ជីវិត ទស្សនៈ និង ជំនឿលោកបូជាចារ្យ ម៉ាញ៉ីស ស៊ូសេណូ ត្រូវគេផលិតជាខ្សែរភាពយន្តឯកសារ
ខ្សែភាពយន្តឯកសារមួយស្តីពីជីវិតទស្សនវិទូ ជេស្វីត គឺលោកបូជាចារ្យ ហ្វេ្រន ម៉ាញ៉ីស ស៊ូសេណូ (Franz Magnis-Suseno) ត្រូវបានគេថតដើម្បីទុកជាការស្វែងយល់ពីដំណើរបញ្ញា និងជីវិតផ្ទាល់ខ្លួនរបស់លោកបូជាចារ្យដែលកើតនៅប្រទេសអាល្លឺម៉ង់ និងការចូលរួមរយៈពេលជាច្រើនទសវត្សរ៍របស់លោកនៅក្នុងជីវិតជាបព្វជិតសាសនា ហើយធ្វើការស្រាវជ្រាវផ្នែកសង្គម ទស្សនវិជ្ជា ជំនឿ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោកបូជាចារ្យ កើតនៅប្រទេសអាល្លឺម៉ង់ តែបានមករស់នៅ និងធ្វើការនៅក្នុងប្រទេសឥណ្ឌូនេស៊ីតាំងពីឆ្នាំ ១៩៦១ ។
លោកបានក្លាយជាពលរដ្ឋឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៩៧៧ហើយបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការបង្រៀន សរសេរ និងចូលរួមក្នុងការពិភាក្សាជាសាធារណៈលើសីលធម៌ លទ្ធិប្រជាធិបតេយ្យ សាសនា និងការទទួលខុសត្រូវផ្នែកសង្គម។
លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាលាទស្សនវិជ្ជា ឌ្រីយ៉ាការ៉ា (Driyarkara )ក្នុងទីក្រុងហ្សាកាតា ហើយបានរួមចំណែកដល់ជីវិតបញ្ញា និងអន្តរសាសនារបស់ប្រទេសឥណ្ឌូនេស៊ី។
ក្នុងវ័យ ៩០ ឆ្នាំ លោកនៅតែជាសំឡេងលេចធ្លោក្នុងការពិភាក្សាអំពីជំនឿ ទស្សនវិជ្ជា និងសង្គមឥណ្ឌូនេស៊ី។
ខ្សែរភាពយន្តនេះ ត្រូវបានគេដាក់ចំណងជើងថា “ ការផ្សងព្រេងរបស់អ្នកទស្សនៈវិទូម្នាក់” ដែលដឹកនាំដោយអ្នកផលិតខ្សែភាពយន្តឥណ្ឌូនេស៊ី ម៉ាសេលលី ស៊ូម៉ាណូ (Marselli Sumarno) ហើយបានចេញផ្សាយនៅលើ YouTube នៅថ្ងៃទី២១ ខែកញ្ញា ដែលធ្វើឱ្យខ្សែភាពយន្តនេះអាចចូលមើលបានសម្រាប់ទស្សនិកជនកាន់តែទូលំទូលាយលើសពីរង្វង់សិក្សា និងវប្បធម៌ ដែលវាត្រូវបានចាក់បញ្ចាំង និងពិភាក្សាពីមុន។
ជំនួសឱ្យការបង្ហាញជីវប្រវត្តិធម្មតា ខ្សែភាពយន្តឯកសារនេះប្រើប្រាស់ជីវិត និងការងាររបស់លោកបូជាចារ្យ ដើម្បីពិនិត្យមើលសំណួរអំពីអត្តសញ្ញាណ សីលធម៌ លទ្ធិប្រជាធិបតេយ្យ សាសនា វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ខ្សែភាពយន្តនេះប្រមូលផ្តុំការឆ្លុះបញ្ចាំងពីលោកបូជាចារ្យ ផ្ទាល់ និងអ្នកប្រាជ្ញ និងឥស្សរជនសាសនាឥណ្ឌូនេស៊ីជាច្រើនរូប ។
