ពីទ្រឹស្តីក្នុងថ្នាក់រៀន ឆ្ពោះទៅរកនវានុវត្តន៍កសិដ្ឋានឆ្លាតវៃរបស់និស្សិតកម្ពុជា
នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រប់វិស័យ ការផ្លាស់ប្តូរទម្លាប់ពីការធ្វើកសិកម្មបែបប្រពៃណី មកជាកសិកម្មឆ្លាតវៃកំពុងក្លាយជាតម្រូវការចាំបាច់ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ឆ្លើយតបនឹងនិន្នាការបច្ចេកវិទ្យានេះ គំនិតស្រាវជ្រាវដ៏សាមញ្ញមួយនៅក្នុងថ្នាក់រៀន បានរុញច្រានឱ្យក្រុមសិស្សានុសិស្សនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) អាចបំប្លែងទ្រឹស្តីស្មុគស្មាញឱ្យក្លាយជាសមិទ្ធផលជាក់ស្តែងដ៏គួរឱ្យកោតសរសើរ។ សមិទ្ធផលនោះ គឺការបង្កើតឡើងនូវប្រព័ន្ធ Solar Greenhouse ឬផ្ទះកញ្ចក់ឆ្លាតវៃដើរដោយថាមពលព្រះអាទិត្យ ដែលមានសមត្ថភាពគ្រប់គ្រងការស្រោចទឹក ដាក់ជី និងគ្រប់គ្រងសីតុណ្ហភាពក្នុងរោងដាំដុះដោយស្វ័យប្រវត្តិនាពេលបច្ចុប្បន្ន។
ឈរនៅចំពោះមុខគំរូកសិដ្ឋានខ្នាតតូចដែលពោរពេញដោយការតភ្ជាប់បណ្តាញខ្សែភ្លើង ផ្ទាំងសូឡា និងឧបករណ៍សេនស័រវាស់វែងជាច្រើន យុវជន ភាត វិជ្ជា សិស្សជំនាញអគ្គិសនីនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានរំលឹកពីកាតាលីករដែលធ្វើឱ្យរូបលោក និងមិត្តភក្តិរួមថ្នាក់ប្តេជ្ញាចិត្តបង្កើតប្រព័ន្ធនេះឡើង។ យុវជនរូបនេះបានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលផ្នែកកសិកម្មខ្ពស់ខ្លាំងណាស់ ប៉ុន្តែបញ្ហាប្រឈមធំរបស់កសិករនាពេលបច្ចុប្បន្ន គឺការប្រែប្រួលអាកាសធាតុមិនទៀងទាត់ និងការចំណាយខ្ពស់លើកម្លាំងពលកម្មមនុស្ស។ ហេតុទើបលោកយល់ឃើញថា ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាសូឡាដែលជាថាមពលបៃតង និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការដាំដុះ អាចជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្មបានច្រើន និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទិន្នផលកសិកម្មឱ្យបានខ្ពស់ជាងមុន។
នៅក្នុងផ្ទះកញ្ចក់ Solar Greenhouse នេះ រាល់ដំណើរការនៃការថែទាំដំណាំលែងពឹងផ្អែកលើការត្រួតពិនិត្យដោយផ្ទាល់ពីកសិករទាំងស្រុងទៀតឡើយ។ យុវជន ភាត វិជ្ជា បានពន្យល់លម្អិតពីយន្តការការងារថា នៅក្នុងប្រព័ន្ធដែលក្រុមលោកបង្កើតឡើងនេះ មានដំឡើងប្រព័ន្ធកង្ហារវិលស្វ័យប្រវត្តិ ដែលដំណើរការទៅតាមការកំណត់។ នៅពេលដែលអាកាសធាតុខាងក្រៅក្តៅខ្លាំង ហើយឧបករណ៍សេនស័រវាស់កម្តៅនៅក្នុងផ្ទះកញ្ចក់ចាប់សញ្ញាបានថា សីតុណ្ហភាពបានហក់ឡើងខ្ពស់ហួសកម្រិតកំណត់ នោះប្រព័ន្ធកង្ហារនឹងដំណើរការភ្លាមៗដើម្បីបញ្ចេញខ្យល់ក្តៅចេញទៅខាងក្រៅ និងទាញយកខ្យល់ត្រជាក់ពីខាងក្រៅចូលមកវិញ។ យន្តការស្វ័យប្រវត្តិនេះ ជួយរក្សាសីតុណ្ហភាពខាងក្នុងឱ្យនៅថេរ និងសមស្របបំផុតសម្រាប់ការលូតលាស់របស់ដំណាំ ព្រមទាំងការពារដាច់ខាតនូវរាល់ការខូចខាតទាំងឡាយណាដែលបង្កឡើងដោយសារកម្តៅថ្ងៃខ្លាំង។
ដើម្បីឱ្យប្រព័ន្ធផ្ទះកញ្ចក់ឆ្លាតវៃនេះដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងភាពច្បាស់លាស់ វាមិនមែនគ្រាន់តែជាការតខ្សែភ្លើងជំនាញធម្មតានោះទេ ប៉ុន្តែវាត្រូវបានបញ្ជាដោយខួរក្បាលបច្ចេកវិទ្យាដ៏វៃឆ្លាតបំផុត។ លោក សួស សុជាតិ គ្រូបង្រៀនជំនាញការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី នៅសាលា NTTI បានពន្យល់ពីលក្ខណៈបច្ចេកទេសដ៏ទំនើបនៃគម្រោងនេះថា ប្រព័ន្ធ Solar Greenhouse នេះ ត្រូវបានរចនាឡើងឱ្យមានភាពបត់បែនខ្ពស់ ដោយកសិករឬអ្នកប្រើប្រាស់អាចធ្វើការបញ្ជាពីចម្ងាយតាមរយៈទូរសព្ទដៃក៏បាន ឬទុកឱ្យវាដំណើរការដោយស្វ័យប្រវត្តិតាមកម្មវិធីដែលបានកំណត់ទុកជាមុនក៏បាន។
លក្ខណៈវិសេសវិសាលមួយទៀតនៃគម្រោងស្រាវជ្រាវនេះ គឺសមត្ថភាពគ្រប់គ្រងថាមពលឆ្លាតវៃ ដោយប្រព័ន្ធអាចគ្រប់គ្រងបន្ទុកអគ្គិសនី និងកំណត់អាទិភាពនៃប្រភពថាមពលយ៉ាងច្បាស់លាស់។ ប្រព័ន្ធនេះអាចផ្លាស់ប្តូរប្រភពថាមពលរវាងថាមពលសូឡាដើរដោយពន្លឺព្រះអាទិត្យ ថាមពលបម្រុងពីអាគុយ និងបណ្តាញអគ្គិសនីរដ្ឋដោយស្វ័យប្រវត្តិ ដោយមិនធ្វើឱ្យដាច់ចរន្តអគ្គិសនីដែលកំពុងចិញ្ចឹមឧបករណ៍ក្នុងផ្ទះកញ្ចក់ឡើយ។ ជាមួយគ្នានេះដែរ ក្រុមនិស្សិតក៏បានបំពាក់បច្ចេកវិទ្យា Internet of Things (IoT) ដែលអាចប្រមូលទិន្នន័យអាកាសធាតុជាក់ស្តែងជុំវិញតំបន់ដាំដុះយកមកវិភាគ និងធ្វើការព្យាករណ៍ស្ថានភាពអាកាសធាតុជាមុន ដើម្បីត្រៀមបម្រុងថាមពលនៅក្នុងអាគុយទុកជាមុន នៅពេលដែលអាកាសធាតុប្រែប្រួល ឬមានភ្លៀងធ្លាក់។ ក្រៅពីភាពឆ្លាតវៃ ប្រព័ន្ធនេះក៏ត្រូវបានដំឡើងមុខងារការពារសុវត្ថិភាពខ្ពស់ ដែលអាចកាត់ផ្តាច់ចរន្តអគ្គិសនីភ្លាមៗ នៅពេលរកឃើញថាមានការឆ្លងចរន្ត ឬនៅពេលដែលសីតុណ្ហភាពកើនឡើងខ្ពស់ខុសប្រក្រតីដែលអាចបង្កជាគ្រោះថ្នាក់។
សមិទ្ធផល Solar Greenhouse របស់សិស្សជំនាញអគ្គិសនីនៃវិទ្យាស្ថាន NTTI នេះ មិនមែនគ្រាន់តែជាគម្រោងដើម្បីទទួលបានពិន្ទុសម្រាប់ការបញ្ចប់ការសិក្សានោះទេ ប៉ុន្តែវាគឺជាសក្ខីកម្មដ៏រស់រវើកមួយដែលឆ្លុះបញ្ចាំងពីតម្លៃពិតប្រាកដនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ លោកគ្រូ សួស សុជាតិ បានសង្កត់ធ្ងន់ឱ្យដឹងថា ស្នាដៃផ្ទះកញ្ចក់ឆ្លាតវៃនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយដែលបង្ហាញឱ្យឃើញច្បាស់ថា ប្រព័ន្ធអប់រំ TVET មិនត្រឹមតែផ្តល់ជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនវានុវត្តន៍ និងស្វែងរកដំណោះស្រាយថ្មីៗ សម្រាប់យកទៅបម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ លោកគ្រូបានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃគម្រោងស្រាវជ្រាវនេះ គឺចង់ជំរុញសិស្សានុសិស្សឱ្យអភិវឌ្ឍសមត្ថភាពខាងផ្នែកស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីអាចបង្កើតអាជីវកម្មដោយខ្លួនឯងនាពេលអនាគត។
ទោះបីជាបច្ចុប្បន្ន គម្រោងប្រព័ន្ធ Solar Greenhouse នេះ នៅស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងក៏ដោយ ប៉ុន្តែវាក៏បានបង្ហាញឱ្យឃើញច្បាស់ពីសមត្ថភាពរបស់សិស្ស TVET ក្នុងការបំផ្លែងចំណេះដឹងទ្រឹស្តីពីក្នុងថ្នាក់រៀន ឱ្យក្លាយទៅជាផលិតផលជាក់ស្តែង ដែលអាចឆ្លើយតបចំៗទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម និងទីផ្សារការងារនាយុគសម័យឌីជីថលនេះយ៉ាងពិតប្រាកដ។