យុវជនភ្នំពេញ នឹងចូលរួមសង្ក្រានវត្តភ្នំក្នុងឆ្នាំនេះ
នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សង្ក្រានឆ្នាំថ្មី ឆ្នាំខាល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅវេលាម៉ោង១០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។ ភ្នំពេញជាបេះដូងកម្ពុជា នឹងមានការរៀបចំសង្ក្រានវត្តភ្នំ ជាទីតាំងប្រវត្តិសាស្រ្ត ដើម្បីបង្កើតឱកាសសប្បាយរីករាយ ចំពោះប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលមិនបានទៅកាន់ស្រុកកំណើត។
យុវវ័យ ប្រជាពលរដ្ឋ ដែលមិនបានទៅកាន់ស្រុកកំណើត ឬគ្មានស្រុកកំណើត និងមិនចង់ធ្វើដំណើរកម្សាន្តនៅទីឆ្ងាយៗនោះ នឹងនាំគ្នាទៅទស្សនា បន់ស្រន់ លេងល្បែងប្រជាប្រិយ និងទស្សនាពិណ៌នានា ដែលរាជធានីភ្នំពេញនឹងធ្វើឡើងនៅឱកាសចូលឆ្នាំថ្មីខាងមុននោះ។ យុវវ័យបានបង្ហាញក្តីរីករាយ និងទទ្ទឹងរងចាំថ្ងៃចូលឆ្នាំថ្មីមកដល់។
កញ្ញា នូត ស្រីនាង ជានិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង និងមិនធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តបានថ្លែងថា ៖«គ្រាន់តែនឹកឃើញដល់គឺសប្បាយតែម្តង ព្រោះយើងខានចូលឆ្នាំថ្មី២ឆ្នាំមកហើយ នៅពេលយើងកើតជំងឺកូវីដ១៩មកដល់ វាខកខានពីរឆ្នាំ ដូច្នេះសង្ឃឹមថា វារឹតតែសប្បាយទៀត។ ចាស់មិនមែនមានតែខ្ញុំនឹងចូលរួមទេ នឹងមានបងៗប្អូនៗដ៏ទៃទៀតចូលរួមច្រើន»។
និស្សិតឆ្នាំទី៤រូបនេះ បន្ថែមថា ការចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងបានខកខានរយៈពេល២ឆ្នាំ យើងសង្ឃឹមថាការវិលត្រឡប់មកវិញនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង នឹងនៅតែដូចដើម ហើយរឹតតែសប្បាយជាងៗរាល់ឆ្នាំទៅទៀត។
កញ្ញា ហ៊ុន ម៉ូលីវ៉ាន់ អាយុ២៤ឆ្នាំ ថ្លែងថា ៖«ប្រសិនបើយើងមិនទៅណាទេ យើងមកលេងវត្តភ្នំ។ សង្ក្រានវត្តភ្នំម្យ៉ាងដែរ សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញយើង ឬក៏នៅជិតៗយើងដូចជាខេត្តកណ្តាល»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្តី បានថ្លែងថា នៅក្នុងឆ្នាំនេះសាលារាជធានីភ្នំពេញ បានប្រកាសអោយបណ្តាអាជីវកម្ម រមណីយដ្ឋានទេសចរណ៍ និងវត្តអារាមនានា រៀបចំពីធីសង្ក្រាន បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដូចដើមឡើងវិញ។
អ្នកនាំពាក្យ បន្ថែមថា គោលដៅទេសចរណ៍ដែលរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងអនុញ្ញាត្តអោយមានការលេងល្បែងប្រជាប្រិយ ធំជាងគេគឺនៅរមណីយដ្ឋានវត្តភ្នំ បន្ទាប់មកនៅវិមានឈ្នះឈ្នះ នៅតាមសួនច្បារធំៗ និងនៅតាមបណ្តាទីវត្តអារាមនានា។
លោកម៉េត មាសភក្តី បន្តថា នៅថ្ងៃទី១នឹងរៀបចំពិធីបើកសង្ក្រានឆ្នាំថ្មី បន្ទាប់នាំគ្នាលេងល្បែងប្រជាប្រិយ ដូចជាវាយក្អម ចោលឈូង ទាញព្រ័ត្យ ការតាំងពិព័ណ៌ និងការប្រគុំតន្ត្រីរយៈពេលបីថ្ងៃនៅរមណីយដ្ឋានវត្តភ្នំ៕