ពិធីបុណ្យសពប្រធានាធិបតី រ៉ៃអ៊ីហ្ស៊ី ធ្វើឡើងនៅទីក្រុង តាប្រ៊ីហ្ស

ថ្ងៃទី២១ ខែឧសភា គឺជាការកាន់ទុក្ខរបស់ជនជាតិអ៊ីរ៉ង ដែលចូលរួមគោរពវិញ្ញាណក្ខន្ធ​ប្រធានាធិបតីអ៊ីរ៉ង អេប្រាហ៊ីម រ៉ៃអ៊ីហ្ស៊ី។ ពិធីបុណ្យសពលោកចាប់ផ្តើមនៅទីក្រុង តាប្រ៊ីហ្ស ទីរួម​​ខេត្តអាហ្ស៊ែបៃហ្សង់ខាងកើត ដែលជាកន្លែងដែលលោកបានទទួលមរណភាព​ក្នុងការ​ធ្លាក់​​​ឧទ្ធម្ភាចក្រមួយ។

បន្ទាប់ពីទីក្រុងតាប៊្រីហ្ស សពរបស់លោករ៉ៃអ៊ីហ្ស៊ី នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងពិសិដ្ឋ ទីក្រុង ឃ្យូអូម នៅភាគខាងត្បូងទីក្រុងតេអេរ៉ង់ មុននឹងចេញដំណើរទៅកាន់រដ្ឋធានី។ លោក​អាយ៉ា​តូឡា ខាម៉េណេ ដឹកនាំ​ការបួងសួង នៅក្នុងកម្មវិធីលាចុងក្រោយ​ដែលត្រៀមធ្វើ​នៅទី​ក្រុង​តេអេរ៉ង់​នៅល្ងាចថ្ងៃអង្គារ មុននឹងពិធីតាមសាសនាធំៗ ត្រូវចាប់ផ្តើម​នៅរដ្ឋធានី​នៅព្រឹក​ថ្ងៃ​ពុធ។

បន្ទាប់មកសពរបស់លោករ៉ៃអ៊ីហ្ស៊ី នឹងបញ្ជូនទៅកាន់ខូរ៉ាសានភាគនិរិតី នៅព្រឹកថ្ងៃព្រហស្បតិ៍ និងនៅភូមិកំណើតរបស់លោក ភូមិម៉ាឆាត ដែលលោកនឹងត្រូបញ្ចុះនៅថ្ងៃព្រហស្បតិ៍ពេល​ល្ងាច។

នៅថ្ងៃកើតហេតុ ឧទ្ធម្ភាចក្រនៃប្រធានាធិបតីស្ថិតនៅលើផ្លូវត្រឡប់មកកាន់ទីក្រុងតាប្រ៊ីហ្ស នៅ​​ភាគពាយព្យនៃប្រទេស បន្ទាប់ពីបានចូលរួម​ការសម្ពោធ​ទំនប់រួមគ្នាជាមួយ​សមភាគី អាហ្ស៉េរី អ៊ីអ៊ីហាម អាលីយ៉េវ នៅព្រំដែនដែនរួមជាមួយប្រទេសអាហ្ស៊ែបៃហ្សង់។

ប្រតិបត្តិការរុករក និងសង្រ្គោះ បានចាប់ផ្តើម​នៅថ្ងៃអាទិត្យពេលរសៀល នៅខណៈដែល​ឧទ្ធម្ភាចក្រពីរទៀតនៃក្បួនរបស់លោកបានបាត់បង់ការទាក់ទងជាមួយគ្រឿងយន្តរបស់ខ្លួនដោយហេតុផលនៃលក្ខខណ្ឌអាកាសធាតុលំបាកនៅក្នុងតំបន់ភ្នំដែលចោតខ្លាំង។

