យូណេស្កូ បានចុះ «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជា
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
នេះជាការលើកឡើងរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពី «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក នាកិច្ចប្រជុំលើកទី៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ (Riyadh)នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោកបានថ្លែងថា ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ការស្នើសុំចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក គឺជាលទ្ធផលនៃកិច្ចដំណើរការងារដ៏យូរ និងលំបាកស្មុគស្មាញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ជាពិសេសការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញការជាតិ និងអន្តរជាតិ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។
ដំណើរការដ៏ស្វិតស្វាញនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ បញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា ជាពិសេសសម្រេចឱ្យបាននូវការចុះបញ្ជី «រមណីយ ដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និងការពង្រឹងមោទកភាពជាតិ។
Daily Program
