អត្ថាធិប្បាយគម្ពីរថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥ លោកបូជាចារ្យ គង់ វៀល
ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះ ខ្ញុំមានសំណួរពិសេស សំណួរមួយសម្រាប់បងប្អូន គឺសំណួរមួយនេះ៖ តើអ្នកណាមានបុណ្យ?
ពេលខ្លះដូចជាយើងគិតថាប្រហែលអ្នកណាមានលុយ អ្នកណាមានអំណាច អ្នកណាពូកែ អ្នកណាដូចជា វ៉ា៎វ មានរឿងរាសី គិតថាអស្ចារ្យមែនទែន គាត់ត្រូវតែមានបុណ្យ។ ប៉ុន្តែបងប្អូន ត្រូវតែមើលព្រះគម្ពីរ យើងត្រូវតែយល់ថា ទោះបីយើងមើលសំបកខាងក្រៅ ព្រះអង្គដូចជាមើលខាងក្នុង។ ព្រះអង្គឈ្វេងយល់ចិត្តគំនិតរបស់យើង។
គួរឲ្យចាប់អារម្មណ៍ដែរ ដោយសារថ្ងៃនេះ ព្រះយេស៊ូវប្រើព្រះបន្ទូលប្រស្នា កុំឲ្យចង្អុលថា អ្នកណាល្អ អ្នកណាល្អ អ្នកណាមានបាប អ្នកណាមានបុណ្យ ប៉ុន្តែព្រះអង្គប្រើឧទាហរណ៍មួយដែលយើងអាចយល់យ៉ាងច្បាស់ គឺមានបុរសពីរនាក់ដែលទៅដំណើរទៅកាន់ព្រះវិហារ ទៅថ្វាយបង្គំដល់ព្រះជាម្ចាស់។ មានបុរសម្នាក់ដែលគាត់ថា គិតថាប្រហែលគាត់ល្អ គាត់ធ្វើអ្វីទាំងអស់ស្របតាមព្រះវិន័យព្រះអង្គ គាត់អត់មានបញ្ហាទេ។ ហើយបើសិនខ្ញុំសួរគាត់ថាតើគាត់មានបាប គាត់ថា អត់ទេ ខ្ញុំជាមនុស្សល្អ ខ្ញុំជាអ្នកមានបុណ្យ។
ហើយមានម្នាក់ទៀត គាត់ខ្មាសគេ ខ្មាសគេ គាត់ថា ជីវិតរបស់គាត់អត់សូវស្រួលទេ។ ហើយគាត់ទៅវិហារ ហើយគាត់ទូលព្រះអង្គ សូមព្រះអង្គលើកលែងទោសឲ្យគាត់។ ដោយសារគាត់ដឹងថា ខ្លួនឯងឡើងទៅឋានសួគ៌ អត់កើតទេ ដោយសារបាបរបស់គាត់ដែលនាំឲ្យគាត់ទៅកាន់តែពិបាក ទៅពិបាកទៅ។ ដូច្នេះ គួរឲ្យចាប់អារម្មណ៍ សម្រាប់បងប្អូនតើអ្នកណាមានបុណ្យ? បើសិនយើងឃើញតែសំបក គឺមនុស្សពាក់អាវស្អាត មានមាត់ស្អាត មានមុខមាត់ស្អាតទាំងអស់ ប៉ុន្តែអត់មានចិត្តល្អ មនុស្សនោះទោះបីមនុស្សលោកអាចគិតថាគាត់មានទ្រព្យសម្បត្តិ មានកិត្តិយស មានដូចជាគេឈ្មោះល្អ ប៉ុន្តែ គាត់មិនមែនជាអ្នកមានបុណ្យទេ។
សម្រាប់យើងជាគ្រីស្តបរិស័ទ អ្នកមានបុណ្យគឺព្រះយេស៊ូគ្រីស្ត ដែលបានលីឈើឆ្កាង ដើម្បីរំដោះយើងពីអំពើបាប។ មនុស្សដែលយើងគិតថា ជាមនុស្សដែលដូចជាវេទនាជាងគេ សម្រាប់យើងជាគ្រីស្តបរិស័ទ អ្នកនោះជាមានសភាពមង្គលហើយ។ ដូច្នេះ តាំងពីថ្ងៃនេះតទៅ សូមបងប្អូនកែប្រែចិត្ត គំនិត និងរបៀបដែលបងប្អូនអាចដូចជាឃើញមនុស្សដែលនៅជុំវិញយើង។