កាលពីព្រឹកថ្ងៃចន្ទ ទូរទស្សន៍រដ្ឋបានប្រកាសអំពីមរណភាពរបស់លោក និងបញ្ជាក់ថា  លោក​គឺ​​ជាអ្នកបម្រើជាតិអ៊ីរ៉ង់។ លោកអាយ៉ាតូឡា អេប្រាហ៊ីម រ៉ៃអ៊ីហ្ស៊ី បានឈានដល់កម្រិតខ្ពស់​បំផុតនៃអ្នកដឹកនាំ និងក៏បានបង្ហាញអំពីរូបថតលោកជាច្រើន​សន្លឹក និងសម្លេងដែលអាន​គម្ពីរ​កូរ៉ង់​ផង​ដែរ។

អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោកម៉ូហាម៉េដ បាហ្គេរី កាលពីថ្ងៃចន្ទ បាន​បញ្ជា ឲ្យមានការស៊ើបអង្កេតអំពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាចក្រ។ ប្រទេសជាច្រើនបាន​សម្តែង​​ការ​ចូល​រួម​ចែករំលែកទុក្ខ​ដល់​សាធារណរដ្ឋឥស្លាមនេះ។

នៅអ៊ីរ៉ង ការប្រមូលផ្តុំបានកើត​មានឡើងនៅក្នុងទីក្រុងផ្សេងៗ សម្រាប់ការគោរពវិញ្ញាណ​ក្ខន្ធ​សព​លោកប្រធានាធិបតី ដែលទទួលមរណភាព​ក្នុងការធ្លាក់យន្តហោះ ជាមួយមនុស្ស ៨នាក់ បានស្លាប់ ដែលរួមមានទាំងរដ្ឋមន្រ្តីការបរទេស លោកហ៊ូសេន អាមៀ អាបដូលឡាហៀន មន្រ្តីនៃខេត្តអាហ្ស៊ែរបៃហ្សង់ខាងកើត និងប្រមុខនៃក្រុមសន្តិសុខរបស់លោកផងដែរ។ នៅ​ទីក្រុង​តេអេរ៉ង មនុស្សរាប់ពាន់នាក់បានកាន់ទុក្ខ កាន់រូបថតរបស់លោករ៉ៃអ៊ីហ្ស៊ី និងបាន​ប្រមូលផ្តុំនៅទីលានវ៉ាលីយ៉ា នៅក្នុងកណ្តាលរដ្ឋធានី។

មេដឹកនាំកំពូលអ៊ីរ៉ង លោកអាយ៉ាតូឡា អាលី ខាម៉េណេ បានចេញក្រឹត្យ ៥ថ្ងៃ នៃការកាន់ទុក្ខ និង​ដាក់បន្ទុកដល់អនុប្រធានាធិបតី លោកម៉ូហាម៉ាដ ម៉ូប៊ែរ អាយុ ៦៨ឆ្នាំ ចាប់ផ្តើមមុខងារ​ជា​ប្រធានាធិបតីស្តីទី មុននឹងការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តិទៅ ៥០ថ្ងៃ ខាងមុខ ដែល​កំណត់យកថ្ងៃទី២៨ មិថុនា។

ជាអ្នកអភិរក្សជ្រុល លោករ៉ៃអ៊ីហ្ស៊ី អាយុ ៦៣ឆ្នាំ ត្រូវបានចាត់ទុកជាបុគ្គលដែលសមស្រប​បំផុត​​ដើម្បីស្នងបន្តពីលោក អាយ៉ាតូឡា អាលី ខាម៉េណេ ដែលមានអាយុ ៨៥ឆ្នាំ។ លោក​បាន​ឡើង​កាន់អំណាច​ចាប់តាំងពីឆ្នាំ២០២១ បន្តពីប្រធានាធិបតីនិយមកណ្តាល លោកហាសាន់ រ៉ូហានី នៅសម័យដែលអ៊ីរ៉ងត្រូវបានរំជើបរំជួល​ដោយចលនាតវ៉ាតាមដងផ្លូវ វិបត្តិសេដ្ឋកិច្ច​ដែល​កាន់​តែធ្ងន់ធ្ងរ​ដោយការដាក់ទណ្ឌកម្មរបស់អាម៉េរិក និងការប៉ះទង្គិចជាមួយ​សត្រូវស្លាប់​រស់ គឺអ៊ីស្រាអែល។

 

 

Daily Program

Livesteam thumbnail