បូហ្គដាន ខ្មេលនីតស្គី អ្នកបង្កើតរដ្ឋកូសាកអ៊ុយក្រែនដំបូង
បូហ្គដាន ខ្មេលនីតស្គី គឺជាសមាជិកនៃកុលសម្ព័ន្ធអាបដាន។ លោកកើតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ១៥៩៥។ លោកគឺជាមេបញ្ជាការយោធា និងនយោបាយ នៃប្រជាជនកូសាកនៃអ៊ុយក្រែន។ បូហ្គដាន ខ្មេលនីតស្គី បានក្លាយមនុស្សល្បីល្បាញ ដែលជានិមិត្តរូបនៃការតស៊ូរបស់ប្រជាជនកូសាក និងជាវរជនរបស់អ៊ុយក្រែន។
លោកមានប្រភពកំណើតពីគ្រួសារដែលមានឋានៈខ្ពង់ខ្ពស់។ លោកមានស្រុកកំណើតនៅភាគកណ្តាលប្រទេសអ៊ុយក្រែន នៅទីក្រុងទឈីហ៊ីរីន ខេត្តទឈែកាស៊ី។
នៅឆ្នាំ១៦២០ បូហ្គដាន ខ្មេលនីតស្គី បានចូលរួមនៅក្នុងសមរភូមិ សឺកូរ៉ា ប្រឆាំងនឹងទាហាននៃចក្រភពអូតូម៉ង់។ នៅឆ្នាំ១៦៣៧ បូហ្គដាន ខ្មេលនីតស្គី បានក្លាយជាអគ្គលេខាយោធានៃក្រុមកូសាក បន្ទាប់មកលោកក្លាយជាមេបញ្ជាការនៃកងពលសូតនីញ៉ាកូសាក។ នៅពេលដែលជម្លោះផ្ទាល់ខ្លួនបានធ្វើឲ្យគាត់ប្រឈមមុខនឹងដានីញ៉ែល ហ្ស៉ាប្ល៊ីនស្គី ជាអភិបាលខេត្តមួយរូប បូហ្គដាន ខ្មេលនីតស្គីព្យាយាមដោះស្រាយជម្លោះតាមរយៈការចូលរួមជួយរបស់មន្ត្រីផ្សេងៗ ហើយលោកបានចូលទៅជួបព្រះមហាក្សត្រឡាឌីស្ល៉ា ទី៤ វ៉ាសា ជាក្សត្រនៃប្រជាជាតិ ២ ប៉ូឡូញ និងលីទុយអានី នៅឆ្នាំ១៦៤៦ ឲ្យជួយដោះស្រាយ។ ប៉ុន្តែជម្លោះនោះបន្ត និងកាន់តែធ្ងន់ធ្ងរ ដានីញ៉ែល ហ្ស៉ាប្ល៊ីនស្គី បានបង្ខំឲ្យលោក និងគ្រួសារចាកចេញពីផ្ទះ។ នៅឆ្នាំ១៦៤៧ លោកកាន់តែខិតជិតស្និទ្ធនឹងរុស្ស៊ី និងក្រុមកូសាកហ្ស៉ាប៉ូរ៉ូហ្គ។ បូហ្គដាន ខ្មេលនីតស្គី បានសម្រេចចិត្តធ្វើការសងសឹក ហើយបានភៀសខ្លួនទៅកាន់តំបន់ក្រុមកូសាកហ្ស៉ាប៉ូរូហ្គ ដែលគាត់ក្លាយជាមេបញ្ជាការយោធានៅឆ្នាំ១៦៤៨ និងដោយមានជំនួយពីជនជាតិតាតាកនៃអាណាចក្រគ្រីមៀផង។
