ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាកុស (៧, ១-១៣) អត្ថាធិប្បាយគម្ពីរដោះ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ថ្ងៃនេះយើងស្តាប់ព្រះបន្ទូល ម៉ាកុស (៧,១-១៣)ទាក់ទងនឹងពួកផារ៉ាស៊ី និងពួកធម្មាចារ្យ ខ្លះមើលឃើញព្រះយេស៊ូបរិភោគអាហារដោយមិនលាងដៃ បរិភោគដោយដៃមិនបរិសុទ្ធ។ នេះជាអ្វីមួយដែលបង្ហាញថាព្រះអង្គបានធ្វើខុសវិន័យរបស់ព្រះអង្គ ឬមិនប្រពឹត្តតាមវិន័យដែលមានចែងទុកនៅសម័យកាលលោកម៉ូសេ។ អ្នកណាមិនធ្វើទេ! ចាត់ទុកថាជាមនុស្សបាប ជាអ្នកធ្វើខុស។
ព្រះយេស៊ូធ្វើអញ្ចឹង ព្រោះព្រះអង្គចង់បង្រៀនពួកគេឲ្យដឹងខ្លួនថា អ្វីក៏ដោយមិនគ្រាន់តែរឿងលាងដៃមុនបាយ តែគ្រប់រឿងដែលពាក់ព័ន្ធនិងអត្ថន័យវិន័យ និងភាពប្រាកដរបស់រឿងនីមួយៗ គឺចង់ឱ្យពួកផារ៉ាស៊ីកាន់យ៉ាងត្រឹមត្រូវ មិនគ្រាន់តែកាន់ដើម្បីតែរកផលប្រយោជន៍ ឱ្យគេសរសើរ ឱ្យគេលើកតម្កើងខ្លួន ឬក៏ដើម្បីបានផលប្រយោជន៍អ្វីមួយពីកិច្ចការដែលខ្លួនធ្វើ។
ហេតុការណ៍នោះព្រះយេស៊ូរំលឹកយើងឲ្យរិះគិត នូវអ្វីដែលយើងកំពុងរស់នៅតាមវិន័យរបស់ព្រះជាម្ចាស់ តើយើងកាន់តាមគោលការណ៍របស់រឿងនីមួយៗនោះយ៉ាងពិតប្រាកដឬអត់ ឧទារហណ៍៖ ថ្ងៃសុក្រ ច្បាប់ព្រះសហគមន៍ឱ្យយើងតមអាហារ ឬមុនទទួលព្រះកាយយើងត្រូវតែតមអាហារមួយម៉ោងយ៉ាងតិច។ តើបងប្អូនដឹងអំពីច្បាប់វិន័យនេះទេ? រឿងនេះក៏ធ្វើឱ្យយើងពិចារណាដែលថា តើហេតុអ្វីបានជាច្បាប់មិនឱ្យយើងញាំអ្វីមួយម៉ោងមុនទទួលព្រះកាយ ហើយហេតុអ្វីយើងត្រូវតមអាហារថ្ងៃសុក្រ?
ថ្ងៃសុក្រជាថ្ងៃដែលព្រះយេស៊ូសុគតព្រះអង្គរង់ទុក្ខលំបាក នេះគឺជាអត្ថន័យ!យើងចូលរួមជាមួយព្រះអង្គការតមទីមួយក៏ជួយឱ្យយើងចេះអត់ធ្មត់ ទីពីរការតមអាហាររបស់យើងធ្វើឱ្យយើងមិនចំណាយលុយច្រើន ហើយយើងក៏អាចយកលុយនឹងទៅធ្វើបុណ្យធ្វើទានបានដែរ និងទីបីជាឱកាសដើម្បីឱ្យយើងអាចទាក់ទងកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់។ បាទ! វាមានអត្ថន័យរបស់វា តែបងប្អូនខ្លះគិតតែតមសត្វ សត្វអីខ្លះឱ្យយើងចេះស៊ូទ្រាំមិនថាសត្វណាឱ្យតែដល់គោលដៅនឹងល្អហើយ។
យើងមិនចាំបាច់ទៅតាមគ្រប់សេចក្តីលំអិតទេ ជូនកាលយើងក៏អត់បានតមដែរ តែព្រះសហគមន៍បើកទូលំទូលាយបងប្អូនអាចធ្វើកិច្ចការអ្វីផ្សេងបានជាការតមវិញ ដូចជាការសួរសុខទុក្ខអ្នកជំងឺ ការធ្វើបុណ្យធ្វើទាន ការអធិដ្ឋានទាំងអស់នេះក៏អាចជំនួសនៃការតមបានដែរ ដូច្នេះការតមរបស់យើងមានរូបភាពផ្សេងគ្នា។ ព្រះយេស៊ូរិះគន់ពួកផារ៉ាស៊ីដែលគេត្រូវកាត់មួយភាគដប គេហៅថាខបាំង ដើម្បីទៅថ្វាយព្រះជាម្ចាស់នៅពេលដែលឪពុកម្តាយត្រូវការថវិកា ឬលុយកាក់ដើម្បីទៅព្យាបាល ឬក៏ជួយចិញ្ចឹមឪពុកម្តាយ តែពួកគេប្រាប់ថាអត់បានទេ ត្រូវតែកាត់មួយភាគដបនឹងឱ្យ។ បាទ ព្រះយេស៊ូអត់យល់ព្រមទេ! ព្រះអង្គយល់ឃើញថាជីវិតមនុស្សមានតម្លៃជាង ឪពុកម្តាយមានតម្លៃជាង ហេតុនេះបានជាព្រះអង្គរិះគន់ការកាន់ធម្មវិន័យដោយមិនយល់ពីគោលគំនិតនៃអប់រំ ឬហៅថាវត្ថុបំណង។
ព្រះសហគមន៍របស់យើងមានវិន័យច្រើន បើបងប្អូនចាប់អារម្មណ៍បងប្អូនអាចមានសំណួរសួរបាននៅពេលក្រោយ តែបងប្អូនត្រូវដឹងថា វិន័យទាំងអស់នោះជួយឱ្យយើងទៅជិតស្និទ្ធជាមួយព្រះជាម្ចាស់។
ឧបមាថា បើយើងធ្វើតាមរឿងណាមួយ យើងត្រូវដឹងថា យើងត្រូវថ្វាយរឿងទាំងនោះទៅព្រះជាម្ចាស់ឱ្យអស់ពីចិត្តរបស់យើងដោយសេចក្តីថ្លៃថ្នូរ ត្រូវមានចិត្តសង្ឈឹម ជាពិសេសបង្ហាញសេចក្តីស្រឡាញ់ ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងកិច្ចការទាំងនោះ នោះពិតជាមិនខុសឡើយ បងប្អូននឹងអាចបំពេញកិច្ចការទាំងនោះដោយជំនឿ និងចិត្តសង្ឈឹម៕
Daily Program
