កុមារកម្ពុជាក្នុងតំបន់ក្រីក្រជាង១៥ម៉ឺននាក់ទទួលបាន«អាហារពេលព្រឹក» ពីកម្មវិធីផ្តល់អាហារតាមសាលារៀន

សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ កុមារនៅតំបន់ក្រីក្រនៃប្រទេសកម្ពុជាជាង១៥ម៉ឺននាក់ ដែលបានកំពុងសិក្សានៅសាលារៀនគោលដៅចំនួន ៥៥៣ សាលា ក្នុងខេត្តចំនួន ១០ ទទួលបានអាហារពេលព្រឹកពីកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ កម្មវិធីនេះត្រូវបានអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

នៅក្នុងពិធីសម្ពោធផ្ទះបាយនៅសាលាបឋមសិក្សាល្វា ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោក ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ក្នុងឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន ៥៥៣ សាលា ក្នុងខេត្តចំនួន ១០ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងនោះមានសិស្សទទួលផលចំនួន ១៥៣ ៥៨៦ នាក់ និងចុងភៅ ១ ៥១៨ នាក់ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ ដោយបានចំណាយថវិកាចំនួន ៦ ៦៣១ ៦១១ ៤៤២ រៀល នៃថវិកាវិភាជសរុបសម្រាប់កម្មវិធី ចំនួន ២២ ២៤៧ ២២៨ ០០០ រៀល ស្មើនឹង ៥ ៥៦១ ៨០៧ ដុល្លារ។

កម្មវិធីផ្តល់អាហាតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម ៦៤សាលា មានអ្នកទទួលផល ៣៧ ៥០០នាក់ចាប់តាំងពីឆ្នាំ១៩៩៩ មក។ កម្មវិធីផ្តល់អាហារតាមសាលារៀន នៅប្រទេសកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១ ១១៤ សាលា ក្នុងខេត្តចំនួន ១០ ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០០ ០០០ នាក់ ដែលដំបូង ត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។

កម្មវិធីនេះបានវិវឌ្ឍជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ។

នៅឆ្នាំសិក្សា ២០១៩-២០២០ កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានថវិការដ្ឋ ដោយយកម៉ូឌែល (Model) ប្រើប្រាស់កសិផលក្នុងសហគមន៍។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ៕

Daily Program

Livesteam thumbnail