ប៉ូលិសកេនយ៉ាត្រូវបានបញ្ជូនបន្ថែមទៀតទៅកាន់ប្រទេស ហៃទី
វ៉ាទីកង់ញូវបានរាយការណ៍ថា មន្ត្រីប៉ូលិសកេនយ៉ាចំនួនពីររយនាក់ទៀតបានទៅដល់ប្រទេសហៃទី ដើម្បីបង្កើនវត្តមានទ្វេរដង រក្សាស្ថិរភាពនិងពង្រឹងសណ្តាប់ធ្នាប់សង្គមប្រឆាំងនឹងក្រុមក្មេងទំនើង។
ឥឡូវនេះប៉ូលិសកេនយ៉ាចំនួន៤០០នាក់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសហៃទី ដើម្បីស្តារ ច្បាប់ និងសណ្តាប់ធ្នាប់សម្រាប់ប្រទេសដែលមាន ប្រជាជនជាង ១១ លាននាក់នេះ។
មកដល់ពេលនេះ រដ្ឋធានី ប៉័អូប្រាំង របស់ប្រទេសនេះនៅតែបន្តគ្របដណ្តប់និងគ្រប់គ្រងដោយក្មេងទំនើងប្រមាណជា ៨០ ភាគរយឯណោះ។
មកដល់ពេលនេះកងកម្លាំងប៉ូលិសកេនយ៉ាដែលបានមកដល់ត្រូវបានគេដាក់ពង្រាយនៅតាមអគាររដ្ឋាភិបាល និង កន្លែងសំខាន់ៗផ្សេងទៀត រួមទាំងអាកាសយានដ្ឋានអន្តរជាតិ ដែលទើបតែបើកដំណើរការឡើងវិញក្នុងខែឧសភា បន្ទាប់ពីការវាយលុករយៈពេលបីខែដោយឧក្រិដ្ឋជន។
ក្រៅពីប៉ូលិសកេនយ៉ាង កងកម្លាំងប៉ូលិសមកពីប្រទេសផ្សេងទៀតដូចជា ចាម៉ៃការ បាបាដូស ប៉ាណាម៉ា បេណាំង ឆាត និង បង់ក្លាដេសក៏នឹងត្រូវបញ្ជូនទៅកាន់ទីនោះផងដែរ ដោយឡែកសហរដ្ឋអាមេរិក កាណាដា និងបារាំងបានសន្យាផ្តល់ជំនួយប្រចាំឆ្នាំចំនួន ប្រមាណជា ៦០០ លានដុល្លារ ប៉ុន្តែបានបដិសេធមិនព្រមបញ្ជូនកងកម្លាំងដោយផ្ទាល់ឡើយ៕