ម៉ុងខេ ខាន់ ព្រះចៅអធិរាជម៉ុងហ្គោលចុងក្រោយដែលទឹកដីនៅរួបរួម

ម៉ុងខេ ខាន់ ប្រសូតនៅឆ្នាំ១២០៩។ ព្រះអធិរាជគឺជាចៅរបស់មហារាជ ចេនហ្ស៉ីស ខាន់ នៃស្ថាបនិកនៃចក្រភពម៉ុងហ្គោល។

ព្រះចៅអធិរាជ ម៉ុងខេ ខាន់ ឡើងសោយរាជ្យនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១២៥១។ ក្នុងអំឡុងការសោយរាជ្យ ព្រះចៅអធិរាជបានស្តារឡើងវិញជាផ្នែកមួយនៃឯកភាពចក្រភព ដោយបដិសេធកូនចៅនៃព្រះអង្គម្ចាស់អូហ្គូដេ និងចាហាតៃ ចេញពីការទទួលសិទ្ធិស្នងរាជ្យ ព្រោះពួកគេត្រូវបានចោទប្រកាន់ថា បានរៀបចំការឃុបឃិតក្បត់ប្រឆាំងនឹងព្រះអង្គ។ មានតែស្តេច បាទូ ប៉ុណ្ណោះ ដែលរក្សាបានស្ថានភាពឯករាជ្យមួយផ្នែក និងអំណាចលើទឹកដី​នៃ ហ័រដមាស (Golden Horde) គឺជាទឹកដីនៅអាស៊ីខាងលិច និងអឺរ៉ុបខាងកើត។

ព្រះចៅអធិរាជម៉ុងខេ ខាន់ បានតាំងចិត្ត​ក្នុង​​ការធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដែលសំដៅធ្វើឲ្យតំបន់ចំណុះនានាមានសន្តិភាព និងរៀបចំខ្លួន​ដើម្បីច្បាំងដណ្តើមទឹកដីថ្មីៗ។ ព្រះអង្គបានស្តារ​ឡើងវិញនូវយន្តការរដ្ឋបាលចក្រភព និងនាំមកនូវវិធានការថ្មីៗដែលកាន់តែមានប្រសិទ្ធភាព​ដែលអនុញ្ញាតឲ្យគៀងគរបានរាល់ធនធានទាំងអស់នៃចក្រភពដើម្បីផ្គត់ផ្គង់ដល់កងទ័ព។ ព្រះ​អង្គបានធ្វើឲ្យប្រសើរឡើងនូវវិធីសាស្រ្តធ្វើជំរឿនប្រជាជន និងដាក់ឲ្យដំណើរការនូវ​ប្រព័ន្ធប្រមូលពន្ធដែលមានភាពសមហេតុផល។ ព្រះអង្គ​ក៏បានតែងតាំងបងប្អូន គឺព្រះអង្គកូប៊ីឡៃ និង​ហ៊ូឡាហ្គូ ជាប្រមុខកងទ័ពម៉ុងហ្គោល។

នៅឆ្នាំ១២៥៣ ព្រះចៅអធិរាជ ម៉ុងខេ ខាន់ បានបញ្ជាឲ្យបងប្រុសរបស់ព្រះអង្គចេញទៅ ពង្រីក​អាណាចក្រ។ ព្រះអង្គបានផ្ដល់ភារកិច្ចដល់ប្អូនប្រុសក្មេងជាងគេ ហ៊ូឡាហ្គូ ឲ្យបញ្ចូលរាជធានី បាដាដ និងតំបន់មេសូប៉ូតាមី ទៅក្នុងទឹកដី ទួរគីស្ថាន។ ចំណែកឯ គូប៊ីឡៃ ត្រូវបាន​ផ្ដល់ភារកិច្ចដឹកនាំយុទ្ធនាការប្រឆាំងនឹង ចិន នៃរាជវង្សសុងភាគខាងត្បូង។

