ក្នុងពេលដែលសេដ្ឋកិច្ចមានវិបត្តិ ការដាំបន្លែបន្សំជាជម្រើសសម្រាប់ស្ត្រីមេផ្ទះ
ក្នុងស្ថានភាពនៃការជួបវបិត្តហិរញ្ញាវត្ថុ ដែលបណ្តាលមកពីជំងឺកូវីដ១៩ ការដាំបន្លែបង្ការួមផ្សំជាមុខរបរសំខាន់មួយទៀត បន្ទាប់ពីដំណាំស្រូវដែល កសិករនៅតំបន់មួយចំនួន ក្នុងបណ្ដាខេត្តប្រទេសកម្ពុជា កំពុងតែពេញ និយមធ្វើការដាំដុះដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។ ប្រាក់ចំណូលពីការដាំដំណាំ បន្លែទាំងនោះ បានរួមចំណែកធ្វើឱ្យមានការផ្លាស់ប្ដូរវិជ្ជមានដល់ស្ថានភាពរស់នៅរបស់ប្រជាពល រដ្ឋកម្ពុជា ជាពិសេសស្ត្រីកសិករនៅ តាមសហគមន៍ ដាំដំណាំ។
អ្នកស្រី ជ័យ សុអេង ជាស្រ្តីមេផ្ទះ និងជាកសិករ រស់នៅស្រុងស្អាងខេត្តកណ្តាល បានឱ្យដឹងថា ក្រោយការចូលរួមយ៉ាងសកម្មក្នុងការរៀនពី បច្ចេកទេសដាំដុះ ការធ្វើផែនការដាំដំណាំ និង ទីផ្សារលក់ផលិតផល ហើយបន្ទាប់ពីរអនុវត្តជិតមួយឆ្នំាកន្លងមក ធ្វើឱ្យជីវភាពគ្រួសាររបស់គាត់បានល្អប្រសើរឡើង ។
អ្នកស្រីរៀបរាប់ថា៖ «ពីមុនដែលដាំបន្លែហ្នឹង ដាំតាមផ្ទះវារាត់រាយតាមនឹកឃើញ តាមចាស់បូរាណបង្គាប់ម៉េចយើងធ្វើចឹង។ ដល់ចឹងបន្លែដែលយើងដាំហ្នឹង ជួនកាលល្អជួនកាលមិនល្អ សល់កាប់ចោល តែដល់ក្រោយមកគេបង្កើតជាសហគមន៍ គេពូតផ្ដុំមកគេពន្យល់ អង្គការខ្លះ រដ្ឋាភិបាលខ្លះធ្វើឱ្យយើង យល់ថាមានប្រយោជន៍ ដល់យល់ថាមានប្រយោជន៍ខ្ញុំក៍ចូលរួមជាមួយគេ។ ពេលលក់បន្លែមានតម្លៃសមរម្យ ហើយតម្លៃដែលសហគមន៍ គេទិញប្រមូលយកទៅ វាមិនខុសពីឈ្មួញ»។
លោកដួង វណ្ណី ជាស្វាមី និងជាអ្នកចូលរួមដាំបន្លែម្នាក់ដែរ បានបញ្ចាក់ថា បា្រក់ ចំណូលពីការដាំបន្លែនេះ ក្រៅពីចំណាយលើការប្រើប្រាស់ផ្សេងៗសម្រាប់គ្រួសារ គឺនៅសល់មួយចំនួនធំយកទៅផ្គត់ផ្គង់ឱ្យកូនរៀន។
លោកថា៖ «យើងខ្ញុំធ្វើចំការនេះ គោលបំណងខ្ញុំផ្គត់ផ្គង់ឱ្យកូនរៀន ព្រោះខ្ញុំរៀនបានតិចតួច ។ ប៉ុន្តែខ្ញុំស្រឡាញ់អ្នកចេះ ដូច្នេះខ្ញុំផ្គត់ផ្គង់ឱ្យកូនខ្ញុំរៀន ចេះតែរៀនទៅ បើចំណង់ចំណូលចិត្តស្រឡាញ់មុខវិជ្ជាខាងណាឱ្យរៀនខាងហ្នឹងទៅ»
មិនចំពោះតែគ្រួសាររបស់គូរស្វាមីភរិយាទាំងពីរខាងលើនោះទេ កម្រិតជីវភាពរបស់កសិករ ជាស្ត្រីមួយចំនួនទៀតក្នុងសហគមន៍ កាន់តែធូរធាឡើងតាមរយៈការដាំបន្លែ និងការរកប្រាក់កម្រៃពីការចូលរួមប្រមូលផលដំណាំនៅតាមចំការ ។
លោក លើកឡើងថា ៖ «រីកចំរើនធំបំផុត គឺគាត់មិនចំណាកស្រុក ហើយគាត់មានការងារធ្វើ។ មិនហត់ដូចពីមុន ដូចថាស្រីៗគាត់អង្គុយរៀបបន្លែព្រលប់ៗយប់ចឹងទៅ ប្រុសៗគាត់លើកដាក់ឡានចឹងទៅ ផ្ញើរទៅភ្នំពេញ។ធៀបទៅគាត់ធូរស្រាលជាងមុន។ ពីមុនគាត់អត់សល់ទេ ដល់ឥឡូវគាត់សល់។ កូនចៅពួកគាត់បានរៀនសូត្រ។ពីមុនកូនចៅគាត់រៀនត្រឹមថ្នាក់ទី៩ ទី១០គាត់ឈប់រៀនច្រើន។ឥឡូវគាត់រៀនដល់ថ្នាក់វិទ្យាល័យ មហាវិទ្យាល័យ។ »
