៥ ថ្ងៃសម្លាប់មនុស្សដល់ទៅ៣៦នាក់

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥គឺនៅតែខ្ពស់ដោយវា បានសម្លាប់ជីវិតមនុស្សដល់ទៅ ៣៦ នាក់ និង របួសធ្ងន់ស្រាលសរុបដល់ទៅ ៦៦នាក់។

តាមស្ថិតិដែលសមត្ថកិច្ចប៉ូលីសបានកត់ត្រានៅទូទាំងប្រទេសដោយរាប់ចូលទាំងថ្ងៃសៅរ៍និងអាទិត្យ គ្រោះថ្នាក់ចរាចរណ៍គឺបានកើតមានឡើងមិនលោះថ្ងៃសោះ គឺរាល់ថ្ងៃ សរុបទៅនៅក្នុងអំឡុងពេលដែលពលរដ្ឋនៅទូទាំងប្រទេសកំពុងតែសប្បាយ មានពលរដ្ឋជាច្រើនគ្រួសារបែរជាមានទុក្ខ ព្រោះតែមានសាច់ញាតិត្រូវស្លាប់ឬចូលមន្ទីរពេទ្យព្រោះតែគ្រោះថ្នាក់ចរាចរណ៍។

សមត្ថកិច្ចប៉ូលីសបានឱ្យដឹងថា រយៈពេល៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពោលគឺ​ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កើតមានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ចំនួន​ ៤៤លើក បណ្ដាលឱ្យមនុស្សស្លាប់​ ៣៦នាក់ និងរបួសធ្ងន់ស្រាល៦៦នាក់។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមេសា បានកើតឡើងចំនួន ៦លើក បណ្តាល​ឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៨នាក់។ នៅថ្ងៃទី១៣ ខែមេសា គ្រោះថ្នាក់ចរាចរណ៍​ បានកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ នៅថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍​ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ នៅថ្ងៃទី១៥ ខែមេសា គ្រោះថ្នាក់ចរាចរណ៍​ បានកើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ២០នាក់។ នៅថ្ងៃទី១៦ ខែមេសា​ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់មនុស្ស​ ១២នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានគូសបញ្ជាក់ថា កត្តាដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយ:ពេល៥ថ្ងៃនេះ ដោយ​សារតែហេតុផលដដែលៗគឺការដោយសារតែឥរិយាបទនៃការបើកបរនេះឯង។ 

តាមការឲ្យដឹងរបស់សមត្ថកិច្ចមូលហេតុដែលបណ្តាលឲ្យមានគ្រោះមហន្តរាយសម្រាប់គ្រួសារនិងសង្គមនៅក្នុងថ្ងៃដែលគេសប្បាយនៅទូទាំងប្រទេសនោះ គឺការបើកបរលឿនលើសល្បឿនកំណត់, បើកបរមិនប្រកាន់ស្តាំ, បើក​បញ្ច្រាស​ទិសដៅ​ចរាចរ, វ៉ាជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់,​ មិនគោរពសិទ្ធិ និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ជាពិសេសនៅពេលយប់។

តាមស្ថិតិនេះប្រសិនបើធៀបនឹងឆ្នាំ២០២៤ គឺហាក់មានការថយចុះបន្តិចបន្តួច ដោយកាលនោះគឺវាកើតមានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសសរុបមានចំនួនរហូតដល់៥០លើក បណ្ដាលឲ្យមនុស្សស្លាប់​៣៩នាក់ និងរបួសធ្ងន់ស្រាល​៩៦នាក់ឯណោះ។​

សរុបទៅអត្រានៃការថយចុះនេះគឺតិចតួចណាស់ ដូច្នេះវាគឺជាសញ្ញាមួយដែលសរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍វានៅតែជា​ឃាតករអត់ស្រមោលដែលតាមអន្ទងឆក់យកជីវិតយើងទាំងអស់គ្នាគ្រប់ពេលវេលា ឲ្យតែយើងប្រហែស។ ដូច្នេះ ដើម្បីបង្ការនិងការពារគឺមានតែការលើកកម្ពស់ ការប្រុងប្រយ័ត្នប៉ុណ្ណោះទើបអាច កាត់បន្ថយគ្រោះថ្នាក់នេះបាន។ សូមបន្តលើកកម្ពស់ការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍នៅក្នុងពេលបើកបរនិងប្រើប្រាស់ផ្លូវថ្នល់សាធារណៈ៕

 

Daily Program

Livesteam thumbnail