លោកអភិបាលព្រះសហគមន៍ ជំរុញឲ្យគ្រីស្តបរិស័ទ ចូលរួមដាំដើមឈើ និងកាត់បន្ថយប្រើប្រាស់ប្លាស្ទិក

បាត់ដំបង៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ព្រះសហគមន៍កាតូលិកសន្តយ៉ូសែប តាហែន បានរៀបចំពិធីអធិដ្ឋានដ៏មានអត្ថន័យ ដើម្បីចូលរួមក្នុងទិវាអធិដ្ឋានពិភពលោកសម្រាប់ការថែរក្សាបរិស្ថានធម្មជាតិ។ ព្រឹត្តិការណ៍នេះធ្វើឡើងស្របតាមការណែនាំរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលបានប្រកាសយកថ្ងៃទី១ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីរំឭក និងជំរុញឲ្យគ្រីស្ទបរិស័ទទាំងអស់ឲ្យយកចិត្តទុកដាក់ការពារបរិស្ថាន ដែលជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។
ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាលទេព ច័ន្ទពិសិដ្ឋ (អេនរីគេ ហ្វីការេដូ) អភិបាលភូមិភាគបាត់ដំបង និងលោកបូជាចារ្យ មួង រស់។ ព្រឹត្តិការណ៍នេះក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះយសបញ្ញាបណ្ឌិត វី សុវិជា្ជ ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងបងដែរ។ ព្រះសហគមន៍ក៏បានរៀបចំពិធី បំបួសដើមពោធិ៍មួយដើមយ៉ាងឧឡារិកនៅក្នុងបរិវេណព្រះវិហារសន្តយ៉ូសែបតាហែន ដើម្បីជានិមិត្តរូបនៃការគោរព និងការថែរក្សាធម្មជាតិ ដែលជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ខ្លួន។
ថ្លែងទៅកាន់អង្គពិធី លោកអភិបាលទេព ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា៖ «សូមឲ្យបងប្អូនទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារបរិស្ថានធម្មជាតិ ដោយចាប់ផ្ដើមពីការដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ នេះគឺជាភារកិច្ចដ៏សំខាន់របស់មនុស្សជាតិគ្រប់រូបដែលរស់នៅលើភពផែនដីនេះ»។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥ សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានសម្រេចប្រកាសឲ្យព្រះសហគមន៍កាតូលិកទូទាំងពិភពលោកប្រារព្ធទិវានេះ រៀងរាស់ថ្ងៃទី១ ខែកញ្ញា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបំផ្លាញបរិស្ថាន។ សាររបស់ព្រះអង្គតែងតែជំរុញឲ្យមនុស្សជាតិទាំងអស់មើលឃើញផែនដីនេះជាផ្ទះរួម ដែលចាំបាច់ត្រូវតែថែរក្សាដោយការទទួលខុសត្រូវ។ សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូបានមានបន្ទូលថា៖ «ការថែរក្សាបរិស្ថានមិនមែនជាជម្រើសទេ តែជាកាតព្វកិច្ចខាងវិញ្ញាណ និងសីលធម៌។ យើងត្រូវតែស្ដាប់សំឡេងនៃការឈឺចាប់របស់ផែនដី និងរបស់ប្រជាជនក្រីក្រ ដែលរងផលប៉ះពាល់ខ្លាំងជាងគេពីវិបត្តិនេះ»។
កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការរួបរួមគ្នារវាងសាសនាផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មភាពជាក់ស្ដែងក្នុងការថែរក្សាភពផែនដីសម្រាប់អនាគតមនុស្សជាតិទាំងអស់គ្នា។






Daily Program
