ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

សន្តម៉ាកុសបានណែនាំឱ្យយើងឃើញព្រះយេស៊ូបានទៅដល់ស្រុក​កេនេ‌សា‌រ៉ែត ​នៅទីនេះ​មាន​បណ្តាជន និងអ្នកជំងឺជាច្រើនចង់មកពាល់ព្រះយេស៊ូដើម្បីបានជាសះស្បើយ ហើយអស់អ្នកដែលបានប៉ះពាល់នោះ ​​ គេបានជាសះស្បើយទាំងអស់គ្នាមែន។ ដូច្នេះ​បង​ប្អូនយើងឃើញការអស្ចារ្យកើតឡើង! តែការអស្ចារ្យនោះ​កើត​ឡើងបាន​​លុះត្រាតែយើងមានជំនឿ។

អស់អ្នកដែលបានពាល់​ព្រះយេស៊ូ​គឹមាន​ជំនឿយ៉ាងមុតមាំដោយផ្ញើជីវិតទៅព្រះយេស៊ូ ជឿថាគ្រាន់​តែ​ពាល់​ព្រះយេស៊ូ​គេនឹង​បាន​ជា។ នេះជាសំណួរមួយដែលយើងត្រូវសួរខ្លួនយើងដែលជាគ្រីស្តបរិស័ទ!  ​រាល់ដង​ដែល​​យើង​ចូលរួមអភិបូជាយើងបានស្តាប់ព្រះបន្ទូលផ្ទាល់របស់ព្រះអង្គ យើងបានពាល់ព្រះអង្គផ្ទាល់​ដោយ​ការទទួល​ព្រះកាយគ្រីស្ត នឹងតាមរយៈអគ្គសញ្ញាផ្សេងៗ ​ដូចជាអគ្គសញ្ញា​សម្រុះ​សម្រួល។

ផ្ទុយទៅវិញ! យើងធ្លាប់សួរខ្លួនឯងទេថា រាល់ដងដែលយើងបានពាល់ព្រះអង្គតាមរយៈអគ្គសញ្ញា នឹង​ការ​ចូលរួមអភិបូជានេះ តើយើងពាល់ព្រះអង្គដោយជំនឿរបស់យើង ឬយើងពាល់ព្រះអង្គដោយ​ទំលាប់​តែ​ប៉ុណ្ណឹង!។ ដូច្នេះកុំឱ្យយើងទទួលព្រះកាយព្រះគ្រីស្ត យើងទទួលអគ្គសញ្ញាសម្រុះសម្រួលព្រោះ​តែទម្លាប់​ សូមឱ្យគ្រប់ពេលដែលយើងទទួលព្រះកាយព្រះគ្រីស្ត! រាល់ដងដែលយើងស្តាប់​ព្រះបន្ទូល​របស់​ព្រះអង្គ! រាល់​ដងដែលយើងទទួលអគ្គសញ្ញាសម្រុះសម្រួល! សុំឱ្យយើងមានជំនឿលើព្រះអង្គ សូមឱ្យយើង​ជឿ​ទៅ​លើអគ្គសញ្ញាដែលយើងទទួលដើម្បីឱ្យការអស្ចារ្យរបស់ព្រះអង្គអាចកើតឡើងនៅក្នុងជីវិតរបស់យើងដែរ​។

សុំព្រះជាម្ចាស់ជួយយើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យយើងមានជំនឿកាន់តែមុតមាំ ឱ្យយើង​មាន​ជំនឿ​កាន់​តែជ្រៅនៅក្នុងទំនាក់ទំនងព្រះអង្គ ដើម្បីឱ្យយើងអាចមើលឃើញវត្តមានរបស់ព្រះអង្គ​ផ្ទាល់​នៅ​ក្នុង​ជីវិត​របស់យើង ហើយឱ្យយើងអាចមើលឃើញការអស្ចារ្យរបស់ព្រះអង្គ​ផ្ទាល់នៅក្នុងជីវិត​របស់​យើង​។ អាម៉ែន៕

 

Daily Program

Livesteam thumbnail