សម្តេចប៉ាប៖ អប់រំនឹងលើកកម្ពស់និរន្តរភាព និងសន្តិភាព
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបង្ហាញនូវជំហរឱ្យព្រះសហគមន៍បន្តយកចិត្តទុកដាក់នៅក្នុងការលើកកំពស់ការអប់រំ និងកម្មវិធីអក្ខរកម្មនៅក្នុងសង្គម។ នេះបើតាមសេចក្តីរាយការណ៍របស់ វ៉ាទីកង់ញូវ។
ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបបានអោយតម្លៃដ៏ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលអក្ខរកម្ម និងអប់រំ ដោយមានបន្ទូលថា គឺជាច្រកដែលព្រះសហគមន៍អាចជួយលើកកំពស់និរន្តភាពនិងសន្តិភាពនៅក្នុងសង្គម។
ប្រភពដដែលបានបន្តថា ជំហររបស់សម្តេចប៉ាបនេះ គឺត្រូវបានលើកឡើងនៅក្នុងសាររបស់ទ្រង់សម្រាប់ទិវាអក្ខរកម្មអន្តរជាតិដែលរៀបចំឡើងដោយអង្គការយូណេស្កូ ។
សម្តេចប៉ាបបានមានបន្ទូលថា ការអប់រំផ្នែកអក្ខរកម្មមានតួនាទីជាមូលដ្ឋាន និងជាស្នូលក្នុងការអភិវឌ្ឍន៍របស់មនុស្សម្នាក់ៗ ហើយអក្ខរកម្មនឹងអាចជួយរួមចំណែកកសាងមូលធនធនធានមនុស្សកាន់តែច្រើនឡើងសម្រាប់សង្គមទាំងមូលដើម្បីលើកទឹកចិត្តនិងជំរុញការចូលរួមរបស់មនុស្សជាតិ ក្នុងការកសាងសង្គមប្រកបដោយចីរភាព និងសន្តិភាព។
សម្តេចប៉ាបបានបន្ថែមទៀតថា អក្ខរកម្មគឺមានប្រយោជន៍ក្នុងការជួយឲ្យមនុស្សជាតិអាចធ្វើសមាហរណកម្មប្រកបដោយសុខដុមរមនារបស់ពួកគេទៅក្នុងសហគមន៍ និងក្នុងការចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សង្គម៕