លោកស្រី កូរ៉ាហ្ស៉ូន អាគីណូ ប្រធានាធិបតីហ្វីលីពីន ដែលប្រជែងអំណាចផ្តាច់ការ

លោកស្រី កូរ៉ាហ្ស៉ូន អាគីណូ កើតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៣៣ នៅទីក្រុង ប៉ានីគី ខេត្ត តាកឡាក ប្រទេសហ្វីលីពីន។ លោកស្រីទទួលមរណភាពនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០៩ នៅសង្កាត់ម៉ាកាទី ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ លោកស្រី កូរ៉ាហ្ស៉ូន អាគីណូ គឺជា ប្រធានាធិបតីដំបូងជាស្រ្តីរបស់ប្រទេសហ្វីលីពីន ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩២។

នៅឆ្នាំ១៩៥៥ លោកស្រី កូរ៉ាហ្ស៉ូន អាគីណូ បានរៀបការជាមួយលោកបេនីញ៉ូ អាគីណូ បន្ទាប់ ពីប្តីលោកស្រីបានទទួលមុខតំណែងជាចៅហ្វាយក្រុង កុងសឹបស្យុង នៅក្នុងខេត្តតាកឡាក។ បន្ទាប់​មកទៀត ប្តីរបស់លោកស្រីបានជាប់ឆ្នោតជាអភិបាលខេត្តនៅឆ្នាំ១៩៦១ បន្ទាប់មកជា​ព្រឹទ្ធបុរសនៅឆ្នាំ១៩៦៧។ បន្ទាប់ពីការដាក់ចេញនូវច្បាប់អាជ្ញាសឹកដោយប្រធានាធិបតី​ហ្វ៊ែរឌីណង់ ម៉ាកកូស នៅឆ្នាំ១៩៧២ លោកត្រូវបានឃាត់ខ្លួន និងដាក់ទោសប្រហារ​ជីវិត​នៅ​ឆ្នាំ​១៩៧៧ និងត្រូវនិរទេសទៅកាន់សហរដ្ឋអាម៉េរិកនៅឆ្នាំ១៩៨០ ដោយសារមានជំងឺ។ ​នៅថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ១៩៨៣ នៅខណៈដែលលោកបានទទួលការសន្យា​សង្រ្គោះជីវិតពី​រដ្ឋាភិបាល​ហ្វីលីពីន លោកបេនីញ៉ូ អាគីណូ បានវិលត្រឡប់ពីការនិរទេស តែត្រូវគេធ្វើឃាត។

បន្ទាប់មករយៈពេល ២ឆ្នាំ កន្លះ បក្សប្រឆាំងនៅហ្វីលីពីន និងចលនាមហាជនដ៏ធំ ដាក់​សំពាធ​ឲ្យ​​លោកស្រី កូរ៉ាហ្ស៉ូន អាគីណូ ដឹកនាំជានិមិត្តរូប ដែលនៅពេលនោះគឺប្រឆាំងទៅនឹងរបប​របស់​​លោក​​ប្រធានាធិបតីម៉ាកូស។   លោកស្រីកូរ៉ាហ្ស៉ូន អាគីណូ ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានាធិបតីនៅខែកុម្ភៈ ឆ្នាំ១៩៨៦។ នេះជាការបោះឆ្នោតដែលទាំងលោកស្រី អាគីណូ និងលោកម៉ាកូស សុទ្ធតែប្រកាសថា បានឈ្នះឆ្នោត។

បាតុកម្មអហិង្សារបស់ប្រជាជនជាង ១លាននាក់នៅរុក្ខវិថីធំនៅទីក្រុងម៉ានីល ការបដិសេធ​របស់​​ទាហាន​មិនបំពេញមុខងារ និងយុទ្ធនាការការទូតអន្តរជាតិ បានបង្ខំឲ្យលោក​ប្រធានាធិបតី​​​ម៉ាកូសប្រកាន់យកផ្លូវធ្វើនិរទេសខ្លួនក្រោមសំពាធនៃអំណាចមហាជន។ វិមាន​ប្រធានាធិបតី ម៉ាឡាកាណង់ ត្រូវហ្វូងមនុស្សគ្រប់គ្រង។

ការនៅអព្យាក្រឹតរបស់ទាហានហ្វីលីពីន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ហ្វីដែល រ៉ាម៉ូស ប្រហែលជាកត្តាកំណត់ឲ្យលោកស្រី កូរ៉ាហ្ស៉ូន អាគីណូ ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​នៃសាធារណរដ្ឋហ្វីលីពីន។

នៅអំឡុងអណត្តរបស់លោកស្រី លោកស្រីកូរ៉ាហ្ស៉ូន អាគីណូ បង្កើតគណកម្មការ​ប្រធានាធិបតី​​មួយ​​ដើម្បី​រឹប​អូស​ទ្រព្យ​សម្បត្តិ​ដែលទទួលបានដោយកខ្វក់របស់ប្តីប្រពន្ធ​ហ្វ៊ែរឌីណង់ និង​លោកស្រី អ៊ីម៉េលដា ម៉ាកកូស។ រដ្ឋធម្មនុញថ្មី ត្រូវអនុម័តនៅឆ្នាំ១៩៨៧។ មានការប៉ុនប៉ងធ្វើ​រដ្ឋ​ប្រហារ​យោធាចំនួន ៧ដង បានកើតឡើង ដែលត្រូវបរាជ័យ ដោយសារ​តែ​មានការប្រុង​ប្រយ័ត្ន​របស់ឧត្តមសេនីយ៍ រ៉ាម៉ូស ដែលមានភាពជិតស្និទ្ធនឹងអំណាចថ្មី។

លោកស្រីកូរ៉ាហ្ស៉ូន អាគីណូ មិនឈឈ្មោះឈោងចាប់អណត្តិថ្មីសម្រាប់ការបោះឆ្នោត​ប្រធានាធិបតី​នៅឆ្នាំ១៩៩២ទេ ហើយលោកហ្វីដែល រ៉ាម៉ូស បានបន្តពីលោកស្រី។ នេះគឺជា​ការ​ផ្លាស់ប្តូរដោយសន្តិភាព​ ដែលជាស្ថានភាពមិនមែនជាទម្លាប់ទេ កាលពីពេលមុនសម្រាប់​ប្រទេស​​ហ្វីលីពីន។

លោកស្រីកូរ៉ាហ្ស៉ូន អាគីណូ បានទទួលពានរង្វាន់ រ៉ាម៉ុន ម៉ាហ្គសៃសៃ នៅឆ្នាំ១៩៩៨ សម្រាប់​សកម្មភាព​របស់លោកស្រីដែលធ្វើការដើម្បីប្រជាធិបតេយ្យ។

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០៩ គ្រួសាររបស់លោកស្រីប្រកាសអំពីមរណភាពរបស់លោកស្រី បន្ទាប់​ពីបេះដូងឈប់ដើរ នៅខណៈដែលលោកស្រីមានជំងឺមហារីកពោះវៀនធំផង។

 

Daily Program

Livesteam thumbnail