ជូអ៊ីជី ណាហ្គ៊ូម៉ូ អ្នកយុទ្ធសាស្រ្តសង្រ្គាមជប៉ុននៅសង្រ្គាមលោកលើកទី២
លោកជូអ៊ីជី ណាហ្គូម៉ូ កើតនៅទីក្រុងយ៉ូណេហ្ស៉ាវ៉ា នៅខេត្តយ៉ាម៉ាតា ប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៨៨៧។ លោកគឺជាតួអង្គដ៏សំខាន់នៃកងទ័ពព្រះចៅអធិរាជជប៉ុន។ លោកជូអ៊ីជី ណាហ្គូម៉ូជាមេបញ្ជាការកងកម្លាំងចល័ត គីដូ ប៊ូតៃ (Kidō Butai) ដែលជាកងក្រុមនាវាដឹកយន្តហោះធំៗ។ កងកម្លាំងនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ចាប់ពីការវាយប្រហារនៅមូលដ្ឋានយោធាអាម៉េរិក ភៀល ហាប័រ (Pearl Harbor) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ រហូតដល់ការវាយប្រហារលើមូលដ្ឋានអង់គ្លេស នៅប្រទេសសៃឡង់(ស្រីលង្ការ) ពីថ្ងៃទី៥ ដល់ទី៩ ខែមេសា ឆ្នាំ១៩៤២។
លោកជូអ៊ីជី ណាហ្គូម៉ូ បានទទួលសញ្ញាបត្រនៅឆ្នាំ១៩០៨ នៃរាជបណ្ឌិតយោធាអធិរាជជប៉ុន នៅជំនាន់ទី៣៦ និងទទួលចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមសិស្ស ១៩១នាក់។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៤១ លោកជូអ៊ីជី ណាហ្គូម៉ូ ត្រូវបានតែងតាំងជាមេបញ្ជាការនៃកងកម្លាំងវាយប្រហារនៃកងនាវាដឹកយន្តហោះទី១ ដែលរួមបញ្ចូល កងពលលេខ១ លេខ២ និងលេខ ៥ នៃនាវាដឹកយន្តហោះ។ កងនាវានេះ គឺជាជញ្ជាំងដែកថែប នៃកងទ័ពជើងទឹកនៃព្រះចៅអធិរាជជប៉ុន ក្នុងអំឡុង៦ខែដំបូងនៃសង្រ្គាមប៉ាស៊ីហ្វ៊ីក នៅសង្រ្គាមលោកលើកទី២។
ដោយប្រឹក្សាយោបល់ជាមួយឧត្តមនាវាឯក យ៉ាម៉ាម៉ូតូ និងមានការរៀបចំ យ៉ាងម៉ត់ចត់ដោយឧត្តមនាវាឯកប្រយុទ្ធ ហ្វ៊ូគូដូម៉េ និងអូនីស្ហ៊ី និងមេបញ្ជាការជេនដា លោកឧត្តមនាវាឯកជូអ៊ីជី ណាហ្គូម៉ូ ក៏បានបើកការវាយប្រហារលើមូលដ្ឋានយោធាភៀល ហាប័រ របស់អាម៉េរិក ដែលនេះជាភាពជោគជ័យផ្នែកយុទ្ធសាស្ត្រមួយរបស់ជប៉ុន។
នៅពេលត្រឡប់ពីភៀល៍ ហាប័រ នាវាដឹកយន្តហោះ ស័រ្យូ និងហ៊ីរីយូ ត្រូវបានផ្តាច់ចេញ នៅខែធ្នូ ឆ្នាំ១៩៤១ ដើម្បីទៅគាំទ្រការវាយប្រហារលើកោះវ៉េកឃេ ដែលនៅទីនោះកងម៉ារីនអាម៉េរិកបានតស៊ូប្រយុទ្ធយ៉ាងសាហាវ។ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា នាវាដឹកយន្តហោះ ៤ គ្រឿង ក្រោមការបញ្ជារបស់លោកឧត្តមនាវាឯកជូអ៊ីជី ណាហ្គូម៉ូ បានគាំទ្រការវាយប្រហាររបស់ជប៉ុនលើទីតាំងនៅអូស្ត្រាលីនៅទីក្រុងរ៉ាបូល និងកាវៀង នៃកោះប៉ាពួញូហ្គីណេនៅខណៈដែលនាវាដឹកយន្តហោះសូរ្យូ និងហ៊ីរីយូ បានបំផ្លាញកោះអំបូអ៊ីនណេ នៅប្រជុំកោះសេឡេបនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៤២។ បន្ទាប់ពីបានប្រមូលកម្លាំងរួចហើយ លោកឧត្តមនាវាឯកជូអ៊ីជី ណាហ្គូម៉ូ ក៏បានចាប់ផ្តើមនៅថ្ងៃទី១៩ ខែកុម្ភៈ ដោយធ្វើការបំផ្លាញកំពង់ផែ ដាកវីន នៅអូស្ត្រាលី ដែលបានបំផ្លាញសមត្ថភាពយោធារបស់កំពង់ផែនេះទាំងស្រុង។ នៅចុងខែមីនា ឆ្នាំ១៩៤២ នាវាដឹកយន្តហោះរបស់លោកឧត្តមនាវាឯកជូអ៊ីជី ណាហ្គូម៉ូ បានចេញពីប្រជុំកោះសេឡេប ហើយឆ្លងចូលទៅក្នុងមហាសមុទ្រឥណ្ឌា ដើម្បីធ្វើការវាយប្រហារលើកោះសៃឡង់ (ស្រីលង្ការ) ដែលមានគោលបំណងបំផ្លាញការប្រយុទ្ធដ៏សំខាន់របស់កងទ័ពជើងទឹកអង់គ្លេសភាគខាងកើត (Eastern Fleet) ដែលកំពុងពង្រឹងកម្លាំង។
មូលដ្ឋានយោធាកូឡំបូ និងទ្រីនកូម៉ាលី ត្រូវបានបំផ្លាញនៅថ្ងៃទី៥ និងថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៤២។ នាវាចម្បាំងធំ ២គ្រឿង និងនាវាដឹកយន្តហោះតូចអេចអេមអេស ហេមម៉េស HMS Hermes ត្រូវបានពន្លិច។ ប៉ុន្តែឧតម្តនាវាឯកអង់គ្លេស សូមើវិល បានជោគជ័យដែរ ក្នុងការផ្លាស់ទីកងទ័ពជើងទឹកសំខាន់របស់គាត់ឲ្យឆ្ងាយពីការវាយប្រហាររបស់នាវាដឹកយន្តហោះជប៉ុន។
ទោះជាយ៉ាងណា នៅវិនាទីចុងក្រោយ បន្ទាប់ពីសង្គ្រាមសមុទ្រហ្វីលីពីន និងនៅចុងសង្គ្រាម កោះសៃប៉ាន លោកឧត្តមនាវាឯកជូអ៊ីជី ណាហ្គូម៉ូ បានធ្វើអត្តឃាតខ្លួនឯងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៤ ដោយបាញ់ក្បាលខ្លួនឯង ដើម្បីមិនឲ្យកងទ័ពអាម៉េរិកចាប់ខ្លួនគាត់បានទាំងរស់។