យុវជនចាប់អារម្មណ៍ផ្សេងៗគ្នាលើបុណ្យគ្រីស្តស្មាក់ ឬបុណ្យព្រះយេស៊ូប្រសូត

ការតុបតែងអបអរសាទរបុណ្យគ្រីស្តស្មាក់ ឬបុណ្យព្រះយេស៊ូប្រសូត ក្នុងរាជធានីភ្នំពេញ។

បើទោះបី​ប្រជាជន​កម្ពុជា​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនាភាគច្រើន​ក្តី ប៉ុន្តែ​មាន​យុវជន​ជាច្រើន បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ណូអែល ឬ​គ្រី​ស្មាស់ ឬបុណ្យព្រះយេស៊ូប្រសូត ​យ៉ាង​អា​ធិ​ក​អធម​។ យុវជន​ខ្លះ យក​ឱកាស​នេះ ជូន​កាដូ​ដល់​មនុស្ស​ជាទី​ស្រឡាញ់ ដើរ​កម្សាន្ត រៀបចំ​កម្មវិធី​ជប់លៀង និង​មាន​យុវជន​ខ្លះ​មិន    ខ្វ​ល់​នឹង​ពិធីបុណ្យ​នេះឡើយ​។​

ទោះបីជាឆ្នាំ២០២០នេះ កម្ពុជាក៏ដូចជាពិភពលោកកំពុងទទួលរងការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី និងតម្រូវឱ្យផ្អាកការជួបជុំទ្រង់ទ្រាយធំនោះ ខណៈ​ពិធីបុណ្យ​គ្រី​ស្មាស់ ឬណូអែល ឬបុណ្យព្រះយេស៊ូប្រសូត កាន់​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅលើ​សាកលលោក យុវជន​ខ្មែរ  ឯណេះ​វិញ មិនបាន​ព្រងើយកន្តើយ​ឡើយ​។ ពួកគេ ចូលរួម​ពិធីបុណ្យ​ មួយ​នេះ បើទោះបី​យុវជន​មួយចំនួន បាន​យល់ច្បាស់​ពី​សាវតា​នៃ​បុណ្យ​នេះ​ក្តី និង​ខ្លះទៀត​ចូលរួម​ដោយ​មិន​យល់ដឹង​ក៏ដោយ​។       

យុវជន ហឿន ហាក់ បាន​ត្រៀម​កាដូ​ជូន​មិត្តភក្តិ សង្សារ និង​សាច់ញាតិ​ផងដែរ នៅ​ថ្ងៃបុណ្យ​គ្រី​ស្មាស់​នេះ​។ ក្រៅពី​ជូន​កាដូ ក​ម្លោះ​សង្ហារ​រូបនេះ គ្រោង​នាំ​សមាជិកគ្រួសារ​ទៅ​កម្សាន្ត​នៅ​រមណីដ្ឋាននានាក្នុងប្រទេសទៀតផង​។ ៖«​ខ្ញុំ​នឹង​ទិញ​ស្ករ​គ្រាប់ ជូន​មិត្ត​រួម​ថ្នាក់ កាមេរ៉ា​ជូន​សង្សារ និង​ខោអាវ​អា​ណូអែល ជូន​បងប្អូន និង​ឪពុកម្តាយ​នៅ​ស្រុក​»​។ នេះ​ជាការ​បញ្ជាក់​របស់ យុវជន ហឿន ហាក់។

ក្រៅពី​ការជូន​កាដូ និស្សិត​ឆ្នាំ​ទី​៤ ដែលមាន​វ័យ​២៣​ឆ្នាំ រូបនេះ ក៏មាន​គម្រោង​នាំ​មិត្តភក្តិ​ទៅ​ញ៉ាំ​អាហារ​ជុំគ្នា​ផងដែរ​។ លោក​ក៏​មិនបាន​ចាប់អារម្មណ៍​ពី​ប្រវត្តិ​នៃ​បុណ្យ​គ្រី​ស្មាស់​ឡើយ តែ​បុរស​ដើមកំណើត​នៅ​ខេត្តកំពង់ធំ​រូបនេះ បែរជា​គាំទ្រ​ឲ្យ​មានការ​បង្កើត​ពិធីបុណ្យ​គ្រី​ស្មាស់​នៅ​កម្ពុជា រៀងរាល់ឆ្នាំ​ទៀតផង​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ៖«​បុណ្យ​នេះ យើង​បាន​សម្រាក ដែលមាន​ព្រិល​ធ្លាក់ មាន​កាដូ​ជូន​គ្នា​ទៅវិញទៅមក បង្កើត​អនុស្សាវរីយ៍​ល្អៗ ថតរូប​ជុំគ្នា​ជា​មិត្តភក្តិ និយាយ​ទៅ​វា​ជា​បុណ្យ​មួយ​ដ៏​ល្អ​សម្រាប់​ខ្ញុំ​»​។ 

