រីឆាត សេដដុន អ្នកធ្វើកំណែទម្រង់ប្រទេសណូវែល ហ្សេឡង់ ដ៏ខ្លាំងក្លា

លោករីឆាត ចន សេដដុន កើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៨៤៥ នៅភូមិ អេកក្លេសតុន នៅក្នុង ខេត្តឡេនកាស្ហ៉ៀ ប្រទេសអង់គ្លេស។ លោកទទួលមរណភាព នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៩០៦ នៅសមុទ្រតាស្មាន។ លោករីឆាត សេដដុន គឺជារដ្ឋបុរសនៃរដ្ឋណូវែល ហ្សេឡង់ថ្មី។ លោករីឆាត សេដដុន គឺជានាយករដ្ឋមន្រ្តីទី១៤ របស់ប្រទេសណូវែល ហ្សេឡង់ ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ១៨៩៣ ដល់ថ្ងៃលោកទទួលមរណភាព។
ជានាយករដ្ឋមន្រ្តីដ៏ល្បីល្បាញបំផុតដែលត្រូវបានស្គាល់នៅក្នុងប្រទេស លោកបានគ្រប់គ្រងទាំងស្រុងជីវិតនយោបាយនៅចុងបញ្ចប់សតវត្សទី១៩ និងដើមសតវត្សទី២០។ ក្នុងរយៈពេល ជាប្រមុខនៃប្រទេសណូវែល ហ្សេឡង់ លោករីឆាត សេដដុន បានឈ្នះឆ្នោតបន្តបន្ទាប់គ្នា៥ដង ដែលជាឯកតកម្មមិនដែលមាននៅក្នុងប្រទេស។
ជាអ្នកផ្តួចផ្តើមគំនិតកំណែទម្រង់សង្គមមិនធ្លាប់មាននៅក្នុងចក្រភពអង់គ្លេស លោករីឆាត សេដដុន បានធ្វើឲ្យល្អប្រសើរឡើងនូវលក្ខខណ្ឌជីវិត និងការងាររបស់កម្មករ ដាក់ឲ្យដំណើរការនូវប្រាក់ឧបត្ថម្ភដំបូងសម្រាប់មនុស្សចាស់ជរា និងបង្កើតតុលាការអាជ្ញាកណ្តាលសម្រាប់ជម្លោះសង្គម។
នៅពេលនាយករដ្ឋមន្រ្តីណូវែល ហ្សេឡង់ ចន បាល់ឡេនស៍ បានស្លាប់នៅអំឡុងការប្រតិបត្តិមុខតំណែងនៅខែមេសា ឆ្នាំ១៨៩៣។ លោករីឆាត សេដដុន បានក្លាយជាអ្នកស្នងតំណែងជានាយករដ្ឋមន្រ្តី។ ក្រោយពីបានឡើងកាន់តំណែង លោកបានប្រកាន់យកស្ទីលដឹកនាំបែបប្រើអាជ្ញានិយម និងផ្ទាល់ និងប្រមូលផ្តុំជុំវិញដោយរដ្ឋមន្រ្តីរបស់លោក។
រដ្ឋមន្រ្តីក្រសួងការងាររបស់លោក លោកវីលៀម ផេមប៊ើ រីវ៉េស អ្នកសង្គមនិយម និងជាអ្នកគិតសំខាន់នៃនយោបាយសង្គមរបស់រដ្ឋាភិបាល នៅឆ្នាំ១៨៩៤ បានណែនាំនយោបាយតុលការអាជ្ញាកណ្តាល និងការផ្សះផ្សា ដែលជាវិធានការមួយដ៏ល្អត្រចះត្រចង់ក្នុងចំណោមវិធានការជាច្រើននៅក្នុងយុគសម័យរបស់លោករីឆាត សេដដុន។ ចាប់ពីពេលនោះមក ដើម្បីការពារផលប្រយោជន៍របស់កម្មករ និងក៏ដូចជាការប្រើប្រាស់ការធ្វើកូដកម្ម ជម្លោះសង្គមត្រូវតែកាត់ក្តី ដោយតុលាការអាជ្ញាកណ្តាលពិសេស និងត្រូវពិនិត្យមើលការរស់នៅដោយប្រសើររបស់អ្នកធ្វើការ។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៨៩៦ លោករីឆាត សេដដុន បានចាប់យកតំណែងរដ្ឋមន្រ្តីក្រសួងការងារ និងដឹកនាំមួយផ្នែកនៃសេចក្តីណែនាំពីនយោបាយថ្មីទៅជាវិធានការជាក់ស្តែង។
ដោយកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ផងចាប់តាំងពីឆ្នាំ១៩០៣ លោករីឆាត សេដដុន ពង្រឹងការកំហិតប្រឆាំងនឹងរាល់ការធ្វើអន្តោប្រវេសន៍របស់ជនជាតិចិនមកកាន់ប្រទេសណូវែល ហ្សេឡង់ ។
វិធានការមួយក្នុងចំណោមវិធានការដំបូងៗ នៃរដ្ឋាភិបាលរបស់លោក គឺការបង្កើតច្បាប់ដើម្បីឲ្យស្ត្រីមានសិទ្ធបោះឆ្នោត។ នៅឆ្នាំ១៨៩៣ ប្រទេសណូវែល ហ្សេឡង់ ក៏បានក្លាយជាប្រទេសទី១ នៅលើពិភពលោក យល់ព្រមផ្តល់សិទ្ធបោះឆ្នោតសម្រាប់ស្ត្រី។ នៅឆ្នាំ១៨៩៨ លោកណែនាំឲ្យប្រើប្រាក់ឧបត្ថម្ភសម្រាប់មនុសចាស់។ នេះគឺជាវិធានការដែលដើរមុនសម័យកាល ហើយលោកបានគាំទ្រយ៉ាងខ្លាំងក្លា។ គឺដោយសារវិធានការនេះ ដែលធ្វើឲ្យលោកត្រូវបានចងចាំនៅក្នុងចំណោមសាធារណៈជន។ នៅឆ្នាំ១៩០៥ លោកក៏ចូលរួមយ៉ាងខ្លាំងក្លាក្នុងការប្រកាន់យកច្បាប់មួយ ដែលធ្វើឲ្យល្អប្រសើរឡើងនូវបទដ្ឋានលំនៅដ្ឋានសម្រាប់កម្មករក្រីក្រ។
ជាសមាជិកដ៏សកម្ម និងនិយាយឮៗ នៃចក្រពត្តិអង់គ្លេស លោកជួយសម្រួលដល់ការពង្រីកចក្រភពអង់គ្លេសនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។ លោកមានការព្រួយបារម្ភដោយមើលឃើញ ចក្រភពដទៃៗ ទៀត ដូចជា បារាំង អាឡឺម៉ង់ និងអាម៉េរិក មកធ្វើអាណានិគមនៅកោះនាននៃមហាសមុទ្រប៉ាស៊ីហ្វ៊ីក ដោយរាជាណាក្រអង់គ្លេស មិនបានព្រួយបារម្ភ។
Daily Program