ក្រោមរជ្ជកាលរបស់ព្រះចៅអធិរាជ ម៉ុងខេ ខាន់ នៅឆ្នាំ ១២៦៦ ព្រះមហាក្សត្រ​ បានផ្ដល់ផ្នែកជាច្រើននៃកោះគ្រីមៀដល់ សាធារណរដ្ឋ ហ្សេណូវ៉ា ដែលបានបង្កើតអាណាចក្រ ហ្គាសារៀ នៅទីនោះ។ ក្រោយមក ហ័រដមាស (Horde d’or) បានបង្កើតរដ្ឋ ខាណាត គ្រីមៀ នៅលើកោះគ្រីមៀ ហើយវាបានមានអត្ថិភាពនៅជាមួយនឹងអាណាចក្រហ្សេណូវ៉ា។

ព្រះចៅអធិរាជ ម៉ុងខេ ខាន់ បានបញ្ជូនកងទ័ពទៅវាយដណ្តើមរាជាណាចក្រទីបេ បញ្ចូលមកក្នុង​ចក្រភពម៉ុងហ្គោលនៅឆ្នាំ១២៥២។ គឺក្នុងរាជ្យរបស់ព្រះចៅអធិរាជ ម៉ុងខេ ខាន់ ផងដែរ ដែលជាការចាប់ផ្តើមនៃការច្បាំងដណ្តើម​តំបន់អាស៊ីអាគ្នេយ៍។ ព្រះរាជាណាចក្រ​ដាលី (Dali) ដែលសព្វថ្ងៃ ស្ថិតនៅប្រហែលជាតំបន់ យូណាន ប្រទេសចិន មាន​រាជធានីឈ្មោះ ដាលី និងស្ថិតនៅ​ច្រាំងបឹង អៀហៃ (Erhai) និងនៅខ្ពង់រាបទីបេ ត្រូវបាន គូប៊ីឡៃ ខាន ពង្រីកអំណាចចូល ទៅ​នៅ​ឆ្នាំ១២៥៣។

ព្រះចៅអធិរាជ ម៉ុងខេ ខាន់ បានបញ្ជាឲ្យប្អូនប្រុសរបស់ព្រះអង្គ ហ៊ូឡាហ្គូ ឲ្យបង្កើតទំនៀមទម្លាប់ រូស៊ូម វ៉ា យូស៊ូម (rusum va yusum) និងច្បាប់យ៉ាសា (yasa) របស់ម៉ុងហ្គោល ពីតំបន់ អុកសុស រហូតដល់អេហ្ស៊ីប និងការពង្រីកអំណាចលើទឹកដីដែលគ្រប់គ្រងដោយអេហ្ស៊ីប រួមទាំងប្រទេស ស៊ីរី ផង។

ព្រះចៅអធិរាជម៉ុងខេ ខាន់ ម៉ុងខេ បានសោយទីវង្គតភ្លាមៗ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ១២៥៩។ រាល់កំណត់ត្រាប្រវត្តិសាស្ត្រ បានផ្ដល់ហេតុផលខុសៗគ្នាសម្រាប់ការសោយទិវង្គតរបស់ព្រះអង្គ។ តាមប្រភព​ចិន ព្រះអង្គបានស្លាប់ដោយជំងឺរាគ។ តាមប្រភព ពែរស៍ ព្រះអង្គបានស្លាប់ដោយជំងឺពោះវៀនធំ ខណៈដែលប្រភពផ្សេងទៀត បានអះអាងថា ព្រះអង្គបានត្រូវព្រួញនៅក្នុង​​សមរភូមិប្រយុទ្ធ។ ការសោយទិវង្គតនៃព្រះចៅអធិរាជ ម៉ុងខេ ខាន់ បានបណ្តាលឲ្យបញ្ឈប់សង្គ្រាមដែលកំពុងកើតឡើង និងបានធ្វើឲ្យភាពតានតឹងដែលមានស្រាប់ រវាងព្រះអង្គម្ចាស់ម៉ុងហ្គោលនានា ទៅជាការប្រយុទ្ធគ្នាដោយបើកចំហជាបន្តបន្ទាប់។

 

Daily Program

Livesteam thumbnail