនុស្សស្រីរឺប្រុស នោះទេ។
យុវជនរូបនេះ បានបន្ដថា នៅពេលចូលរៀនដំបូង មានការលំបាកទៅលើការស្នាក់នៅ ហូបចុក និងការនិយាយភាសាខ្មែរអត់សូវច្បាស់ ជាមួយមេជាង។ បន្ថែមពីនេះ ពិបាកក្នុងការធ្វើដំណើរទៅមកលេងផ្ទះ ដោយសារឆ្ងាយ និងមិនសូវបានជួយធ្វើការងារម្ដាយ។ ការលំបាកទាំងអស់នេះ ធ្វើឲ្យមានចិត្តចង់ឈប់ម្តងៗដែរ។ ប៉ុន្តែលោកគ្រូបានណែនាំ និងលើកទឹកចិត្តឲ្យតស៊ូ និងមានការជួយគាំទ្រពីគម្រោង ទើបធ្វើឲ្យអាចបន្ដការសិក្សា រហូតដល់បានបញ្ចប់ការសិក្សាដោយជោគជ័យ។
លោក ឆូយ បានឲ្យដឹងថា ៖ «បន្ទាប់ពីបានរៀនចប់ ធ្វើការអោយមេជាងដែលអាចទទួលបានប្រាក់ខែ ក្នុងមួយខែ៦០ម៉ឺន ទៅ៧០ម៉ឺន។ បន្ទាប់ពីធ្វើការបានប្រមាណជាបួនឆ្នាំ ក៏យកប្រាក់ដែលសន្សំបាន មកធ្វើជាទុន ក្នុងការបើកកន្លែងកាត់ដេរខ្លួនឯង។ បន្ទាប់ពីបានបើកកន្លែងដោយខ្លួនឯង អាចរកចំណូលបានប្រមាណជា៥ម៉ឺនរៀល ក្នុងមួយថ្ងៃ»។
យុវជនមកពីខេត្តរតនគិរីរូបនេះ បន្តថា តាមរយៈការងារសព្វថ្ងៃនេះ ធ្វើឲ្យខ្លួនបានរស់នៅជិតផ្ទះ ជិតម្ដាយ និងបានជួយធ្វើការងារចំការខ្លះ។ ជាពិសេស គឺម្ចាស់ការលើខ្លួនឯង ការរកស៊ីចំណេញរឺខាតស្ថិតនៅលើខ្លួនឯង។ តាមរយៈការងារនេះដែរ វាបានជួយអោយខ្លួនមានចំណូល យកជួយម្ដាយ ក្រុមគ្រួសារទិញម្ហូបអារហារ ហើយអាចរកចំណូលបានតិចតួច ជួលគេជួយធ្វើស្រែចំការ។ ការងារកាត់ដេរ ធ្វើអោយខ្លួនមានមោទនភាពខ្លួនឯង ដែលអាចរកលុយបាន មានមិត្តភក្តិ និងត្រូវបានគេគោរពស្រឡាញ់ផងដែរ៕