ដំណើរការដោះស្រាយជម្លោះព្រំដែនសមុទ្ររវាងកម្ពុជានិងថៃចាប់ផ្តើមហើយ !

បន្ទាប់ពីថៃបានលុបចោលអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ ដែលជាឯកសារទ្វេរភាគីតែមួយគត់ដែលប្រទេសកម្ពុជានិងថៃសម្រេចបានកាលពីខែឧសភា មកនោះ ដំណើរការដោះស្រាយដែនទឹកជម្លោះបានជាប់គាំង​តាមយន្តការទ្វេភាគី ទើបកម្ពុជាគ្មានជម្រើសគឺំមានតែយន្តការអន្តរជាតិ។

ដោយមិនចង់ទុកឲ្យបញ្ហាវាចេះតែអូសបន្លាយពេលវេលាធ្វើអ្វីមិនចេញដោយសារតែចលនាទស្សនៈជាតិនិយមជ្រុលកន្លងមក កម្ពុជាក៏បានផ្តួចផ្តើមយកករណីនេះទៅដោះស្រាយតាមយន្តការអន្តរជាតិ ។

បន្ទាប់ពីអត់ធ្មត់មកជាបន្តបន្ទាប់នៅថ្ងៃទី១៤ ខែកញ្ញា កម្ពុជាបានដឹកដៃថៃ ទៅជួបនៅសិង្ហបុរីនៅក្នុងដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រនៅលើទំហំប្រមាណជា ២៧.០០០ គីឡូម៉ែត្រការ៉េ តាមយន្តការផ្សះផ្សារក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

តាមជំហររបស់កម្ពុជា គឺកម្ពុជាប្រើប្រាស់យន្តការនេះដើម្បីដោះស្រាយជម្លោះជាមួយនឹងប្រទេសថៃដោយផ្អែកសន្តិភាព និង យន្តការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមថា តាមយន្តការនេះជម្លោះដែលរ៉ាំរ៉ៃមកជាយូរ នឹងសម្រេចនូវដំណោះស្រាយមួយដែលកំណត់ច្បាស់លាស់ក្រោមច្បាប់អន្តរជាតិ ហើយភាគីទាំងពីរនឹងទទួលយកលទ្ធផលនោះ។

កន្លងមកយន្តការនេះធ្លាប់បាននាំមកនៅការបញ្ចប់ការដោះស្រាយបញ្ហាដ៏វិជ្ជមានដូចជាករណីជម្លោះរវាង ទីម័រខាងកើត និង អូស្រ្តាលី ដែលធ្លាប់បានដោះស្រាយដោយជោគជ័យកាលពីឆ្នាំ២០១៨។

តាមយន្តការនេះនៅថ្ងៃទី១៥ ខែកញ្ញា ភាគីទាំងសងខាងបានឡើងថ្លែងអង្គហេតុរៀងៗខ្លួន ហើយភាគីកម្ពុជាបានឡើងថ្លែងមុន ហើយតំណាងភាគីថៃបានឡើងថ្លែងតាមក្រោយ។

តំណាងភាគីទាំងពីរបានលើកឡើងនូវជំហរការពារផលប្រយោជន៍ជាតិនិងប្រជាជនរៀងៗខ្លួន​ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សង្ឃឹមថា ភាគីទាំងពីរនឹងមិនដោះស្រាយបញ្ហាតាមជម្លោះប្រដាប់អាវុធឡើយ។

គោលការណ៍ជាមូលដ្ឋាននៃដំណោះស្រាយគួរតែជាឯកសារផ្លូវច្បាប់ ហើយជជែកគ្នាដោយប្រើប្រាស់គោលការណ៍ច្បាប់ដោះស្រាយ ដោយផ្អែកលើសក្ខីកម្ម ភស្តុតាង ឫអំណះអំណាងច្បាស់លាស់ ត្រូវទទួលស្គាល់ ហើយឈានទៅបញ្ចប់ជម្លោះដើម្បីសម្រេចបាននូវព្រំដែនពិតប្រាកដដែលភាគីទាំងពីរអាចដោះស្រាយជាមួយគ្នា ដោយសន្តិវិធី លែងមានជម្លោះនៅពេលអនាគត​។

សរុបទៅដំណើរការដោះស្រាយជម្លោះនេះមិនអាចសន្មត់ថានឹងបញ្ចប់នៅពេលណាមួយច្បាស់លាស់ឡើយ ប៉ុន្តែសង្ឃឹមថា ភាគីទាំងអស់នឹងអាចឈានទៅរកដំណោះស្រាយមួយដែលផ្អែកលើច្បាប់ ផ្អែកលើភាពត្រឹមត្រូវ ហើយគោរពគោលការណ៍ដោះស្រាយដោយសន្តិវិធី៕

 

Daily Program

Livesteam thumbnail
khmer popup image