មេដឹកនាំឥស្លាម បុរសខ្លាំងថ្មីរបស់ស៊ីរី
បន្ទាប់ពីការប្រយុទ្ធនៅក្បែរក្រុមអាល់ គៃដា នៅអ៊ីរ៉ាក់ និងស៊ីរី លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី ប្រមុខក្រុមទាហានឥស្លាម ហាយ៉ាត តារៀ អាល់ ស្ហ៉ាម ឬក្រុម HTC មានបំណងស្ថាបនារូបភាពខ្លួនជាបុគ្គលកណ្តាលនិយម មិនពាក់ព័ន្ធនឹងក្រុមជីហាត ចាប់ពីពេលនេះទៅ។ ប៉ុន្តែបំណងពិតប្រាកដរបស់លោកដែលប្រប្រើប្រាស់ឈ្មោះពិតរបស់ខ្លូន គឺអាម៉េដ អាល់ ស្ហ៉ារាអា ស្ថិតនៅជាប្រធានបទនៃការចោទសួរជាច្រើន។
លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតមកពីសារព័ត៌មានអាម៉េរិក CNN កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ។ នេះគឺជាលើកទីមួយដែលលោកផ្តល់បទសម្ភាសន៍ដល់លោកខាងលិច ចាប់តាំងពីរបស់លោកប្រធានាធិបតីអាសាដបានដួលរលំ។ លោកបានថ្លែងថា ៖ “ការចាប់ផ្តើមនៃបដិវត្ត គឺការផ្តួលរំលំរបបរបស់លោកបាស្ហ៉ាល អាល់ អាសាដ ។
កាលពីថ្ងៃអាទិត្យទី៨ ខែធ្នូ លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី បានចូលដល់ទីក្រុងដាម៉ាស រដ្ឋធានីរបស់ស៊ីរី លុតជង្គង់ឱបសំពះដី មុននៅលោកចូលទៅកាន់ព្រះវិហារឥស្លាម អូម៉េយ៉ាដ ដើម្បីចុះហត្ថលេខាលើការបញ្ចប់របបរបស់លោកបាស្ហ៉ាល់ អាល់ អាសាដ ជាផ្លូវការ។
សព្វថ្ងៃលោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី គឺជាជនជីហាតម្នាក់ ក្នុងចំណោមជនជីហាតនានាដែលគេស្វែងរកបំផុតនៅក្នុងពិភពលោក។ ក្បាលរបស់លោកត្រូវកាត់ថ្លៃ ១០លាន ដុល្លារ ដោយសហរដ្ឋអាម៉េរិក និងកំណត់ថា ក្រុម HTC គឺជា អង្គការភេរវកម្ម ហើយបារាំងក៏កំណត់ដូចគ្នា។ ការផ្លាស់ប្តូរដែលកើតឡើងថ្មីៗ ទោះពិត ឬជាជនឆ្លៀតឱកាស ក៏វាតំណាងឲ្យសេចក្តីសង្ឃឹម និងការសង្ស័យអំពីការផ្ទេអំណាចដែលនឹងបើកឡើងនៅពេលខាងមុខ។
អាយុ ៤០ឆ្នាំ លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី ដែលមានឈ្មោះពិតថា អាម៉េដ ហ៊ូសេន អាល់ ស្ហ៉ារ៉ាអា បានឆ្លងកាត់ជីវិតកាល់ពីវ័យកុមារភាពនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត។ មានប្រភពពីគ្រួសារធូធារ ឪពុករបស់លោកគឺជាអ្នកសេដ្ឋកិច្ច និងធ្លាប់ធ្វើការឲ្យក្រសួងប្រេងរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត។ យុវជន អាម៉េដ ធំធាត់បន្ទាប់មកនៅភូមិម៉ាហ្ស៉េ នៅសង្កាត់អ្នកមាន និងសេរី នៅទីក្រុងដាម៉ាស មុននឹងលោកចាប់ផ្តើមការសិក្សាវិជ្ជាពេទ្យ។ ប៉ុន្តែលោកមិនបានបញ្ចប់ការសិក្សាទេ។
យោងតាមគេហទំព័រ ភ្នែកមជ្ឈិមបូព៌ា (Middle East Eye) បានឲ្យដឹងថា បន្ទាប់ពីការវាយប្រហារភេរវកម្មនៅថ្ងៃ១១ កញ្ញា នៅអាម៉េរិក សញ្ញាដំបូងនៃការធ្វើជីហាត បានលេចឡើងក្នុងជីវិតរបស់លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី។
នៅឆ្នាំ២០០៣ លោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី បានចេញដំណើរទៅអ៊ីរ៉ាកដើម្បីប្រយុទ្ធតទល់នឹងយោធាអាម៉េរិក ដែលមកផ្តួលរំលំរបបសាដាម ហ៊ូសេន និងចូលរួមជាមួយយោធាអាល់ គៃដា នៅអ៊ីរ៉ាក់។ លោកត្រូវបានគេចាប់ខ្លួន និងដាក់គុក រយៈពេល ៥ឆ្នាំ។ នៅពេលចេញមកវិញ លោកបានចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក សាខាអាល់ គៃដា និងដាក់ឈ្មោះសង្រ្គាមថា អាប៊ូ អាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី។
លោកត្រឡប់មកកាន់ស៊ីរី នៅឆ្នាំ២០១១ នៅពេលផ្ទុះការបះបោរប្រឆាំងនឹងលោកអាសាដ។ លោកបង្កើតរណសិរ្ស អាល់ ណូស្រា។ រយៈពេលជាច្រើនឆ្នាំ ក្រុមយោធានេះ បង្ហាញនូវវិធីសាស្រ្តដែលមានហិង្សាបំផុត។ ពួកគេបង្កើនទ្វេនូវការវាយប្រហារអត្តឃាត និងសម្លាប់ជនជាតិភាគតិចដោយគ្មានជំនុំជំម្រះ និងអ្នកប្រឆាំង។ គឺនៅក្នុងអំឡុងពេលនោះហើយដែលលោកអាប៊ូ ម៉ូហាមេដ អាល់ ហ្ស៊ូឡានី ត្រូវបានកំណត់ថា ជាភេរវករពិភពលោកដោយសហរដ្ឋអាម៉េរិក បន្ទាប់មកដាក់ឲ្យស្ថិតនៅក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងប្រទេសស្វីស។