ព្រះចៅអាគីហ៊ីតូ អធិរាជជប៉ុនដែលសម្តែងអារម្មណ៍សោកស្តាយ សម្រាប់សង្រ្គាម លោកលើកទី២

ព្រះចៅអាគីហ៊ីតូ ប្រសូតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៣ នៅវិមានអធិរាជរាជធានីតូក្យូ និង ជា អធិរាជនៃប្រទេសជប៉ុន ពីថ្ងៃទី៧ មករា ឆ្នាំ១៩៨៩ រហូតដល់ថ្ងៃដាក់រាជ្យរបស់ព្រះអង្គ​ នៅថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០១៩។ ការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅ អាគីហ៊ីតូ ជាការកត់​សម្គាល់​នូវ​ការ​បញ្ចប់យុគសម័យស្ហ៉ូវ៉ា និងការចាប់ផ្តើមនៃយុគសម័យ ហេសេ។

ព្រះអង្គអាគីហ៊ីតូ គឺជាបុត្រច្បង និងជាអ្នកស្នងនៃអធិរាជ ស្ហ៉ូវ៉ា ឬព្រះចៅ ហ៊ីរ៉ូហ៊ីតូ ជាមួយ​ព្រះ​ម្ចាស់​ក្សត្រី កូជុន ឬព្រះក្សត្រី ណាហ្គ៉ាកូ។

ដោយឡើងសោយរាជ្យជាផ្លូវការនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩០ យោងតាមប្រពៃណី ស្ហ៊ីនតូ ព្រះ​អង្គអាគីហ៊ីតូ គឺជាអធិរាជទី១២៥ របស់ជប៉ុន មានប្រភពពីគ្រួសាររាជ្យវង្ស យ៉ាម៉ាតូ ដែល​ធ្លាប់​បានសោយរាជ្យ​នៅជប៉ុនចាប់តាំងពីឆ្នាំ៦៦០ មុនគ្រីស្ទសករាជ ដែលនេះគឺជារាជវង្ស​ដែល​មានចំណាស់បំផុត​នៅលើពិភពលោក។

ព្រះចៅអធិរាជអាគីហ៊ីតូ បានដាក់រាជ្យនៅថ្ងៃទី៣០ មេសា ឆ្នាំ២០១៩ ដែលជាការសម្រេចចិត្ត​របស់​ព្រះអង្គ ក្រោយពីបានប្រកាសមុនប៉ុន្មានខែ។

ទោះបីជាមានការកំហិតដោយរដ្ឋធម្មនុញ្ញជប៉ុន សម្រាប់តួនាទីរបស់ព្រះចៅអធិរាជ ព្រះអង្គ​អាគីហ៊ីតូ បានចេញជាច្រើនដងពីរាជវាំង​ដើម្បីសម្តែងនូវការសោកស្តាយជាបុគ្គលផ្ទាល់ខ្លួន ក្នុង​​នាមជាគ្រួសារអធិរាជ សម្រាប់ប្រទេស​នៅអាស៊ី ដែលបានរងការឈឺចាប់​នៅអំឡុង​ពេល​ការ​​កាន់កាប់របស់ជប៉ុន។

នៅឆ្នាំ១៩៧៥ ព្រះអង្គបានធ្វើដំណើរទៅកោះ អូគីណាវ៉ា ដែនដី​ដែលបានទទួលនូវសមរភូមិ​ដ៏​អាក្រក់​របស់ប្រទេសជប៉ុន។

ចាប់តាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨៩ នៅអំឡុងពេលទស្សនកិច្ចជាផ្លូវការនៃនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន លោកលី ប៉េង ព្រះអង្គអាគីហ៊ីតូ ជាលើកទី១ បានប្រើពាក្យ “សោកស្តាយ” (សម្រាប់ទង្វើរបស់ជប៉ុន)។ ក្រោយមក ព្រះអង្គអាគីហ៊ីតូ គឺជាអធិរាជជប៉ុនទី១ ដែល​បានទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នៅខែតុលា ឆ្នាំ១៩៩២។

ពាក់ព័ន្ធនឹងរឿងកូរ៉េ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩០ ព្រះអង្គអាគីហ៊ីតូ ក៏បានសម្តែង​នូវ​ការ​សោកស្តាយ​ជ្រាលជ្រៅសម្រាប់​អំពើហិង្សាជប៉ុន​កាលពីអតីតកាល  ក្នុងអំឡុងកិច្ចសន្ទនា​ជាមួយ​​ប្រធានាធិបតីកូរ៉េខាងត្បូង លោករ៉ូ តេវូ ដែលមកទស្សនកិច្ចជាផ្លូវការនៅជប៉ុន។ ខ្លឹមសារ គឺដោយនឹកទៅដល់ការឈឺចាប់ដែលប្រជាជនកូរ៉េបាន​ទទួលរងនៅអំឡុងយុគ​សម័យ​​​ដ៏ឈឺចាប់នោះ តាមរយៈកំហុសរបស់ប្រជាជាតិជប៉ុន គឺព្រះអង្គមានអារម្មណ៍អំពី​ការ​ឈឺចាប់ និងសោកស្តាយដ៏ជ្រាលជ្រៅបំផុត។

នៅខែមិថុនា ឆ្នាំ២០០៥ ព្រះចៅអធិរាជ បានធ្វើដំណើរទស្សនកិច្ចនៅកោះសៃប៉ាន ប្រជុំកោះ​ម៉ារីយ៉ាន នៅមហាសមុទ្រប៉ាស៊ីហ្វីក។ នេះគឺជាទីតាំងសមរភូមិដ៏បង្ហូរឈាមមួយខ្លាំងបំផុត នៅ​​សង្រ្គាមលោកលើកទី២ ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៤៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៤៤។ ព្រះអង្គបានបួងសួង និងផ្តល់ផ្កាម្រាប់បូជនីយដ្ឋានចងចាំជាច្រើន​សម្រាប់ផ្តល់កិត្តិយលដល់​កង​ទ័ព​ជប៉ុន​​ដែលបានពលីដោយសារសង្រ្គាម កងទ័ពអាម៉េរិក ពលករកូរ៉េដែលបង្ខំ​ឲ្យប្រយុទ្ធ​ដើម្បី​ជប៉ុន និងប្រជាជនក្នុងតំបន់។ នេះគឺជាដំណើរទស្សនកិច្ចលើកទី១ របស់ព្រះមហាក្សត្រ​ជប៉ុន នៅលើទីតាំងនានានៃអតីតសមរភូមិនៅសង្រ្គាមលោកលើកទី២។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ព្រះអង្គអាគីហ៊ីតូ សម្តែងនូវអារម្មណ៍ឈឺចាប់សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់សង្រ្គាមលោកលើកទី២ ក្នុងគម្របខួប ៧០ឆ្នាំ បន្ទាប់ពីការបិទ​បញ្ចប់​សង្រ្គាម។

 

Daily Program

Livesteam thumbnail