លទ្ធផលគួរឱ្យកត់សម្គាល់នេះ អាស្រ័យមានការចងក្រងជាក្រុមដាំបន្លែ ផែនការដាំដុះ និងយុទ្ធសាស្រ្តទីផ្សារកសិផលរបស់សហគមន៍។ ការប្រឹងប្រែងរបស់សហគមន៍ តាសីសាមគ្គី គឺជម្រុញទិន្នផលដំណាំឱ្យកើនឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពកសិករក្នុងសហគមន៍ និងធ្វើឱ្យស្ថានភាពរស់នៅរបស់ស្ត្រីនៅជនបទកាន់តែល្អប្រសើរឡើង។
ប៉ុន្តែសម្រាប់កសិករកម្ពុជាដែលមានប្រមាណ៨០% ក្នុងទូទាំងប្រទេស ជាពិសេសស្ត្រីកសិករនៅតំបន់មួយចំនួន មិនទទួលបានឱកាសនេះនៅឡើយ។ ពួកគេនៅជួបប្រទះការលំបាកលើបញ្ហាទឹកធ្វើកសិកម្ម បច្ចេកទេសដាំដុះ ពូជដំណាំ និងទីផ្សារកសិផលជាដើម ។ កត្តានេះ ធ្វើឱ្យពួកគេរស់នៅក្នុងជីវភាពខ្វះខាត និង ក្រីក្រ ដែលស្ត្រី និងកុមារនៅទីជន បទជាជនងាយរងគ្រោះបំផុត។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាអគ្គលេខាធិការ ក្រសួង លោក ស្រី វុឌ្ឍី បានលើកឡើងអំពីយុទ្ធសាស្ត្រដែលជួយជម្រុញវិស័យកសិកម្មកម្ពុជា ពិសេសជួយកសិករស្ត្រី កម្ពុជាឱ្យរីកចម្រើនឡើង កាត់បន្ថយភាពក្រីក្ររបស់គ្រួសារកសិករ ពិសេសស្ត្រី និងកុមារនៅជនបទ។
លោកបានមានប្រសាសន៍ថា៖ «ចំពោះគោលនយោបាយរបស់ក្រសួងកសិកម្ម គឺយើងធ្វើការផ្តោតទៅលើគាំពារស្រ្តី និង កុមារ ជាពិសេស នៅក្នុងវិស័យកសិកម្ម ដោយធ្វើការគាំទ្រដល់ស្រ្តីនិងកុមារ ដោយឥឡូវយើងកំពុងធ្វើនូវផែនការសកម្មភាព ច្រើនដែលពាក់ពន្ធនឹងស្រ្តី ដែលមាននៅក្នុងផែនការអនុវត្ត និង អភិវឌ្ឍរបស់ក្រសួង។
ឆ្លើយតបនឹងស្ថានភាពខាងលើ បណ្ដាអង្គការ សហគមន៍ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី មានការប្រឹងប្រែងខ្លាំងបង្កើតនូវសកម្មភាពជាច្រើន ជម្រុញការដាំដំណាំបន្លែដែលជាមុខរបរមួយបង្កើនសេដ្ឋកិច្ចបន្ទាប់ពីដំណាំស្រូវ។ អង្គការសេដាក់ ជាអង្គការជំនាញមួយខាងកសិកម្ម ក្នុងបណ្ដាឆ្នាំមកនេះ បានប្រឹងប្រែងខ្លាំងក្នុងការជម្រុញវិស័យកសិកម្មកម្ពុជាឱ្យឈានឡើងសំដៅផ្គត់ផ្គង់ឱ្យបានជាអតិបរមារនូវកសិផលបន្លែបង្កានៅទូទាំងប្រទេស ដើម្បីកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់កសិករកម្ពុជានៅទីជនបទ។
ប៉ុន្តែជាមួយបទពិសាធចងក្រងជាសហគមន៍កសិកម្មតូចៗ ដោយមានកិច្ចសហការផ្ដល់ជំនួយបច្ចេកទេសកសិកម្ម ចំណេះដឹងទីផ្សារ និង ឥណទានប្រាក់កម្ចីដល់កសិករ ពិសេសការគាំទ្រដល់ស្ត្រីកសិករនៅទីជនបទ កំពុង ជាកម្មវិធីមួយទទួលជោគជ័យនៅតាមបណ្ដាសហគមន៍៕