តម្លៃអង្ករកម្ពុជានាំចេញនៅតែល្អ ប៉ុន្តែអង្ករនៅក្នុងស្រុកក៏ឡើងថ្លៃដែរ
តម្លៃស្រូវលក់ចេញនៅតែខ្ពស់ ទោះស្រុតចុះបន្តិចក៏ដោយ ខណៈដែលតម្លៃអង្ករនាំចេញក៏នៅតែល្អ ប៉ុន្តែកសិករគួរតែប្រយ័ត្នរឿងលក់ភ្លេចគិតរឿងទុកស្បៀងខ្លួនឯង ខណៈដែលពេលនេះតម្លៃអង្ករនៅក្នុងស្រុកហាក់ឡើងថ្លៃហើយ។
យោងតាមតារាងតម្លៃស្រូវសើមដែលកសិករប្រមូលហើយលក់នឹងត្រូវប្រកាសដោយសហព័ន្ធស្រូវអង្កកម្ពុជាបានឲ្យដឹងថ្មីៗនេះតម្លៃស្រូវថោកបំផុត គឺ ១.១៣០ រៀលនៅក្នុងមូយគីឡូក្រាម ខណៈដែលស្រូវដែលថ្លៃល្អបំផុតគឺ ១.៣២០ រៀលនៅក្នុងមូយគីឡូក្រាម។ តម្លៃស្រូវទាំងនេះ គឺមានតម្លៃខុសៗគ្នាទៅតាមប្រភេទស្រូវ ដែលមានដូចជាស្រូវស្រងែ ស្រូវអូអឹម ស្រូវអ៊ីអែ និង ស្រូងសែនក្រអូប។
ប្រភពស្រូវដែលថោកជាគេនៅពេលនេះគឺស្រូវអូអឹម ដែលមានតម្លៃ១.១៣០ រៀល នៅក្នុងមួយគីឡូក្រាម បន្ទាប់មកស្រូវស្រងែ ដែលមានតម្លៃប្រមាណជា ១.១៥០ រៀលនៅក្នុងមូយគីឡូក្រាម ហើយស្រូវដែលតម្លៃល្អជាងគេ គឺស្រូវសែនក្រអូប ដោយថោកបំផុត ក៏ ១.២១០ រៀលដែរនៅក្នុងមូយគីឡូក្រាម ។
តម្លៃស្រូវនេះអាចប្រែប្រួលទៅតាមទីកន្លែងនឹងពេលវេលាបន្តទៀត ខណៈដែលគេដឹងថា នៅពេលដែលចូលទៅកែច្នៃហើយនាំចេញជាអង្ករវិញ កម្ពុជាអាចនាំចេញបានអង្ករមួយតោន យ៉ាងហោចណាស់ក៏ ៦៧០ ដុល្លារដែរនៅក្នុងមួយតោន ហើយថ្លៃបំផុតគឺរហូតដល់ ១.៣៨០ ដុល្លារនៅក្នុងមួយតោន ដែលតម្លៃនេះ អាចប្រសើរជាងឆ្នាំមុនៗ។
ឃើញស្ថានភាពបែបនេះ យើងខ្ញុំពិតជាមានមោទនភាព និងរីករាយខណៈដែលពេលនេះ ស្រូវអង្ករយើងមានទីផ្សារល្អ ហើយកសិករដែលកំពុងតែបង្កបង្កើនផលស្រូវក៏រីករាយទៅតាមនោះដែរ ប៉ុន្តែទន្ទឹមនឹងដំណឹងរីករាយ កសិករខ្លះក៏អាចនឹងជួបទុក្ខសោកនៅពេលចុងរដូវពីព្រោះតែអ្នកខ្លះអាចលក់អស់ហើយភ្លេចគិតទុកស្រូវនៅក្នុងជម្រុក ដើម្បីទុកជាស្បៀងប្រចាំឆ្នាំ ។
បងប្អូនកុំភ្លេចណា តែពេលនេះស្រូវយើងបានថ្លៃយើងពិតជាសប្បាយចិត្តដើម្បីលក់ស្រូវយក លុយទូទាតថ្លៃជី ថ្លៃកម្លាំងពលកម្ម ថ្លៃទឹក ថ្លៃប្រេងឥន្ធនៈសព្វយ៉ាង ដោយរួមទាំងថ្លៃដោះដូរជីវភាពប្រចាំថ្ងៃ។ ដូច្នេះប្រសិនបើយើងខ្វះការគិត ហើយនាំគ្នាគិតតែលក់ ចុងក្រោយនៅពេលអស់ស្រូវលក់ ហើយយើងយកលុយទៅទិញអង្កគេមកបរិភោគវិញ បានស្រងេះស្រងោចខ្លួន ។
ស្រូវ/អង្ករបានថ្លៃទីផ្សារត្រូវការលក់ចុះបងប្អូន ប៉ុន្តែកុំភ្លេចទុកខ្លះនៅក្នុងជម្រុក ដើម្បីទុកជាស្បៀងហូបចុកប្រចាំថ្ងៃ ពីព្រោះថាស្រុកយើងពលរដ្ឋហូបបាយ ដូច្នេះនៅពេលដែលយើងលក់ភ្លេចគិត ដល់យកលុយទៅទិញវិញគឺដឹងតែយ៉ាប់ហើយ ខណៈដែលនៅពេលនេះ មានសេចក្តីរាយការណ៍ថា អង្ករកំពុងតែឡើងថ្លៃ ។
សរុបមកវិញ ទោះបីជាស្រូវអង្ករថ្លៃប៉ុណ្ណា កុំលក់អស់ទុកនៅក្នុងជម្រុកខ្លះពីព្រោះតែយើងលក់ អស់ ហើយយកលុយទៅទិញអង្ករគេហូបវិញ នោះគឺជាការខាតបង់ធ្ងន់ធ្ងរណាស់សម្រាប់ យើង ពីព្រោះតម្លៃអង្ករវាប្រាកដជានឹងមានតម្លៃថ្លៃជាងពេលដែលយើងលក់រាប់សិបដង។ សូមលក់ខ្លះដោះដូជីវភាពនិងចំណាយ កុំលក់អស់ភ្លេចថា យើងហូបបាយដែលចំអិនពីអង្ករណា៕