២០២៦ កាតព្វកិច្ចយោធាត្រូវបានលើកឡើងជាថ្មី

សេចក្តីព្រាងច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​លើកយក​មក​ពិនិត្យ និង​សម្រេច​ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ហើយបន្ទាប់ពីសេចក្តីព្រាងនេះឆ្លងកាត់សភា និង ព្រឹទ្ធសភា ហើយព្រះមហាក្សត្រឬប្រមុខរដ្ឋស្តីទីចុះហត្ថលេខារួច ឯកសារនេះនឹងក្លាយជាច្បាប់។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គមនៅព្រឹកថ្ងៃព្រហស្បតិ៍​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា ជា​របៀបវារៈ​មួយ​នៅ​ក្នុង​ចំណោម​របៀបវារៈ​៥ ដែល​ពិភាក្សា​និង​សម្រេច​។

ក្រៅពី​នោះ គឺ​មាន៖

-​​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​មធ្យម ឆ្នាំ​២០២៧-២០២៩

-​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគសាធារណៈ៣​ឆ្នាំ​រំកិល​២០២៧-២០២៩

-​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​សកម្មភាព​មីន ឆ្នាំ​២០២៦-២០៣៥​

-និង​របាយការណ៍​វឌ្ឍនភាព​ស្តី​ពី​ការ​អនុវត្ត​វិធានការ​អន្តរាគមន៍​ជួយ​អតីត​ពលករ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ។

ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា​ កម្ពុជា​ធ្លាប់​មាន តែ​មិន​អនុវត្ត​ឡើយ ហើយ​ពង្រាង​ច្បាប់​ថ្មី​នេះ គឺ​ត្រូវ​បាន​ដាក់​ចេញ ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី​បាន​បង្ហើប​កាលពី​ខែកក្កដា ឆ្នាំ​២០២៥ ពោល​គឺ​បន្ទាប់​ពី​កម្ពុជា​មាន​ជ​ម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

នៅពេលនេះវានៅជាសេចក្តីព្រាង ប៉ុន្តែនៅពេលឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់ដូចរៀបរាប់ខាងលើ នោះឯកសារនេះនឹងក្លាយជាច្បាប់ដែលយុវជនកម្ពុជាចាំបាច់ត្រូវតែអនុវត្តហើយសង្ឃឹមថា វានឹងត្រូវអនុវត្តទាំងអស់គ្នាដោយស្មើភាព ផ្អែកតាមច្បាប់​ដោយមិនលើកលែង មិនមានបក្សពួក ហើយយុវជនដែលចូលរួម ក៏ត្រូវបានការពារដោយច្បាប់​។​

ច្បាប់កាតព្វកិច្ចយោធានេះត្រូវអនុវត្តសម្រាប់យុវជនពី១៨ដល់២៥ឆ្នាំ រីឯយុវតីវិញ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់កាតព្វកិច្ចយោធា ត្រូវបានគេដឹងថា ត្រូវបានអនុវត្តនៅប្រទេសជាច្រើនសូម្បីតែប្រទេសនៅក្នុងតំបន់អាស៊ីអគ្នេយ៍យើងនេះ ដូច្នេះវាដល់ពេលដែលយុវជនដែលជាទំពាំងស្នងស្ស៊ីត្រូវតែចូលរួមដើម្បីលើកកំពស់កិត្យានុភាពជាតិ និង ការការពារក៏ដូចជាការកសាងឧត្តមប្រយោជន៍របស់ជាតិ។

ជាទូទៅកន្លងមក​មានចំណុចមួយចំនួន បានត្រូវគេរំលេចឡើង ទើបធ្វើឲ្យការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលមានកន្លងមកមិនមានប្រសិទ្ធភាព ប៉ុន្តែនៅពេលដែលកម្ពុជាមានច្បាប់នេះថ្មីសង្ឃឹមថា គ្រប់គ្នានឹងអនុវត្ត។ ច្បាប់គឺដើម្បីទាំងអស់គ្នា ហើយក៏មិនអាចលើកលែងឬមានគោលដៅដាក់លើនរណាឡើយ។ គ្រប់គ្នាមានកាតព្វកិច្ចត្រូវតែគោរពច្បាប់ទាំងអស់ ហើយច្បាប់នេះគឺជាមូលដ្ឋានពិតប្រាកដនៃនីតិរដ្ឋ៕

 

Daily Program

Livesteam thumbnail