ផ្នត់គំនិតនារីលើពាក្យទុំមុនស្រគាលក្នុងពេលបច្ចុប្បន្ន
យើងតែងតែលឺ មានពាក្យមួយឃ្លារបស់ចាស់បុរាណខ្មែរ បានពោលថា «ទុំមុនស្រគាល» ។ ពាក្យថា ទុំ គឺសំដៅលើផែ្លរុក្ខជាតិដែលវិវត្តន៍ ពីខ្ចី ចាស់ និងស្រគាល ទើបក្លាយជាទុំ អាចយកមកប្រើប្រាស់ ឬអាចបន្តពូជក្នុងការដាំដុះបាន ។ ឯពាក្យថា ស្រគាល គឺសំដៅលើផែ្លរុក្ខជាតិទាំងឡាយ ដែលលើសពីភាពចាស់ តែមិនទាន់ទុំ ។ ដើម្បីដល់ទុំ ផ្លែឈើទាំងឡាយត្រូវឆ្លងកាត់ ភាពស្រគាល ឬហៅថា ទុំស្ទើៗជាមុនសិន ។
ដូចនេះ ពាក្យថា ទុំមុនស្រគាលនេះ មានន័យថា គ្រប់ផ្លែឈើត្រូវលូតលាស់ ពីក្តឹបទៅចាស់ បន្ទាប់មកទុំមិនទាន់ល្អ ដែលហៅថា ស្រគាល រួចក៏ក្លាយទៅជាទុំស្មើល្អ ។
មនុស្សវ័យចំណាស់ មិនមែនសង្កត់ន័យតែប៉ុណ្ណោះនោះទេ ពោលគឺលោកនៅមានភ្ជាប់ទៅដោយអត្ថន័យដែលផ្ទុយពីនេះ ដែលជាការធៀបទៅនិងន័យផ្សេង ។
កាលពីចុងសប្តាហ៍ កញ្ញា ស៊ីវ ម៉ីវ៉ាន់ មានប្រសាសន៍ថា ពាក្យថាទុំមុនស្រគាល គឺគេប្រៀបធៀបទៅនិងកូនប្រុសស្រី ដែលបានរំលងនូវប្រពៃណីណាមួយ ។ កញ្ញាលើកជាឧទាហរណ៍ថា ប្រពៃណីខ្មែរ គឺតម្រូវឱ្យមនុស្សពីរនាក់ស្រីប្រុស មុននឹងអាចរស់នៅជាមួយគ្នាបាន លុះត្រាតែមានការភ្ជាប់ពាក្យ ស្ដីដណ្ដឹង និងរៀបអាពាហ៍ពិពាហ៍ជាមុនសិន ។
កញ្ញាថា កាលណាមានអំពើទុំមុនស្រគាលនេះ បន្ទុកទាំងអស់ត្រូវធ្លាក់ទៅលើស្រ្តីភាគច្រើន ។
ក្នុងភេទជាស្ត្រី កញ្ញាវ័យជាង២០ឆ្នាំរូបនេះ បញ្ជាក់ថា ការប្រកាន់ខ្ជាប់ រួមទាំងមិនចង់ឱ្យមានការប្រព្រឹត្តអំពើដែលគេហៅថាទុំមុនស្រគាល ពោលគឺមិនរំលងប្រពៃណីនោះ គឺដោយសារចង់ឱ្យបុរសទាំងអស់ ឱ្យតម្លៃទៅលើស្រ្តី ដើម្បីឱ្យស្ត្រីគេចផុតពីការមាក់ងាយពីសង្គម ។
កញ្ញា បន្ថែមថា មូលហេតុដែលនាំឱ្យមានសកម្មភាពរំលងប្រពៃណីនេះ គឺដោយសារកត្តាលួងលោម របស់បុរស រួមទាំងបញ្ហាចំណេះដឹងរបស់ស្ត្រី ។
កញ្ញាលើកទឹកចិត្តឱ្យប្រជាជនទាំងអស់ ជាពិសេសយុវវ័យ ឱ្យតម្លៃ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅលើប្រពៃណី ទំនៀមទម្លាប់ បើទោះបីជាប្រទេសមានការអភិវឌ្ឍដល់ណាក្ដី ដើម្បីឱ្យពិភពលោកស្គាល់អរិយធម៌ វប្បធម៌ និងប្រពៃណីកម្ពុជាឱ្យបានច្រើន ។
បន្ថែមពីលើនេះ លោក ឈឿន ពិសិដ្ឋ ជាគ្រូភាសាម្នាក់ មានប្រសាសន៍ថា កត្តាដែលនាំឱ្យមានការរំលងប្រពៃណី និងទំនៀមទម្លាប់ល្អនោះ គឺដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យាលើការទំនាក់ទំនង, ការមិនបានយកចិត្តទុកដាក់ពីឳពុកម្ដាយ ។
លោកបន្ថែមថា ដើម្បីកាត់បន្ថយសកម្មភាពរំលងប្រពៃណីនេះបាន លុះត្រាមានការផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋទាំងអស់ អំពីផលវិបាកដោយសារអំពើបែបនេះ ។
លោក ឡេង ហួយ រស់ខេត្តកណ្តាល មានប្រសាសន៍តាមរយៈទូស័ព្ទ ថា វប្បធម៌ទុំមុនស្រគាល គឺជាពំនោលរបស់មនុស្សចាស់ជំនាន់មុន បន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយ ។
លោក លើកទឹកចិត្តឱ្យមនុស្សទាំងអស់គ្នា កុំប្រកាន់ចំពោះបុគ្គលដែលធ្លាប់បានប្រព្រឹត្តអំពើទុំមុនស្រគាលនេះ ។
ដោយឡែក លោក ឡេង ហួយ បង្ហាញការស្រាវជ្រាវរបស់ខ្លួនថា ការរស់នៅជាមួយគ្នា ដោយពុំមានមង្គលការ តាមប្រពៃណី និងទទួលស្គាល់តាមផ្លូវច្បាប់ គឺមានដល់ទៅប្រមាណ ៧០ % ដែលបែកបាក់គ្នាវិញ ៕