យុវជនហាត់ល្ខោនស្បែកធំ ដោយមិនគិតលើកម្រៃ តែព្រោះតែស្រឡាញ់

ការសម្តែងល្ខោនស្រមោលស្បែកធំ។

វិស័យសិល្បៈវប្បធម៌ខ្មែរ ល្ខោនស្បែកធំសម្រាប់ឱកាសនៃការគម្រប់ខួបទី១៥ឆ្នាំ នៃការដាក់បញ្ជូលល្ខោនស្បែកធំចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ២៥ ខែវិច្ឆិកា នេះ យុវជនដែលទទួលបានការបណ្តុះបណ្តាល ជំនាញល្ខោនស្បែកធំក្នុងរយៈពេលជិត១០ឆ្នាំមកនេះ លើកឡើងថាខ្លួនហាត់របាំនេះ ដោយសារចិត្តស្រឡាញ់សម្បត្តិវប្បធម៌ជាតិ និងមិនដែលគិតថារកប្រាក់ចំណូលពីល្ខោននេះនោះទេ។

យុវជនដែលទទួលបានការបណ្តុះបណ្តាលនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានលើកឡើងថា ក្នុងឱកាសនៃខួប១៥ឆ្នាំនៃល្ខោនស្បែកធំចូលក្នុងបញ្ជី បេតិកភណ្ ឌពិភពលោកនេះ ថាខ្លួនហ្វឹកហាត់ល្ខោននេះ ចេញពីចិត្តស្រឡាញ់ និងមិនដែលគិតថារកប្រាក់ចំណូលពីល្ខោននេះនោះទេ ព្រោះពួកគេមើលឃើញថា ល្ខោនស្រមោលស្បែកធំ ពុំសូវទទួលបានការអញ្ជើញសម្តែងដូចល្ខោន ឬរបាំផ្សេងៗនោះទេ​។

លោក សំ តុលា ជាអ្នកសិល្បៈករជំនាញល្ខោនស្រមោលស្បែកធំ​ បានលើកឡើងថា ៖«ខ្ញុំនិយាយចេញពីចិត្ត ខ្ញុំមិនដែលគិតពីលុយកាក់នោះទេ ព្រោះណាមួយគ្រូក៏បានប្រាប់ដែរថា បើសិនជាយើងចង់ធ្វើសិល្បៈ បើយើងចង់មានកុំមកសិល្បៈ។ ចិត្តខ្ញុំគិតបែបនេះ ខ្ញុំធ្វើនេះគឺចេញពីចិត្ត មិនមែនយើងស្រឡាញ់តែមាត់»។

ចំណែកសិល្បៈករមួយរូបទៀត លោក សុចិត្រ បុតា បានឱ្យដឹងថា ៖«ការហាត់រៀនរបាំនេះដោយសារចិត្តស្រឡាញ់ ល្ខោនស្បែកមិនសូវមានទីផ្សារនោះទេ ល្ខោនស្បែកមានតែក្នុងកម្មវិធីធំៗ លុះត្រាតែមេដឹកនាំធំៗចង់បាន ទៅសម្តែង»។

ក្រោយរយៈពេល១៥ឆ្នាំនៃល្ខោនស្រមោលស្បែកធំត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក លោក ម៉ាន កុសល ជាសាស្ត្រាចារ្យលោ្ខនស្រមោលស្បែកធំ បានលើកឡើងផងដែរថា ការផ្សព្វផ្សាយនិងការចាប់អារម្មណ៍របស់សិស្សក្នុងការហ្វឹកហាត់គឺមានភាពប្រសើរជាងមុន។ សម្រាប់ក្រុមធំដើម្បីសម្តែងតែម្តង នៅមានចំនួនតិចតួចនៅឡើយ។

លោក ម៉ាន កុសល បានឱ្យដឹងថា ៖«តុល្យភាពនៃរយៈពេល១៥ឆ្នាំនេះ យើងឃើញថាការផ្សព្វផ្សាយ ឱ្យមានភាពទូលំទូលាយ មានកម្រិតមួយខ្ពស់ជាងមុន។​ បច្ចុប្បន្ននេះអ្វីដែលយើងបាននោះគឺយើងមានសិស្សច្រើនជាងមុន កាលពីមុនសិស្សានុសិស្សមិនសូវចាប់អារម្មណ៍នោះទេ ព្រោះស្បែកនេះត្រូវចំណាយលុយច្រើនណាស់ ដើម្បីផលិត»។

ថ្ងៃទី២៥ ខែវិច្ឆិកា ដែលជាថ្ងៃគម្រប់ខួប១៥ឆ្នាំនៃការចុះក្នុងបញ្ជីអរូបីរបស់អង្គការយូណេស្កូ គឺមិនមានការសម្តែងល្ខោនស្រមោលស្បែកធំ ផ្ទាល់នោះទេ ដោយសារតែជំងឺកូវីដ១៩ បើទោះបីជាមិនមានការសម្តែងផ្ទាល់ក្តី តែក្រសួងវប្បធម៌និងវិចិត្រសីល្បៈ ក៏បានរៀបចំថតការសម្តែងល្ខោនស្រមោលស្បែកធំ ហើយនឹងមានការចាក់ផ្សាយ ក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងផ្ទាល់៕

Daily Program

Livesteam thumbnail