ថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១១,២៩-៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនដែលចង់បានទីសំគាល់ពីព្រះយេស៊ូថា មនុស្សជំនាន់​នេះ​អាក្រក់ណាស់គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្តែព្រះជាអម្ចាស់មិន​ប្រទាន​ទី​សំគាល់ណាផ្សេង​ក្រៅ​ពីទីសំគាល់របស់ព្យាការីយ៉ូណាសឡើយ។ ព្យាការី​យ៉ូណាសជាព្យាការីមួយរូបដែលព្រះ​ជាអម្ចាស់ចាត់​ទៅក្រុង​នីនីវេដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ។

មុនដំបូងព្យាការីយ៉ូណាសខំប្រឹងរត់​គេចពី​ព្រះជា​អម្ចាស់ ព្រោះមិនចង់ធ្វើតាមបញ្ជារបស់ព្រះអង្គ ប៉ុន្តែព្រះ​អង្គ​មិនបណ្តោយឱ្យព្យាការី​យ៉ូណាស​គេច​ចេញ​ឆ្ងាយពីព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលជាក់ស្តែងថា ព្រះអង្គបណ្តាលឱ្យអ្នកបម្រើព្រះអង្គគេច​ចេញ​ពីព្រះអង្គដែរ តែផ្ទុយទៅវិញព្រះអង្គសព្វ​ព្រះហឫទ័យ​ពន្យល់ទៀតថា​ ព្រះអង្គស្រឡាញ់មនុស្សគ្រ​ប់រូប​អត់រើសមុខនរណាឡើយ។

ក្រោយមកលោកយ៉ូណាសយល់ព្រមធ្វើតាមព្រះបញ្ជារបស់ព្រះអង្គ ​គឺធ្វើ​ដំណើរឆ្ពោះ​ទៅ​កាន់ក្រុងនីនីវេ។ លោកយ៉ូណាសប្រកាសថា សែសិបថ្ងៃទៀតព្រះអម្ចាស់នឹងបំផ្លាញ​ក្រុង​នីនីវេហើយ! ព្រះជាអម្ចាស់ទត​ឃើញ​ពួកគេ​កែប្រែចិត្តលះបង់​កិរិយាមាយាទរបស់ខ្លួនចោល ព្រះអង្គក៏ប្រែ​ព្រះហឫទ័យ​មិនដាក់​ទោស​ពួក​គេ​ដូចព្រះអង្គបានសម្រេចកាលពីមុននោះទេ ព្រះអង្គមិនបំផ្លាញ​ពួកគេ​ចោល​ឡើយ។

បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះ  ព្រះយេស៊ូមានព្រះបន្ទូលសរសើរ​ចំពោះអ្នក​ក្រុង​នីនីវេ ព្រះអង្គក៏​ឧទារហណ៍​អំពីការប្រែចិត្តរបស់អ្នកក្រុងនីនីវេ ដើម្បីបន្តឲ្យមនុស្សមួយចំនួននៅជំនាន់​ព្រះយេស៊ូដែល​តាំង​ចិត្តរឹងរួសមិនព្រមទទួលដំណឹងល្អ ព្រះយេស៊ូព្រួយព្រះហឫទ័យយ៉ាងខ្លាំង ដោយសារតែអ្នកភូមិ និង​អ្នក​ស្រុករបស់ព្រះអង្គមិនព្រមស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ ពួកគេមិនទទួលស្គាល់ព្រះអង្គជាព្រះសង្គ្រោះទេ  ហេតុនេះព្រះយេស៊ូមិនធ្វើការអស្ចារ្យនៅក្នុងភូមិ និងស្រុក្ររបស់ព្រះអង្គទេ។ បងប្អូនជាទីគោរព! រ​ដូវ​សែសិបថ្ងៃគឺជារដូវដែលព្រះជាអម្ចាស់បានប្រោសប្រទានពួកយើង តាំងចិត្តអធិដ្ឋាន តមអាហារ និង​​ចែក​ទាន​ដូចអ្នកស្រុកនីនីវេ។ សូមយើងកែប្រែចិត្តគំនិត​ទៅរកព្រះជាអម្ចាស់វិញ! សូមឲ្យយើង​ព្យាយាម​ពង្រឹ​ង​ជំនឿ និងទំនាក់ទំនងជាមួយព្រះអង្គ ជាមួយអ្នកដទៃ ជាមួយបរិស្ថាន និងជា​មួយខ្លួន​ផ្ទាល់​ឱ្យ​បានរឹងមាំ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕

Daily Program

Livesteam thumbnail