លោកឡារី ផេជ៍ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាព័ត៌មាន

លោកឡរ៉េនស៍ អេដវ៉ដ ផេជ៍ គេហៅលោកថា ឡារី ផេជ៍ កើតនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧៣ នៅ​​ទីក្រុងអីស្ត៍ ឡេនហ្ស៊ីង នៅក្នុងរដ្ឋមីជីហ្គេន សហរដ្ឋអាម៉េរិក។ លោកគឺជាមហាសេដ្ឋី ពាន់ លាន និងជាអ្នកបច្ចេកវិជ្ជាព័ត៌មានវិទ្យាសហរដ្ឋអាម៉េរិក។ លោក​សហការជាមួយលោកសឺហ្គេ ប្រ៊ីន និងជាសហស្ថាបនិកនៃក្រុមហ៊ុន ហ្គ៉ូហ្គល់។

លោកឡារី ផេជ៍ កើតនៅក្នុងគ្រួសារជនជាតិហ្ស៊ីវ។ ម្តាយរបស់លោកគឺលោកស្រីសាស្រ្តាចារ្យ ហ្គ្លូរៀ វេនស្តេន ដែលជាសាស្រ្តាចារ្យកម្ម​វិធីកុំព្យូទ័រ នៅសកលវិទ្យាល័យមីជីហ្គេន និងឪពុក របស់​លោក គឺលោក ខាល​វី ផេជ៍ ដែលជាសាស្រ្តាចារ្យព័ត៌មានវិទ្យា និងបញ្ញាញ្ញាណ​សិប្បនិមិត្ត ​នៅសកលវិទ្យាល័យ ការ៉ូលីន ខាងជើង និងនៅសកលវិទ្យាល័យមីជីហ្គេន។ ហើយលោក​​ខាល ផេជ៍ ក៏ជាម្ចាស់ជំនាន់ដំបូង និងជា​អ្នកដែលគេយកជា​គំរូយោង​នៅក្នុង​វិស័យ​​បញ្ញាញ្ញាណ​សិប្បនិមិត្តផងដែរ។

ក្នុងនាមជាកូនប្រុសនៃសាស្រ្តាចារ្យព័ត៌មានវិទ្យា លោកឡារី ផេជ៍ មានចំណាប់អារម្មណ៍យ៉ាង​ខ្លាំងទៅនឹងព័ត៌មានវិទ្យា​ដែលចាប់ផ្តើមតាំងពីលោកនៅវ័យក្មេងមកម្ល៉េះ។ កាលពីវ័យក្មេង លោក​ឡារី ផេជ៍ បានបង្ហាញនូវអត្ថប្រយោជន៍យ៉ាងរស់រវើកសម្រាប់បច្ចេក​វិទ្យា សហគ្រាស និង​​ការបង្កើតថ្មី។ ជំនក់ចិត្តរបស់លោកសម្រាប់ព័ត៌មានវិទ្យា និងបច្ចេកវិទ្យា បានចាប់ផ្តើម នៅ​ពេលលោកមានអាយុ ១០ឆ្នាំ ហើយវរជននៅក្នុងដួងចិត្តរបស់លោកគឺអ្នកវិទ្យាសាស្រ្ត​​នីកូឡា តេស្លា។ លោកឡារី ផេជ៍ តែងស្រមៃនឹងបង្កើត​ក្រុមហ៊ុនផ្ទាល់​ខ្លួន​របស់​លោក​តាំង​ពី​អាយុ ១២ឆ្នាំ។ លោកក៏ជាកុមារ​ដំបូងនៅក្នុងសាលា​ដែល​បាន​​ធ្វើការប្រើប្រាស់កម្មវិធីវាយ​អត្ថបទ​​ដំបូងផងដែរ។

លោកឡារី ផេជ៍ បានទទួលសញ្ញាបត្រផ្នែកវិស្វកម្មកុំព្យូទ័រពីសកលវិទ្យាល័យមីជីហ្គេន នៅឆ្នាំ​១៩៩៥។ បន្ទាប់​ពីនេះ លោកក៏បានសម្រេចចិត្តផ្តោតអារម្មណ៍លើវិស្វកម្មកុំព្យូទ័រ និងចុះ​ឈ្មោះ​ចូលរៀន​នៅសកលវិទ្យាស្តេនហ្វ៉ដសម្រាប់កម្មវិធីបណ្ឌិត។ នៅក្នុងនិក្ខេបបទបណ្ឌិតរបស់លោក លោកបានបង្ហាញនូវបំណងចង់ស្វែងយល់អំពីលក្ខណៈ​គណិតវិទ្យានៃបណ្តាញគេហទំព័រពិភពលោក (World Wide Web)។ ការអភិវឌ្ឍនិក្ខេបបទនេះ ធ្វើ​ឡើង​​ក្រោមការត្រួតពិនិត្យមើលរបស់លោកថែរី វីណូហ្គ្លាដ ដែលជាអ្នកជំនាញដ៏ឆ្នើមផ្នែក​បញ្ញាញ្ញាណសិប្បនិមិត្ត។

លោកឡារី ផេជ៍ គឺជាអ្នកបង្កើតនីតិវិធី ផេជ៍រេង (PageRank) សម្រាប់ចាត់ថ្នាក់គេហទំព័រ​តាម​កម្រិត​ពេញនិយមរបស់វា។

នៅឆ្នាំ២០០២ វេទកាសេដ្ឋកិច្ចពិភពលោក បានសម្រេចប្រគល់ឋានៈជាមេដឹកនាំអន្តរជាតិ​នៃ​សេដ្ឋកិច្ចនាពេលអនាគតដល់លោកឡារី ផេជ៍ និងនៅឆ្នាំ ២០០៤ លោកបានទទួល​ពានរង្វាន់ ម៉ាកូនី ដែលជាពានរង្វាន់ឈានមុខប្រចាំឆ្នាំនៅក្នុងវិស័យព័ត៌មានវិទ្យា។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ លោកអេរីក ឆ្មីដ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គូលហ្គ៉ល តាំង​ពីឆ្នាំ២០០១ បានប្រកាសនៅលើប្លកផ្លូវការនៃហ្គូលហ្គ៉លថា លោកឡារី ផេជ៍ នឹងក្លាយ​ជា​អ្នក​ស្នងបន្តពីលោកក្នុងតំណែងជាអគ្គនាយកប្រតិបត្តិហ្គូលហ្គ៉ល​ចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០១១ តទៅ។

លោកឡារី ផេជ៍ មានការតាំងចិត្តចូលរួមនៅក្នុងចលនា មនុស្សហួសវិស័យ (transhumaniste) មាន​ន័យថា ជាការប្រើបច្ចេកវិជ្ជា និងវិទ្យាសាស្រ្ត ក្នុងការពង្រីកសមត្ថភាពរបស់មនុស្ស ទាំង​រាយកាយ និងផ្លូវចិត្ត។

នៅខែវិច្ឆិកា ឆ្នាំ២០២៥ យោងតាមទស្សនាវដ្តីហ្វ៉ប (Forbes) និងប្ល៊ូមបឺហ្គ (Bloomberg) ទ្រព្យ​សម្បត្តិ​របស់លោកឡារី ផេជ៍ ស្ថិតនៅចន្លោះ២៤៦ ដល់ ២៥៦ ពាន់លានដុល្លារ ដែល​ធ្វើ​ឲ្យ​លោកក្លាយជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេទីពីរនៅលើពិភពលោក។

 

Daily Program

Livesteam thumbnail