យុវជនមួយក្រុមទទួលជ័យលេភី កម្មវិធី អាជីវកម្មខ្ញុំ ពីក្រសួងអប់រំ
ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលនៃកម្មវិធី អាជីវកម្មខ្ញុំ ដែលក្នុងនោះមានបណ្តាក្រុមយុវជនជាច្រើនមកពីសកលវិទ្យាល័យនានា បានដាក់ពាក្យចូលរួមប្រកួត។ សម្រាប់ជ័យលេភីលេខមួយ បានទៅលើក្រុមយុវជនមកពីសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលបានកែច្នៃផលិតផលធម្មជាតិ ដែលបានដាំដុះនៅក្នុងប្រទេសកម្ពុជា ទៅជាសាប៊ូ។
សាប៊ូមានច្រើនប្រភេទណាស់ មានសាប៊ូទឹក សាប៊ូម្ស៉ៅ សាប៊ូដុំជាដើម។ ដោយឡែកសាប៊ូលាងចាន ក៏មានច្រើនប្រភេទច្រើនម៉ាក ទាំងផលិតផលក្នុងស្រុក និងក្រៅស្រុក តួរយ៉ាងជ័យលេភីលេខមួយនេះ គឺការកែច្នៃស្លឹកគរ ទៅជាសាប៊ូលាងចាន។
កញ្ញា ខេង ឡាដា ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង ៦នាក់ របស់ក្រុមសាប៊ូលាងចានស្លឹកគ បានបង្ហាញក្ដីរំភើប ចំពោះលទ្ធផលដែលទទួលបាននេះ។ តំណាងក្រុមជ័យលាភីរូបនេះ បានរៀបរាប់ប្រាប់ ថា ៖«ខ្ញុំមិននឹកស្មានថា ក្រុមខ្ញុំបានជាប់លេខមួយអីចឹងទេ ក្រោយប្រកាសលទ្ធផលខ្ញុំរំភើបមែនទែន ព្រោះត្រូវប្រកួតប្រជែងច្រើនក្រុមនិងត្រូវជម្រុះរហូត ៣វគ្គ»។
មានសមាជិក ៦នាក់ ដែលក្នុងនោះ៤នាក់ ជានិស្សិតជំនាញវិស្វកម្មជីវសាស្រ្ត នៃសាកលភូមិន្ទភ្នំពេញ និង២នាក់ជានិស្សិតនៃវិទ្យាស្ថានភាសារទេស។ ពួកគេបានចំណាយពេលប្រមាណ៣ខែ ដើម្បីស្រាវជ្រាវ និងសាកល្បងធ្វើសាប៊ូលាងចាននេះ។
ការសម្រេចបង្កើតក្រុមស្រាវជ្រាវ ផលិតសាប៊ូលាងចានស្លឹកគនេះឡើង ដោយសារក្រុមនាងមើលឃើញ ពីអត្ថប្រយោជន៍របស់ស្លឹកគ និងឮការរអ៊ូរទាំងរបស់សមាជិកក្រុម ពីកង្វះខាតរបស់សាប៊ូលាងចាន។ មានវ័យ២១ឆ្នាំ កញ្ញាកែម ថា បន្តដូច្នេះ ៖«យើងធ្លាប់យកស្លឹកគមកកក់សក់ ហើយពេលហ្នឹងសមាជិកក្រុមខ្ញុំត្អូញត្អែរនឹងកង្វះខាតរបស់សាប៊ូលាងចាន»។ នេះបើតាមការបញ្ជាក់របស់ កញ្ញា ខេន ឡាដា។
បច្ចុប្បន្នផលិតសាប៊ូលាងចានច្នៃពីស្លឹកគនេះ មានលក់នៅលើទីផ្សារខ្លះហើយ ហើយក្រុមរបស់នាងមានគម្រោងផលិតសាប៊ូលាងចានបន្ថែមទៀត។ ប៉ុន្តែដំណើរការផលិត ក៏មានផលលំបាកខ្លះដែរ ដោយសារវត្ថុធាតុដើមមិនសូវសម្បូរ។
រៀបចំឡើងជាផ្នែកមួយនៃតាមកំណែទម្រង់ការអភិវឌ្ឍយុវជន របស់ក្រសួងអប់រំ ស្របទៅតាមការវិវត្តរបស់ពិភពលោក និងតម្រូវការជាក់ស្ដែងក្នុងសង្គមកម្ពុជា។ ទន្ទឹមននឹងនេះ ក្រសួងអប់រំ ក៏ចង់លើកកម្ពស់តួនាទីសហគ្រិនវ័យក្មេង នៅកម្ពុជាដែរ។
ជ័យលេភីនៃការប្រកួតនេះ ក៏ជាសញ្ញាបញ្ជាក់ប្រាប់ដល់យុវជន ដែលជាសិស្ស និស្សិត ដែលកំពុងតែជ្រើសរើសមហាវិទ្យាល័យដើម្បីសិក្សា។ ការកែច្នៃទាំងនេះ កើតចេញពីការសិក្សាជំនាញបច្ចេកទេស ដែលស្របនឹងទីផ្សារការងារនៅពេលបច្ចុប្បន្ន ដែលកំពុងត្រូវការធនធានមនុស្ស។
ពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃការជ្រើសរើសមុខវិជ្ជា វិជ្ជាជីវហាក់មានកំណើនតិចតួចបំផុត។ការសិក្សាសព្វថ្ងៃនេះមានពីរសម្រាប់ជ្រើសរើស ជាជំនាញមាន ការសិក្សាចំណេះដឹងទូទៅ និងការសិក្សាជំនាញបច្ចេកទេស។ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំមាននិស្សិតកម្ពុជា ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅតែប្រឈមនឹងភាពអត់ការងារធ្វើ។ បញ្ហានេះ បណ្ដាលមកពីនិស្សិតភាគច្រើននាំគ្នារៀនតែមុខជំនាញសេដ្ឋកិច្ច និងធុរកិច្ច មិនសូវចាប់អារម្មណ៍រៀនជំនាញបច្ចេកទេសដូចជាមុខជំនាញកសិកម្ម សំណង់ និងជាងម៉ាស៊ីនជាដើម។
ក្នុងចំណោមគោលដៅ ១៧ចំណុចរបស់អង្គការសហប្រជាជាតិ ដែលបានដាក់ជូនរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឆ្នាំ២០១៦-២០៣០ ខាងមុខ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែលើកកម្ពស់វិស័យកសិកម្មឲ្យមាននិរន្តរភាព តាមរយៈការផ្ដល់ជំនាញបច្ចេកទេសដល់ធនធានមនុស្សជំនាន់ក្រោយ ធ្វើយ៉ាងណាឈានទៅបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លាន ដើម្បីធានាសម្រេចឲ្យបាននូវសន្តិសុខស្បៀងនៅកម្ពុជា៕