កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្រ្ត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីប្រទេសស៊ុយអែត ជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិសេដ្ឋកិច្ចវិលជុំ និងវេទិកា ដើម្បីជំរុញការចូលរួមពីវិស័យឯកជន ក្នុងអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ។

យោងសេចក្តីប្រកាសព័ត៌មាន របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចេញនៅរសៀលថ្ងៃទី ២៨ ខែមិថុនានេះ កំណើនសេដ្ឋកិច្ច និងកំណើនចំនួនប្រជាជននៅកម្ពុជា នាំឱ្យមានការកើនឡើងនូវការប្រើប្រាស់វត្ថុធាតុដើម និងថាមពល ហើយមានលក្ខណៈស្រដៀងគ្នានឹងប្រទេសនានា ដែលកំណើនទាំងនេះបាននាំមកនូវបញ្ហាប្រឈមថ្មីៗ ក្នុងការគ្រប់គ្រងធម្មជាតិ បរិស្ថាន ថាមពល និងសំណល់ប្រកបដោយនិរន្តរភាព។

បើតាម សារសុន្ទរកថារបស់លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន «យុទ្ធសាស្រ្ត និងផែនការសកម្មភាពសេដ្ឋកិច្ចវិលជុំ មានគោលបំណងបង្កើតនូវដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខនាពេលបច្ចុប្បន្ននេះ។ យុទ្ធសាស្រ្តនេះមានគោលបំណងលុបបំបាត់ការខ្ជះខ្ជាយធនធាននៅក្នុងវដ្តសេដ្ឋកិច្ចទាំងមូល និងបន្តរក្សាតម្លៃនៃសម្ភារនានាឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន ជំនួសឱ្យការប្រើប្រាស់រួចហើយបោះចោលតែម្តង។»

លោក Nick Beresford នាយក​ UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា​ «សេដ្ឋកិច្ចវិលជុំមានសក្ដានុពលនាំមកនូវការផ្លាស់ប្ដូរសង្គម និងបរិស្ថានជាវិជ្ជមាន ដើម្បីបង្កើតនូវតម្លៃសេដ្ឋកិច្ចថ្មីៗ និងឱកាសការងារ បានកាន់តែច្រើន។ គំរូសេដ្ឋកិច្ចនេះអាចតម្រង់ទិស ដល់ការឆ្ពោះទៅរកការអភិវឌ្ឍប្រកប​ដោយ​ចីរភាពសម្រាប់ប្រទេសនានានៅលើពិភពលោក។»

លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា បន្តគូសបញ្ជាក់ថា «ដើម្បីឱ្យចក្ខុវិស័យនៃសេដ្ឋកិច្ចវិលជុំក្លាយជាការពិត ទាមទារឱ្យមានការចូលរួមដឹកនាំពីរាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ប្រជាពលរដ្ឋ និងគ្រប់តួអង្គពាក់ព័ន្ធដទៃទៀត។»

ដោយវិស័យឯកជនមានតួនាទីដ៏សំខាន់ក្នុងការពន្លឿនអន្តរកាលទៅរកសេដ្ឋកិច្ចវិលជុំ វេទិកាវិស័យឯកជនត្រូវបានបង្កើតឡើងជាមួយយុទ្ធសាស្ត្រសេដ្ឋកិច្ចវិលជុំនេះដែរ ដើម្បីចែករំលែកព័ត៌មានអំពីវិធានការ និងសកម្មភាពនានាដែលអាចអនុវត្តបាន។

លោក Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ការចែករំលែកចំណេះដឹងដែលជាការអនុវត្តល្អនៅក្នុងវិស័យធុរកិច្ច គឺជាជំហានដំបូងដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅកសាងសេដ្ឋកិច្ចវិលជុំ។ ចំណេះដឹងបែបនេះនឹងផ្ដល់លទ្ធភាពឱ្យតួអង្គពាក់ព័ន្ធដទៃទៀតនៅក្នុងឧស្សាហកម្ម អាចប្រើប្រាស់ និងអនុវតបន្តនូវវិធានការល្អៗនៃសេដ្ឋកិច្ចវិលជុំ ដើម្បីជួយពន្លឿនក្នុងដំណាក់កាលអន្តរកាលទៅកាន់គំរូសេដ្ឋកិច្ចវិលជុំ។»

ក្នុងសារសុន្ទរកថារបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបន្តគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយបន្ថែមថា «ការអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចវិលជុំប្រកបដោយប្រសិទ្ធភាព នឹងធានាឱ្យយើងទាំងអស់គ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចទទួលបានអនាគតដែលមានភាពបៃតង ស្អាត និងមានសុវត្ថិភាព»៕

ដោយ សុផានិត

 

Daily Program

Livesteam thumbnail