ប្រទេសចិន ធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ជាការដាក់ទណ្ឌកម្ម

កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែឧសភា សមយុទ្ធយោធា​នៅជុំវិញកោះតៃវ៉ាន់ គឺជាការដាក់ ទណ្ឌកម្ម​តឹងរ៉ឹង បើតាមចិន និងធ្វើឡើងបន្ទាប់ពី ៣ថ្ងៃ នៃការថ្លែងសន្ទរកថា ឡើង​កាន់​តំណែង របស់ប្រធានាធិបតីតៃវ៉ាន់ថ្មី លោក ឡៃ ជីងតេ ដែលចិនចាត់ទុកថា គឺជាបុគ្គល​ខ្វាក់​ដែល​ចង់បានឯករាជ្យ។

យោងតាមលោកលី ស៊ី អ្នកនាំពាក្យ​នៃមេបញ្ជាការយុទ្ធភូមិភាគបូព៌ា និងកងកម្លាំង​យោធា ចិន​ដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិនថ្មី បានឲ្យដឹងថា នេះនឹងជាការ ដាក់​ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ​សម្រាប់ទង្វើ​បំបែកខ្លួនរបស់កងកម្លាំងឯករាជ្យនិយម​របស់តៃវ៉ាន់ និង ព្រមាន​ធ្ងន់ធ្ងរ​ប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុ​របស់កងកម្លាំង​ពីខាងក្រៅ។

សារព័ត៌មានចិនថ្មី បានឲ្យដឹងថា ៖ ”លំហាត់សមយុទ្ធនឹងប្រព្រឹត្តទៅ​នៅក្នុងច្រកសមុទ្រតៃវ៉ាន់ នៅភាគខាងជើង ខាងត្បូង និងនៅភាគខាងលិចនៃកោះ ព្រមទាំងតំបន់​ដែលស្ថិត​នៅ​ជុំវិញ​​កោះ​គីនម៉េន ម៉ាតស៊ូ វូគៀវ និងដុងយីន។ សារព័ត៌មានចិនថ្មី បញ្ជាក់ដែរថា សមយុទ្ធ​ដែល​ត្រៀមធ្វើរយៈពេល ២ថ្ងៃ ចាប់ផ្តើមនៅម៉ោង៧ ៤៥នាទី។ ការធ្វើ​សមយុទ្ធរួម​បញ្ចូល​ទាំង​កង​ទ័ព​ជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងអង្គភាព​កាំជ្រួចផងដែរ។

សារព័ត៌មានចិនថ្មី ប្រាប់ឲ្យដឹងទៀតថា គោលដៅគឺធ្វើតេស្តសមត្ថភាពប្រយុទ្ធពិតរួមគ្នា​នៃ​កង​កម្លាំង និងទីបញ្ជាការ តាមរយៈការល្បាតត្រៀមខ្លួនដើម្បីប្រយុទ្ធពីសមុទ្រទៅអាកាស ការ​ដណ្តើម​គ្រប់គ្រងសមរភូមិទាំងមូល និងការវាយប្រហារ​ជាក់លាក់នៅលើគោលដៅគន្លឹះ។

តៃវ៉ាន់ក៏មិនបង្អង់នឹងធ្វើប្រតិកម្ម។ ក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងថា ៖ “ក្រសួង​ការពារ​ជាតិ​​បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់សម្រាប់​ការបង្កហេតុទាំងនេះ និងសកម្ម​ភាពដែលមិន​សម​​ហេតុផលដែលបំផ្លាញសន្តិភាព និងស្ថិរភាពតំបន់។ យើងបានពង្រាយកង​កម្លាំង​សមុទ្រ អាកាស និងដី​ ក្នុងការឆ្លើយតប​ដើម្បីការពារសេរីភាព ប្រជាធិបតេយ្យ និង​អធិតេយ្យភាព​របស់​តៃវ៉ាន់។

តៃវ៉ាន់គឺជាកោះស្វយ័ត​ចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលដែលអ្នកជាតិនិយម បានភៀសខ្លួន​ទៅ​លើ​កោះបន្ទាប់ពីការបរាជ័យរបស់ពួកគេប្រឈមនឹងកងកម្លាំងកុំមុយនីស្ត នៅអំឡុងសង្រ្គាម​ស៊ីវិល​នៅចិនដីគោក។ ទីក្រុងប៉េកាំងបានចាត់ទុកកោះ​ដែលគ្រប់គ្រងបែប​ប្រជាធិបតេយ្យ​ជា​ផ្នែក​នៃដែនដីរបស់ខ្លួន និងមិនដែលបដិសេធការប្រើកម្លាំងដើម្បីយក​កោះនេះមកនៅក្រោម​ការ​គ្រប់គ្រង​របស់ខ្លួនវិញទេ។

លោកឡៃ ជីងតេ ដែលទីក្រុងប៉េកាំង បានវាយតម្លៃថា ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់​កាលពី​អតីតកាលបានស្បថការពារកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ។ លោកសន្យាការពារ​ប្រជាធិបតេយ្យ​​ប្រឈមនឹងការគំរាមកំហែងរបស់ចិន និងអំពាវនាវ​ចិន ឲ្យបញ្ឈប់ការ​គំរាម​កំហែង​ខាង​នយោបាយ និងយោធា។ លោកក៏បានរំឭកដោយផ្ទាល់​អំពីហានិភ័យនៃសង្រ្គាម បន្ទាប់​ពី​ជា​ច្រើន​​ឆ្នាំនៃការដាក់សំពាធដែលកើនឡើង​ដែលធ្វើឡើង​ដោយចិន​ដើម្បីយក​តៃវ៉ាន់​មក​ក្រោម​ការគ្រប់គ្រងរបស់ខ្លួន។

កាលពីថ្ងៃអង្គារ លោកវ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអធិប្បាយថា ក្រុមបំបែក​ខ្លួន​តៃវ៉ាន់​នឹងត្រូវចោទប្រកាន់ដ៏គួរឲ្យខ្មាស់អៀន​នៅក្នុងប្រវត្តិសាស្រ្ត។ នៅអំឡុងកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេសនៃប្រទេសនៃអង្គការ​សៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការ លោករដ្ឋមន្រ្តីបាន​បន្ថែម​​ថា ៖ “អំពើក្បត់រប​ស់លោកឡៃ ជីងតេ ចំពោះជាតិ និងបុព្វបុរស គឺគួរ​ឲ្យខ្មាស់អៀន”។

ជម្លោះនៅច្រកសមុទ្រតៃវ៉ាន់ ទោះបីជាអ្នកជំនាញក៏មិនវាយតម្លៃថា វានឹង​កើត​មាន​ឡើង​ឆាប់ៗ នោះដែរ ប៉ុន្តែបើវាកើត វានឹងជះឥទ្ធិពលដ៏បំផ្លិចបំផ្លាញសម្រាប់សេដ្ឋកិច្ចពិភពលោក។ កុងទីណ័រច្រើន​ជាង ៥០% ដែលដឹកជញ្ជូននៅក្នុងពិភពលោកឆ្លងកាត់តាមច្រកសមុទ្រនេះ ហើយ​កោះតៃវ៉ាន់​ក៏ជាអ្នកផលិតឈីបចំនួន ៧០% នៅក្នុងពិភពលោកផងដែរ។

 

Daily Program

Livesteam thumbnail