ពេលខ្លះយើងគិតថា អរ មនុស្សពិការនោះប្រហែលអត់សូវមានបុណ្យទេ ឬក៏គេគិតថា ប្រហែលអូ យុវជននោះដែលជាកូនកំព្រា អត់សូវមានបុណ្យ ត្រូវគួរឲ្យអាណិត ប្រហែលគួរឲ្យស្រឡាញ់ ហើយគួរឲ្យគោរព ដោយសារអ្នកណាបានតសួរ អ្នកណាបានដូចជាទូលតាមមាគ៌ារបស់ព្រះអង្គ ទោះបីផ្លូវពិបាក អ្នកនោះត្រូវតែមានបុណ្យ។ ហើយបុណ្យរបស់យើងជាការរួមចំណែកក្នុងព្រះរាជបុណ្យរបស់ព្រះយេស៊ូគ្រីស្ត ដែលមានតែព្រះអង្គទេដែលពិតជាមានបុណ្យ ដែលជួយសង្គ្រោះយើងបាន។ បុណ្យរបស់យើងតិចពេកនៅពេលដែលយើងប្រៀបធៀបជាមួយបាបរបស់យើង ប៉ុន្តែបុណ្យរបស់យើងអាចជួយឲ្យយើងរួមចំណែកក្នុងព្រះរាជបុណ្យរបស់ព្រះយេស៊ូគ្រីស្ត ដែលជួយសង្គ្រោះយើង ដោយសារសេចក្ដីស្រឡាញ់របស់ព្រះបុត្រា ព្រះអង្គជួយឲ្យយើងក្លាយទៅជាបុត្រធីតារបស់ព្រះបិតា បុត្រធីតាដែលគួរឲ្យហៅថា កូនព្រះ។ កូនព្រះ នេះជាកិត្តិយសរបស់យើង។
ហើយទោះបីពេលខ្លះយើងត្រូវតែចាប់ផ្ដើមដោយទទួលស្គាល់អំពើបាបរបស់យើង ហើយនេះជារបៀបដែលយើងចាប់ផ្ដើមថ្វាយបង្គំដល់ព្រះជាម្ចាស់៖ ខ្ញុំសូមទទួលសារភាពអំពើបាបរបស់ខ្លួន។ នៅពេលដែលយើងចេះទទួលអំពើបាបរបស់យើង ទទួលស្គាល់ ទទួលសារភាព នោះពេលនោះយើងចេះលើកតម្កើងសិរីរបស់ព្រះជាម្ចាស់ដែលជួយលើកតម្កើងយើងដែរ ដោយសារព្រះអង្គរាប់យើងជាបុត្រធីតា ធ្វើឲ្យយើងមានព្រះបិតាដ៏អស្ចារ្យ ដែលមានសេចក្ដីស្រឡាញ់សម្រាប់យើងជាមនុស្សដែលពីមុនជាអ្នកមានបាប ប៉ុន្តែឥឡូវក្លាយទៅជាកូនព្រះប្រកបដោយសិរីរុងរឿង។ នេះជាអំណរសប្បាយរបស់យើង។
សូមឲ្យបងប្អូនពឹងពាក់លើអ្នកមានបុណ្យតែមួយគត់ ដែលមានព្រះនាមថា ព្រះយេស៊ូគ្រីស្ត ដែលជួយសង្គ្រោះយើង។ ហើយសូមបងប្អូនបន្តអធិស្ឋាន ថ្ងៃនេះជាថ្ងៃអាទិត្យចុងក្រោយក្នុងរដូវខែសូត្របង្គំមាលា ខែតុលា ដែលយើងបានសូត្របង្គំអស់រយៈពេលមួយខែរួមជាមួយព្រះនាងម៉ារី។ សូមបងប្អូនបន្តអធិស្ឋានជារៀងរាល់ថ្ងៃ តាមដូចជាព្រឹត្តិការណ៍ទាំងប៉ុន្មានដែលជួយឲ្យយើងដូចជារិះគិតពិចារណាអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកើតក្នុងព្រះជន្មព្រះយេស៊ូគ្រីស្ត។ សូមឲ្យបងប្អូនរក្សាជំនឿ សូត្របង្គំជានិច្ច ហើយទៅតាមអ្នកមានបុណ្យ គឺព្រះយេស៊ូគ្រីស្ត ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ អាម៉ែន៕