បូហ្គដាន ខ្មេលនីតស្គី បានលើកទឹកចិត្តដល់កសិករអ៊ុយក្រែនសាសនិកគ្រិស្តសាសនានិកាយ អ័រតូដុក ឲ្យបះបោរដើម្បីពួកគេមានក្តីសង្ឃឹមថានឹងរួចផុតពីការគ្រប់គ្រងរបស់អភិជនប៉ូឡូញ ដែលមានអ្នកគ្រប់គ្រងជាច្រើនជាជនជាតិយូដា។ អ៊ុយក្រែនបានធ្វើការបះបោរជាច្រើនដងហើយ ប៉ុន្តែលើកនេះ វាបានក្លាយជាសង្រ្គាមរំដោះជាតិដោយសារហេតុផលនៃបញ្ហាសាសនា សង្គម ជនជាតិ និងជាតិ ដែលចេះតែពូនគរឡើងនៅលើទឹកដីអ៊ុយក្រែន។
បូហ្គដាន ខ្មេលនីតស្គី បំបះបំបោរអ៊ុយក្រែនទាំងមូល និងប្រមូលផ្តុំនៅជុំវិញរូបលោកបានយោធាមួយដែលមានទាហានជាង ៨០០០០នាក់។ បូហ្គដាន ខ្មេលនីតស្គី បានឈ្នះកងទ័ពប៉ូឡូញជាច្រើនដង ដែលដឹកនាំដោយព្រះអង្គម្ចាស់ ជេរ៉េមី វីស្នីញ៉ូវីគី ដែលជាអ្នកកាន់តំណែងជាអភិបាលនៃអ៊ុយក្រែន។ នៅដំណាក់កាលដំបូងនៃសង្គ្រាមនេះ វាត្រូវបានបញ្ចប់ដោយកិច្ចព្រមព្រៀងស្បូរីវ Zboriv និងការបង្កើតរដ្ឋដែលគ្រប់គ្រងដោយមេបញ្ជាការ Hetmanat កូសាក។ ប៉ុន្តែការប្រយុទ្ធបានចាប់ផ្តើមឡើងវិញយ៉ាងឆាប់រហ័សនាពេលបន្ទាប់មក។ សមរភូមិនៅប៉ុន្មានឆ្នាំក្រោយមកមិនមានផ្តល់ផលអនុគ្រោះនោះទេសម្រាប់ក្រុមកូសាកអ៊ុយក្រែន និងបានកាត់បន្ថយសារប្រយោជន៍ដែលក្រុមកូសាកអ៊ុយក្រែនទទួលបានពីកិច្ចព្រមព្រៀង ស្បូរីវជាច្រើន។
បន្ទាប់មកបូហ្គដាន ខ្មេលនីតស្គី បានបង្វែរទៅរាប់រកស្តេចត្សា អាឡិចស៊ីស ទី១ (Tsar Alexis I) នៃរុស្ស៊ី ដែលបានបញ្ចុះបញ្ចូលដោយមិនងាយស្រួលឲ្យកូសាកអ៊ុយក្រែន ដាក់ខ្លួនក្រោមការការពាររបស់ស្តេចត្សារ៍ រុស្ស៊ី។
ប៉ុន្តែរុស្ស៊ីបានកាន់កាប់អំណាចលើរដ្ឋកូសាកអ៊ុយក្រែនកាន់តែច្រើនខ្លាំងឡើង ដែលធ្វើឲ្យ បូហ្គដាន ខ្មេលនីតស្គី បង្វែរទៅរកចងសម្ព័ន្ធភាពជាមួយអំណាចមួយផ្សេងទៀត គឺស៊ុយអែត។ ទោះជាយ៉ាងណា ការចរចាចងសម្ព័ន្ធភាពនេះមិនទទួលបានលទ្ធផលទេ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៦៥៧ បូហ្គដាន ខ្មេលនីតស្គី ត្រូវបានវាយប្រហារដោយជំងឺហូរឈាមខួរក្បាល ដែលធ្វើឲ្យលោកមានពិការភាព។ លោកក៏បានទទួលមរណភាពនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំនោះ។