ចូហ្ស៉េ មូជីកា ប្រធានាធិបតីក្រីក្របំផុតលើលោក

លោកចូហ្ស៉េ អាល់ប៊ែរតូ មូជីកា គ័រដាណូ ឬគេហៅគាត់ថា ប៉េប៉េ មូជីកា កើតនៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ១៩៣៥ នៅទីក្រុងម៉ុងតេវីដេអូ។ លោកគឺជារដ្ឋបុរសរបស់ប្រទេសអ៊ុយរូហ្គាយ។

លោកចូហ្ស៉េ មូជីកា មានឪពុកលោក ដេម៉េទ្រីយ៉ូ មូជីកា និងលោកស្រីលូស៊ីយ៉ា គ័រដាណូ ពី​គ្រួសារសាមញ្ញ និងជាជនជាតិអ៊ីតាលី។

លោកចូហ្ស៉េ មូជីកា តាំងចិត្តចូលរួមនយោបាយដំបូងនៅក្នុងក្រុមសកម្មជនសង្គម។ នៅ ដំណាច់ទសវត្សឆ្នាំ១៩៥០។

នៅឆ្នាំ២០០៤ លោកចូហ្ស៉េ មូជីកា ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្មនៃចលនាឆ្វេង​និយម របស់ ប្រធានាធិបតីអ៊ុយរូហ្គាយ លោកតាបារ៉េ វ៉ាសកេ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១០ លោកចូហ្ស៉េ មូជីកា បានឈ្នះការបោះឆ្នោតនៅប្រទេសអ៊ុយរូហ្គាយ និងក្លាយជាប្រធានាធិបតី​ជា​ផ្លូវការ​នៃ​ប្រទេស។

យោងតាមអ្នកសង្គមវិទូ ដេនីស ម៉ែក្លិន បានឲ្យដឹងថា នៅពេលលោកចូហ្ស៉េ មូជីកា បញ្ចប់​អណត្តិ​ និង​ប្រគល់​អំណាចទៅកាន់អ្នកស្នងបន្ត ប្រទេសអ៊ុយរូហ្គាយ ជាថ្មី បានក្លាយជាជើង​ឯក​​នៅ​​តំបន់​​អាម៉េរិកឡាទីន​ខាងកិច្ចការសង្គម។ ភាពក្រីក្របានធ្លាក់ចុះពី៤០% នៅឆ្នាំ២០០៥ មកនៅ ១១,៥% នៅក្នុងចំណោមប្រជាជន ហើយភាពក្រីក្រស្ថិតនៅក្រោម ៣% នៅក្នុង​តំបន់​ជន​បទ។ នៅ​លើគ្រប់សូចករទាំងអស់ ប្រទេសអ៊ុយរូហ្គាយ គឺស្ថិតនៅល្អប្រសើរជាងគេ​នៅ​ក្នុង​តំបន់​អាម៉េរិកឡាទីន។

លោកចូហ្ស៉េ មូជីកា ខុសពីមេដឹកនាំដទៃនៃកម្រិតអន្តរជាតិ តាមរយៈរបៀបរបបរស់នៅរបស់​លោក ដែលនៅឆ្ងាយពីរបៀបរបបរស់នៅក្នុងភាពប្រណីតក្នុងមុខងារប្រធានាធិបតី។ លោក​មិន​រស់នៅក្នុងវិមានប្រធានាធិបតីទេ ហើយទៅរស់នៅក្នុងកសិដ្ឋានភរិយារបស់លោក នៅចុង​ផ្លូវ​នៅទីក្រុង ម៉ុងតេវីដេអូ។ លោកចូហ្ស៉េ មូជីកា បន្តរស់នៅ និងដាំដុះដំណាំ និងផ្កា ជាមួយ​ភរិយា​របស់លោក។ លោក​ចូហ្ស៉េ មូជីកា បរិច្ចាគ ៩០% នៃប្រាក់ខែប្រធានាធិបតីសម្រាប់​កម្មវិធី​លំនៅ​ដ្ឋាន​សង្គម និង​រក្សា​ទុកក្នុងខ្លួនលោកនៅប្រាក់ស្មើនឹងប្រាក់ចំណូលមធ្យមនៃ​ជនជាតិ​អ៊ុយរូហ្គាយ គឺប្រមាណ 1000 ដុល្លារ ក្នុងមួយខែ។ គូស្វាមីភរិយាប្រធានាធិបតីបាន​ផល​ប្រយោជន៍ពីការ​ការពារ​របស់​ប៉ូលីស ២នាក់ នៅកសិដ្ឋានផងដែរ។

ទ្រព្យសម្បត្តិគ្រួសាររបស់លោកចូហ្ស៉េ មូជីកា ភាគច្រើនគឺមកពីភរិយារបស់លោក ឬបើគេធ្វើ​ការ​វាយ​តម្លៃនៅឆ្នាំ២០១២ គឺមានប្រមាណ ៤,២លាន ប៉ឺសូអ៊ុយរូហ្គាយ ឬប្រមាណ ២០០០០ដុល្លារ អាម៉េរិក។ លោកចូហ្ស៉េ មូជីកា មានរថយន្តចាស់មួយ ម៉ាក Coccinelle អាយុ ២៣ឆ្នាំ ដើម្បីប្រើប្រាស់។

ការតាំងចិត្តនៅក្នុងកិច្ចការសង្គមរបស់លោក គឺទៅកាន់តែឆ្ងាយ។ តួយ៉ាង នៅអំឡុងរលក​ត្រជាក់ដែលប្រទេសអ៊ុយរូហ្គាយ ទទួលរងនៅឆ្នាំ២០១២ លោកក៏បានបញ្ជាឲ្យបើកទ្វារវិមាន​ប្រធានាធិបតីដើម្បីទុកជាទីជម្រក​សម្រាប់អ្នកគ្មានទីលំនៅ​ជ្រកគេចពីភាពត្រជាក់។

នៅឆ្នាំ២០១២ ដោយត្រូវបានគេធ្វើសម្ភាសន៍​សម្រាប់ភាពយន្តឯកសារ ចំណងជើងថា Human របស់លោក យ៉ាន អាកធូស ប៊ែរត្រេន (Yann Arthus-Bertrand) លោកចូហ្ស៉េ មូជីកា បាន​ធ្វើការ​អំពាវនាវឲ្យមនុស្សរស់នៅសមល្មម និងមានការតំហយសេដ្ឋកិច្ច មានន័យថា កុំទៅមុខ​ជឿន​លឿន​ហួសហេតុ ដែលលោកបញ្ជាក់ថា វាគឺជាការបង់ថ្លៃអាយុជីវិតមនុស្ស និង​បរិស្ថាន។

លោកចូហ្ស៉េ មូជីកា បានទទួលមរណភាពនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ មរណភាព​របស់​លោកត្រូវបានប្រកាសដោយប្រធានាធិបតីអ៊ុយរូហ្គាយដែលកំពុងកាន់មុខតំណែង គឺ លោក​យ៉ាម៉ានឌូ អ័រស៊ី។

 

Daily Program

Livesteam thumbnail