យុវជនម្នាក់អាចរកចំណូលបានប្រមាណ ៥ពាន់ដុល្លារ ក្នុង១ខែ ពីការចិញ្ចឹមឃ្មុំ

យុវជនជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំក្នុងស្រុកបន្ទាយស្រី។

កសិកម្មនៅតែជាវិស័យមួយ ដែលជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យមានភាពល្អប្រសើរតាមរយៈការចិញ្ចឹមសត្វ ការដាំដំណាំគ្រប់ប្រភេទ បើទោះបីជាប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពនៃការរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ក៏ដោយ។

ជាក់ស្តែងមួយរយៈចុងក្រោយនេះ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប យើងសង្កេតឃើញថា វិស័យកសិកម្មមានសន្ទុះកើនឡើង ជាពិសេសការដាំបន្លែ និងការចិញ្ចឹមសត្វ។ ពាក់ព័ន្ធនឹងវិស័យកសិកម្មនេះដែរ យុវជនម្នាក់បានចាប់របរចិញ្ចឹមឃ្មុំដោយទទួលបានប្រាក់ចំណូលប្រចាំខែខ្ពស់។ លោក លី ហួរ ជាប្រជាពលរដ្ឋម្នាក់នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា លោកបានចិញ្ចឹមឃ្មុំជាមួយអ៊ំរបស់លោកនៅខេត្តរតនគិរី រយៈចំនួន៤ឆ្នាំមកហើយ។ បន្ទាប់ពីទទួលបានជំនាញច្បាស់លាស់ពីការចិញ្ចឹមឃ្មុំនេះ លោកបានសម្រេចចិត្តមកចិញ្ចឹមនៅស្រុកកំណើតរបស់លោកវិញជាមួយនឹងធុងសម្រាប់ចិញ្ចឹមឃ្មុំចំនួន ១០០ សម្រាប់ជំហានដំបូង។

លោកបានបន្តថា ការចិញ្ចឹមឃ្មុំនេះ គឺមានភាពងាយស្រួលជាងការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដោយការចិញ្ចឹមឃ្មុំនេះ ដំបូងត្រូវមានធុង បង្គង ក្រមួន និងមេឃ្មុំ ដែលទិញមកពីអ្នកចិញ្ចឹមមុនៗ។ លោកថា សម្រាប់ស្រុកបន្ទាយស្រីនេះ គឺជាទីតាំងល្អមួយក្នុងការចិញ្ចឹមឃ្មុំ ដោយសារទីនេះមានផ្កាព្រៃ និងផ្កាដែលគេដាំច្រើន ស្រួលដល់មេឃ្មុំទៅក្រេបយកលំអងមក។

លោក លី ហួរ ពន្យល់ថា ឃ្មុំដែលចិញ្ចឹមនេះ គឺទឹករបស់វាមានលក្ខណៈធម្មតាជាតិដូចឃ្មុំព្រៃដែរ ព្រោះមេឃ្មុំដែលលោកចិញ្ចឹមនេះវាចេញទៅក្រេបផ្កាព្រៃឬផ្កាដែលគេដាំយកមកដូចគ្នា ដោយពុំមានដាក់សារធាតុអ្វីផ្សេងទេ។ លោកបានបញ្ជាក់ថា សម្រាប់ការងារចិញ្ចឹមឃ្មុំរបស់លោកគឺមានការបែងចែងជាពីររដូវកាល គឺនៅរដូវប្រាំង ចាប់ពីខែមករាដល់ឧសភា គឺលោកចិញ្ចឹមឃ្មុំយកទឹក ចាប់ពីខែមិថុនា ដល់ខែកញ្ញា គឺលោកចិញ្ចឹមឃ្មុំយកកូនលក់វិញ។ ហើយសម្រាប់ផលិតផលដែលទទួលបានសម្រាប់ឃ្មុំចំនួន ១០០ធុងនេះ ក្នុង១ខែលោកអាចប្រមូលទឹកបានចំនួន៣ដងក្នុងមួយដងបាន ១៥កាន ស្មើនឹង៤៥០លីត្រ ហើយតម្លៃនៃការលក់ចេញទៅកាន់ទីផ្សារក្នុងមួយលីត្រ១០ម៉ឺនរៀល ប៉ុន្តែសម្រាប់តម្លៃនៃការលក់ដុំគឺមានតម្លៃផ្សេងទៅតាមការចរចាគ្នា។ ដូច្នេះក្នុងមួយខែ លោកអាចរកប្រាក់ចំណេញពីការលក់ទឹកឃ្មុំទៅឱ្យអ្នកលក់ដុំបានជាង ៥ពាន់ដុល្លារ។

ទៅថ្ងៃអនាគត លោកមានគម្រោងដាក់ធុងចិញ្ចឹមឃ្មុំនេះឱ្យបានច្រើន និងរៀបចំកន្លែងចិញ្ចឹមឃ្មុំនេះ ដើម្បីអាចឱ្យភ្ញៀវទេសចរចូលទស្សនាឈ្វេងយល់ពីរបៀបនៃការចិញ្ចឹមឃ្មុំ ហើយនឹងអាចក្លាយជាផលិតផលទេសចរណ៍មួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅខេត្តសៀមរាបបានយូរ និងទាញយកចំណូល ពីវិស័យទេសចរណ៍សម្រាប់ប្រជាពលរដ្ឋនៅជនបទដោយផ្ទាល់៕

Daily Program

Livesteam thumbnail