ទាហានថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើនកន្លែងនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយថៃនៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕

Daily Program

Livesteam thumbnail