សិស្ស និស្សិត គាំទ្រការមិនប្រឡងបាក់ឌុប
ក្រោយពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីម្សិលមិញ សម្រេចឱ្យសិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបនាពេលឆាប់ៗនេះ មិនប្រឡងវិញនោះ សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាលផ្ទាល់ខ្លួន ពួកគេ អបអរសារទនិងការសម្រេចនេះ។
សិស្សានុសិស្សជាច្រើននិយាយថា បើទោះបីជាក្រសួង អប់រំ យុវជន និងកីឡា បានបង្កើតការអប់រំ និងបង្រៀនសិស្សតាមប្រព័ន្ធអេឡិចត្រូនិច ឬហៅថា e-learning នៅលើគេហទំព័រផ្លូវការរបស់ក្រសួង ដើម្បីសិស្ស និស្សិតទាំងអស់ អាចសិក្សាដោយខ្លួនឯង និងមានភាពងាយស្រួល ក៏សិស្សានុសិស្សមិនសូវបានសិក្សាជាប់លាប់នោះដែរ ដោយកត្តារួមផ្សំជាច្រើន។
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការប្រកាសដាក់ចេញអោយសិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់សិស្សានុសិស្ស នៅក្រៅសាលា ក្នុងបំណងលើកទឹកចិត្តដល់យុវជន អាចរៀនសូត្របានពីជំនាញ មេរៀន ដែលប្រទេសកម្ពុជាកំពុងត្រូវការជាចាំបាច់។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារុន សង្កត់ធ្ងន់លើកត្តាអប់រំ ដែលទីផ្សារការងារកំពុងត្រូវការជាខ្លាំង។ លោកបណ្ឌិត បញ្ជាក់ថា ក្រសួងកំពុងតែដោះស្រាយបញ្ហានេះ តាមរយៈកំណែទម្រង់ ទាំងកម្មវិធីសិក្សា និងធនធានមនុស្ស ព្រមទាំងទំនើបកម្មនៃការសិក្សា។
ពាក់ព័ន្ធនឹងបញ្ហានេះ និស្សិតសិក្សានៅសកលវិទ្យាល័យ លោក សីលា កុសល គាំទ្រនូវកម្មវិធីនេះ តែលោកក៏ជំរុញអោយក្រសួងសិក្សាអោយលំអិត ពីកម្មវិធីសិក្សា ផលប៉ះពាល់ ជំនាញ និងចំណេះដឹង របស់យុវជននៅក្រៅសាលា អោយបានច្បាស់ជាមុនសិន មិនមែនត្រឹមតែដាក់កម្មវិធី និងធ្វើការផ្សាយផ្ទាល់នោះទេ។
លោក សីលា កុសល បាននិយាយថា «យុវជននៅក្រៅសាលាយើងដឹងហើយថា តើគាត់ប្រើប្រាស់ពេលរៀនដែលឬក៏អត់។ ម្យ៉ាងទៀត ទាក់ទងនឹងសមត្ថភាព ចំណេះដឹង ក្នុងការចាប់យកការសិក្សាអនឡាញនោះឬអ់ត ចំណុចទាំងនេះសុទ្ធតែត្រូវសិក្សា មុនពេលយើងបង្កើតកម្មវិធីភ្លាមៗ»។
លោក សីលា កុសល បន្តថា ការសម្រេចមិនមានការប្រឡងក៏ជាការល្អ រួមនឹងបរិស្ថាននៃស្ថានភាពកូវីដ១៩ មិនទាន់ស្រាកស្រាន្ត តែក៏ជាបន្ទុកសិស្សថ្នាក់ទី១២ ដែលនឹងត្រូវចូលសិក្សាសកលវិទ្យាល័យនៅពេលខាងមុខ ដោយសារតែកត្តាគុណភាព។
ចំណែកយុវជនម្នាក់ទៀត កញ្ញា ច្រឹក មិថុនា ជានិស្សិតនៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បាននិយាយថា ការយកចិត្តទុកដាក់លើយុវជននៅខាងក្រៅសាលានាពេលនេះ ជារឿងសំខាន់។ កញ្ញា បានស្នើដល់ក្រសួងអោយអប់រំ ដល់យុវជននៅតាមបណ្តាខេត្ត តំបន់ជនបទដាច់ស្រយាល បង្កើនគុណភាព និងអោយមានប្រសិទ្ធិភាព កាន់តែខ្លាំងនៅពេលសិស្សានុសិស្សចូលសិក្សាថ្នាក់ឧត្តមនៅពេលបន្តិចទៀត។
កញ្ញា ច្រឹក មិថុនា បានព្រលយថា «ការសិក្សាតាមប្រព័ន្ធអនឡាញនេះ ក៏ផ្តល់គុណសម្បតិ្ត និងគុណវិបត្តិ។ គុណសម្បត្តិគឺសម្រាប់អ្នកនៅទីក្រុង គាត់អាចចេះបច្ចេកវិទ្យា មានអ៊ីនធឺណែតគ្រប់គ្រាន់ ចំណែកអ្នកនៅជនបទវិញ ប្រព័ន្ធបច្ចេកវិទ្យានេះមិនទាន់ទូលំទូលាយនោះទេ ដូច្នេះការមិនប្រឡងក៏ជាកត្តាម្យ៉ាងជួយលើកទឹកចិត្តសិស្សានុសិស្ស អោយខិតខំបន្ត ដោយឡែកប្អូនៗត្រូវបង្កើនការសិក្សាបន្ថែមដើម្បីចូលថ្នាក់ឧត្តម»។
រដ្ឋមន្ត្រីក្រសួងអប់រំ នៅមិនទាន់បញ្ជាក់ច្បាស់ពីតួរលេខច្បាស់លាស់ណាមួយ នូវចំនួន សិស្ស ដែលសិក្សានៅតាមបណ្តាផ្ទះ តាមប្រព័ន្ធអនឡាញនោះមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណានោះទេ ហើយក៏មិនទាន់បញ្ជាក់ច្បាស់ថាការឱ្យសិស្សានុសិស្សជាប់ប៉ុន្មានភាគរយនៃឆ្នាំសិក្សា ២០១៩-២០២០៕