ការចូលរួម​ពិធីបុណ្យ​នេះ ក៏​ជា​គំនិត​របស់​កញ្ញា ដួង សុធីតា ផងដែរ​។ ទោះបីជា​រវល់​នឹង​ការងារ​ជា​អ្នក​សំអាងការ​ក៏ដោយ   យុវតី​វ័យ​១៨​ឆ្នាំ និង​ជា​សិស្ស​វិទ្យាល័យ​រូបនេះ នៅតែ​ឆ្លៀត​ទិញ​កាដូ​ខ្លះ ជូន​មិត្ត​រួម​ថ្នាក់និង​មិត្តភក្តិ​ជិតស្និទ្ធ​ផងដែរ​។

ពិធីបុណ្យ​ណូអែល ឬ​គ្រី​ស្មាស់ ឬបុណ្យព្រះយេស៊ូប្រសូត គឺ​មិនមែន​ប្រារព្ធ​តែ​នៅ​ទីក្រុង​នោះទេ តែ​នៅ​ជនបទ​វិញ ក៏​មិន​ចាញ់​ទីក្រុង​ប៉ុន្មាន​ឡើយ​។ កញ្ញា សឿ​ម នីតា ដែលមាន​វ័យ​២០ និង​ជា​គ្រូបង្រៀន​ម្នា​ក់នៅ​ខេត្តកំពង់ឆ្នាំង ក៏មាន​គម្រោង​បបួល​មិត្តភក្តិ​ធ្វើ​អាហារ​ញ៉ាំ​គ្នា​ផងដែរ​។ កញ្ញា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ៖«​ខ្ញុំ​បាន​ណាត់​ជាមួយ​មិត្តភក្តិ​ដទៃទៀត ថា​ពួកយើង​នឹង​ទៅ​ជួបជុំគ្នា ដើម្បី​ធ្វើ​អី​ញ៉ាំ បន្ទាប់ពី​បើក​លុយ »​។ ក្រៅពី​សប្បាយរីករាយ​ជាមួយ​មិត្តភក្តិ បុ​ណ្ណា​រី មិន​ភ្លេច​ឪពុកម្តាយ ដែលជា​អ្នកមានគុណ​របស់ខ្លួន​ឡើយ​។ នាង​បាន​ត្រៀម​សំលៀកបំពាក់​រួចជាស្រេច ដើម្បី​ជូន​ពួកគាត់​ទៀតផង​។

មិន​ខុសគ្នា​ពី​កញ្ញា​ខាងលើ​ឡើយ អ្នកគ្រូ​រូបនេះ បាន​ឲ្យ​តម្លៃ​ខ្លាំង​លើ​ពិធីបុណ្យ​ណូអែល ឬគ្រីស្តស្មាក់ ឬបុណ្យព្រះយេស៊ូប្រសូត បើទោះបីជា​នាង​មិនបាន​យល់ច្បាស់​ពី​ប្រវត្តិ​បុណ្យ​គ្រី​ស្មាស់​ក៏ដោយ​។ ៖«​ខ្ញុំ​មិនសូវ​ដឹង​ច្បាស់​ទេ តែ​ខ្ញុំ​គិតថា បុណ្យ​នេះ គឺ​ល្អ ព្រោះ​ធ្វើ​យើង​អាចបង្កើត​ទំនង​ស្អិតល្មួត និង​បង្ក​ភាព​រីករាយ​»​។

