កម្ពុជាព្រមានអំពីបណ្តាញឧក្រិដ្ឋកម្មដ៏សមុគ្រស្មាញ

មន្ត្រីជាន់ខ្ពស់កម្ពុជាបានថ្លែងកាលពីថ្ងៃពុធថា បទល្មើសឆបោកតាមប្រព័ន្ធស៊ីប័រលែងជាហេតុការណ៍ដាច់ដោយឡែកទៀតហើយ ប៉ុន្តែវាជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំទូលាយ ដែលប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញជាមួយការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្ម និងការលាងលុយកខ្វក់។

លោក សន្តិបណ្ឌិត ឆាយ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (គ.ប.ឆ.អ.) បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ក្រោមប្រធានបទ «សកម្មភាពរួមគ្នាដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ និងលុបបំបាត់ការឆបោកតាមប្រព័ន្ធអនឡាញ»។

លោក ឆាយ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា៖ «បទល្មើសឆបោកតាមប្រព័ន្ធស៊ីប័រលែងជាព្រឹត្តិការណ៍ដាច់ដោយឡែកទៀតហើយ ប៉ុន្តែវាជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូលាយ ដែលជារឿយៗប្រទាក់ក្រឡាជាមួយបទល្មើសផ្សេងទៀត រួមមានការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្ម ការលាងលុយកខ្វក់ និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំចាត់តាំង»។

«បញ្ហាទាំងនេះគឺជាបញ្ហាឆ្លងដែន ការវិវត្តយ៉ាងឆាប់រហ័ស និងហួសពីសមត្ថភាពរបស់រដ្ឋណាមួយក្នុងការដោះស្រាយដោយមានប្រសិទ្ធភាពតែម្នាក់ឯងនោះឡើយ»។

លោកបានគូសបញ្ជាក់ថា កម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធស៊ីប័រនោះទេ ប៉ុន្តែជាគោលដៅដែលត្រូវបានជ្រើសរើសដោយក្រុមឧក្រិដ្ឋជនបរទេសដែលប្រតិបត្តិការឆ្លងដែន។

លោកបានមានប្រសាសន៍ថា៖ «បណ្តាញឧក្រិដ្ឋជនឆ្លងដែនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធស៊ីប័រ តម្រង់ទិសដៅលើជនរងគ្រោះនៅបរទេស ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ» ដោយឯកឧត្តមបានកត់សម្គាល់ថា ទោះបីជាជនល្មើសមានប្រភពមកពីតំបន់ផ្សេងៗគ្នាក៏ដោយ កម្ពុជាគឺជាអ្នករងគ្រោះ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

លោកទេសរដ្ឋមន្ត្រីបានរំលេចពីផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរនៃប្រតិបត្តិការទាំងនេះ មកលើសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ សេដ្ឋកិច្ចទូទៅ និងកិត្យានុភាពអន្តរជាតិរបស់កម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងកើនឡើងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តួចផ្តើម និងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិនេះឡើង ដោយសហការជាមួយដៃគូអន្តរជាតិ ដើម្បីបង្ហាញពីឆន្ទៈនយោបាយយ៉ាងម៉ឹងម៉ាត់ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធស៊ីប័រ ដោយគ្មានការលើកលែង ឬដកថយឡើយ។

លោក សន្តិបណ្ឌិត ឆាយ ស៊ីណារិទ្ធ ក៏បានសម្តែងនូវការដឹងគុណចំពោះដៃគូអន្តរជាតិ សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ក្នុងការចែករំលែកព័ត៌មាន ការគាំទ្រផ្នែកស៊ើបអង្កេត និងកោសល្យវិច័យ ការកសាងសមត្ថភាព និងការបញ្ជូនប្រជាពលរដ្ឋរបស់ពួកគេត្រឡប់ទៅប្រទេសដើមវិញ៕

 

Daily Program

Livesteam thumbnail
khmer popup image