ថ្ងៃទី១៥ខែ ឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរ យ៉ូហាន ១៦,៥-១១១ អត្ថាធិប្បាយគម្ពីរដោយ៖លោកបូជាចារ្យ ផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ គឺព្រះយេស៊ូបានណែនាំយើងអំពីរបៀបអធិដ្ឋាន។ ប្រសិនបើយើងចង់ទូលអង្វរទៅព្រះជាម្ចាស់ គឺយើងទូលអង្វរព្រះអង្គតាមរយៈព្រះយេស៊ូគ្រីស្ត ដូចជាពេលយើងថ្វាយអភិបូជា ឬពេលយើងអធិដ្ឋាន។ នៅពេលចង់បញ្ចប់ពាក្យអធិដ្ឋាន យើងតែងតែពោលថា «យើងខ្ញុំសូមទូលអង្វរព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងខ្ញុំ»។ ហេតុនេះហើយបានជាយើងត្រូវរៀនអធិដ្ឋាន។ ពេលណាដែលយើងទទួលបានជោគជ័យនៅក្នុងជីវិត យើងត្រូវចេះអរព្រះគុណព្រះជាម្ចាស់តាមរយៈព្រះយេស៊ូដែរ ហើយនៅពេលណាដែលយើងជួបបញ្ហាណាមួយនៅក្នុងជីវិត យើងគប្បីទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រីស្តដូចគ្នា។
បងប្អូនជាទីស្រឡាញ់! យើងគប្បីទូលអង្វរព្រះជាម្ចាស់សម្រាប់ពិភពលោកយើង ដែលកំពុងតែវឹកវរសព្វថ្ងៃនេះ ជាក់ស្ដែងដូចជាបញ្ហាការប្រែប្រួលអាកាសធាតុ។ ពិភពលោករបស់យើងនេះស្រស់ស្អាតណាស់ ដោយសារជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ក៏ប៉ុន្តែមនុស្សលោកកំពុងតែបំផ្លាញនូវអ្វីដែលជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ យើងឃើញថា អាកាសធាតុកាន់តែប្រែប្រួលខ្លាំងឡើងៗ និងមិនទៀងទាត់ឡើយ។ យើងតែងជួបប្រទះនូវខ្យល់ព្យុះ ទឹកជំនន់ រលកកម្ដៅ និងការរាំងស្ងួតគ្មានទឹកភ្លៀងធ្វើស្រែចម្ការជាដើម។ ហេតុនេះ យើងទូលអង្វរព្រះអង្គ សូមព្រះអង្គប្រោសប្រទានឱ្យពិភពលោកដ៏ស្រស់បំព្រងនេះ មានភាពល្អប្រសើរឡើងវិញដូចកាលពីដើម។
ទីពីរ យើងទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រីស្ត សម្រាប់មនុស្សជាតិទាំងមូល។ យើងឃើញថា ពិភពលោកកំពុងតែវឹកវរដោយសារភ្លើងសង្គ្រាម។ ទោះបីជាប្រទេសកម្ពុជានៅឆ្ងាយពីប្រទេសដែលមានសង្គ្រាមក៏ដោយ ក៏វាបានជះឥទ្ធិពលមកលើប្រទេសយើងដែរ ដូចជា តម្លៃប្រេងសាំងនិងតម្លៃម្ហូបអាហារចេះតែកើនឡើង ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកក្រីក្រ។ យើងគប្បីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គមេត្តាប្រោសប្រទានរំលត់ភ្លើងសង្គ្រាម ដែលកំពុងតែកើតមានឡើងនៅក្នុងពិភពលោកយើងនេះផងដែរ។
ម្យ៉ាងវិញទៀត សូមព្រះអង្គប្រោសប្រទានរំលត់ភ្លើងសង្គ្រាមនៅក្នុងដួងចិត្តរបស់មនុស្សយើងសព្វថ្ងៃនេះ ដោយសូមឱ្យយើងចេះរំលត់តណ្ហា រំលត់ការលោភលន់ចង់បានហួសហេតុ រំលត់ការស្រេកឃ្លានអំណាច និងចេះស្កប់ស្កល់នូវអ្វីដែលខ្លួនមាន។ យើងទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រីស្ត ហើយយើងជឿជាក់ថា ព្រះអង្គនឹងព្រះសណ្ដាប់នូវពាក្យទូលអង្វររបស់យើងជាមិនខាន ព្រោះព្រះអង្គជួយប្រទានប្រាជ្ញាញាណឱ្យយើងចេះត្រិះរិះពិចារណា អំពីអ្វីដែលល្អ អ្វីដែលមិនល្អ អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។
ពាក្យអធិដ្ឋានគឺជាកម្លាំងថាមពលមួយដែលនាំឱ្យយើងមានភាពជិតស្និទ្ធជាមួយព្រះជាម្ចាស់ និងជួយឱ្យយើងអាចសន្ទនាជាមួយព្រះអង្គបាន។ ចូរយើងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គជាដរាប រាល់ថ្ងៃ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ អាម៉ែន៕