ផ្ទុយស្រឡះ​ពី​អ្នក​ខាងលើ លោក សៅ វាសនា ឯណេះ​វិញ មិន​គិត​ដូច្នេះ​ឡើយ​។ លោក​មិនដែល​ចូលរួម ឬ រំភើប​នឹង​ពិធីបុណ្យ​បរទេសមួយ​នេះឡើយ​។ ៖«​បុណ្យ​បរទេស ខ្ញុំ​គ្មាន​អារម្មណ៍​ចូលរួម​ទេ​។ ខ្ញុំ​គិតថា ការទិញ​កាដូ​នៅក្នុង​ពិធីបុណ្យ​បរទេស​នីមួយៗ នាំ​ឲ្យ​ខាត​លុយ​ច្រើន​»​។ នេះ​ជាការ​បញ្ជាក់​របស់​យុវជន​វ័យ​២៥​ឆ្នាំ មកពី​ខេត្តសៀមរាប ដោយ​បន្ត​ពន្យល់ថា ការជូន​កាដូ​មិនមែនជា​ទង្វើ​ដែល​លោក និង​មិត្តភក្តិ​របស់ខ្លួន​ចង់​ធ្វើ​ឡើយ ពីព្រោះ​មិត្តភក្តិ​របស់លោក មានគំនិត​ដូច​លោក ដែល​អាច​ចងមិត្តភាព​ដោយ​មិនចាំបាច់​យក​អំណោយ​នោះឡើយ​។​
​ក្នុងឆ្នាំ២០២០នេះ ពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យផ្សេងៗទៀតត្រូវបានផ្អាកការរៀបចំទ្រង់ទ្រាយធំ​ តែនៅតាមផ្លូវសួនច្បារក្នុងរាជធានីភ្នំពេញក៏មានការរៀបចំតុបតែង លម្អដើម្បីអបអរសាទរ ពិធីបុណ្យនេះដែរ។ នៅសល់​ប្រមាណ​ជាង​មួយ​សប្ដាហ៍​ទៀត ឆ្នាំ​២០២០​នឹង​ឆ្លង​ផុត​ចូល​ដល់​ឆ្នាំ​២០២១​ ដែលជា​ទៀងទាត់​ នៅលើ​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​តែង​ធ្វើ​នូវ​កម្មវិធី​ផ្សេងៗ​ ដើម្បី​សប្បាយ​ភាព​ និង​ការ​លក់​ផលិតផល​បញ្ចុះតម្លៃ​ជាដើម ហើយ​ពិធី​ទាំងនោះ​តែង​តែមាន​មនុស្ស​ប្រមូលផ្ដុំ​ច្រើន​។

ខណៈដែល​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩​ ក៏ដូចជា​បាន​នឹង​កំពុង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​មិនឱ្យ​ចូល​ដល់​សហគមន៍​បន្តទៀត​នោះ​ នៅក្នុង​ក្របខណ្ឌ​ភូមិសាស្ត្រ​រាជធានី ​ភ្នំពេញ ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន និង​មាន​ក្រុមហ៊ុន ​ហាង​លក់​ផលិតផល​នានា​ច្រើន​តែងតែ​ប្រារព្ធ​កម្មវិធី​សប្បាយភាព ​និង​មាន​ការលក់​បញ្ចុះតម្លៃ​ផង​នោះ​ ត្រូវបាន​អាជ្ញាធរ​គិតគូរ និង​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​មួយ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​ធ្វើ​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ការ​ប្រគុំ​តន្ដ្រី ​ឬ​ធ្វើ​ស្តង់​ផ្សព្វផ្សាយ​លក់​ផលិតផល​អ្វី​ឡើយ​។

នៅក្នុង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ចម្លង​កូ​វីដ​១៩​នៅក្នុង​អំឡុង​ថ្ងៃ​Christmas និង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ចំនួន​៤​ចំណុច​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​អោយ​អនុវត្ត​នោះ​គឺ​៖ ១.​សូម​បន្ត​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី​មានការ​ពាក់​ម៉ាស់​ពេលចេញ​ក្រៅ​ផ្ទះ លាងដៃ​ជាមួយ​ទឹកសាប៊ូ​អាកុល​ជែ​ល និង​ការរក្សា​គ​ន្លាត​សង្គម​។

ទី​២ សូម​អនុវត្ត​៣​កុំ រួមមាន​៖ កុំ​ចូល​កន្លែង​បិទ​ជិត​ប្រើ​ម៉ាស៊ីនត្រជាក់ កុំ​នៅ​កន្លែង​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល​គ្នា​។ ទី​៣ មិន​ត្រូវមាន​ការជួប​ជុំគ្នា​នៅ​កន្លែង​មាន​មនុស្ស​លើ​ពី​២០​នាក់ និង​ទី​៤​នៅតាម​កន្លែង​លក់ដូរ ភោជនីយដ្ឋាន ផ្សារ​ទំនើប ធនាគារ និង​តាម​មូលដ្ឋាន​អាជីវកម្ម​នានា​ទៀត ត្រូវ​ត្រួតពិនិត្យ បើ​មិន​ពាក់​ម៉ា​ស់គឺ​មិន​អនុញ្ញាត​អោយចូល ហើយ​ត្រូវ​វាស់​កម្ដៅ រៀប​កន្លែង​ឈរ​អង្គុយ​រក្សា​គន្លាត​គ្នា និង​ត្រូវមាន​ដាក់​ទឹក​អាកុល​ជែ​ល សាប៊ូ​លាងដៃ​ជាប្រចាំ​៕

Daily Program

Livesteam thumbnail