កាងស៊ី ព្រះចៅអធិរាជដែលនាំមកនូវភាពរុងរឿងសម្រាប់ប្រទេសចិននៅរាជការឈីង
កាងស៊ី ដែលមាននាមផ្ទាល់ថា ស័នយ៉េ ប្រសូតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៦៥៤ នៅរាជធានីប៉េកាំង និងសោយទីវង្គតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៧២២។ ព្រះអង្គគឺជាអធិរាជនៃប្រទេសចិន និងជារាជាទី៤ នៃរាជវង្សឈីង។ ព្រះអង្គគឺជាព្រះចៅអធិរាជដែលបានសោយរាជ្យយូរជាងគេបំផុតនៃប្រវត្តិសាស្រ្តចិនពីឆ្នាំ១៦៦១ ដល់ឆ្នាំ១៧២២ ឬច្រើនជាង ៦១ឆ្នាំ។ ព្រះអង្គត្រូវបាន ចាត់ទុកជាអធិរាជដ៏ល្បីល្បាញបំផុតមួយរូបនៃប្រទេសចិនសម័យចក្រភព។
ជាបុត្រទី៣ នៃអធិរាជស្ហ៊ុនជឺ ព្រះអង្គកាងស៊ីត្រូវបានតែងតាំងជាអ្នកស្នងតំណែងនៅពេលព្រះអង្គទើបមានព្រះជន្ម ៧ឆ្នាំ។ នៅអាយុ ១៥ឆ្នាំ នៅឆ្នាំ១៦៦៩ ព្រះអង្គកាងស៊ីបានឡើងកាន់អំណាចដោយដកហូតអំណាចពីមន្រ្តីអភិបាលអូប័រ។។
ជាក្សត្រដែលមានការអប់រំ បើកចំហ ជឿសាសនា និងស្រឡាញ់វប្បធម៌ចិនខ្លាំង ព្រះចៅអធិរាជកាងស៊ីបានលុបបំបាត់ចោលវិធានការមួយចំនួនដែលរុញច្រានប្រជាជនចិនហានឲ្យប្រឆាំងនឹងព្រះមហាក្សត្រម៉ាន់ជូ។ ព្រះអង្គបានស្តារឡើងវិញនូវដីធ្លីដែលត្រូវបានរឹបអូសដោយក្រុមអ្នកឈ្នះសង្រ្គាម។ ព្រះអង្គកាត់បន្ថយពន្ធដែលដាក់ទម្ងន់លើប្រជាកសិករ និងអនុគ្រោះដល់ការអភិវឌ្ឍអក្សរសាស្រ្ត និងសិល្បៈ។ ព្រះអង្គចាត់ចែងរៀបចំរដ្ឋបាលមូលដ្ឋានដែលបន្សល់ទុកដោយរាជការមីងដោយផ្តល់អាទិភាពលើប្រសិទ្ធភាពការងារ និងកាត់បន្ថយមន្រ្តីបានជាច្រើន។
កងទ័ពរបស់ព្រះចៅអធិរាជកាងស៊ីបញ្ចប់ការតស៊ូនៃក្រុមបក្សចុងក្រោយរបស់រាជការមីង។ ព្រះចៅអធិរាជកាងស៊ីចាប់ផ្តើមការគ្រប់គ្រងលើខេត្តទាំងឡាយនៅភាគខាងត្បូងចិនដែលនៅស្ទើតែស្វ័យតក្រោមស្រមោលនៃឧត្តមសេនីយ៍ហានដែលបានទទួលការទុកចិត្តឲ្យគ្រប់គ្រងសម្រាប់ជាសារប្រយោជន៍នៃជនជាតិម៉ាន់ជូ ហើយព្រះអង្គកានស៊ីបានបង្រ្កាបការបះបោររបស់អភិជនម្ចាស់ដីធំៗ បីនាក់ពីឆ្នាំ១៦៧៣ ដល់ឆ្នាំ១៦៨១។ នៅភាគពាយព្យ ព្រះចៅកានស៊ីបង្រ្កាបកុលសម្ព័ន្ធម៉ុងហ្គោលនានានៅឆ្នាំ១៦៩៦ ដើម្បីបង្ការមិនឲ្យមានការរួបរួមសម្ព័ន្ធមិត្តប្រឆាំងនឹងចក្រភពចិន។ សម្រាប់ហេតុផលដូចគ្នា សង្រ្គាមស៊ីវិលដែលផ្ទុះនៅទីបេ ជំរុញឲ្យព្រះចៅកានស៊ីធ្វើអន្តរាគមន៍យោធា ហើយទាហានចិនគ្រប់គ្រងរាជធានីទីបេ ឡាសា នៅឆ្នាំ១៧២០។
តាមរយៈសន្ធិសញ្ញាណែតជីនស្ក៍ ព្រះចៅកានស៊ីបានកំណត់ព្រំដែនជាមួយចក្រភពរុស្ស៊ី ដែលកំពុងតែពង្រីកទឹកដីពេញទំហឹងមកកាន់តំបន់ស៊ីបេរី ហើយដែលអាណានិគមរុស្ស៊ីកំពុងគំរាមកំហែងនឹងលុកលុយភាគខាងជើងនៃចក្រភពចិន។
ព្រះចៅកានស៊ីបានបញ្ជាឲ្យជុសជុលប្រឡាយធំដែលស្ថាបនាឡើងដោយរាជការសួយ ជាង ១០០០ឆ្នាំមុន។ ព្រះអង្គបានបង្ហាញនូវការយកចិត្តទុកដាក់ជាពិសេសចំពោះការងារធារាសាស្រ្តនៅប្រទេសចិនភាគខាងជើង ដែលព្រះអង្គផ្ទាល់ក៏ជាអ្នកជំនាញឯកទេសពិតប្រាកដម្នាក់ខាងវិស័យធារាសាស្រ្តនេះស្រាប់។
អធិរាជដឹងថា កសិកម្មគឺជាមូលដ្ឋាននៃសេដ្ឋកិច្ចចិន និងជាចំណូលរបស់រដ្ឋ។ ដូច្នេះព្រះអង្គបានបង្កើតការលើកលែងពន្ធពិសេសសម្រាប់តំបន់ជនបទ ដើម្បីជំរុញសំទុះសេដ្ឋកិច្ចកសិកម្ម។ បន្ទាប់ពីការកែទម្រង់មួយចំនួន កម្រិតជីវភាពនៃប្រជាកសិករបានកើនប្រសើរឡើងយ៉ាងច្រើន។
នៅក្រោមរាជ្យរបស់ព្រះចៅកានស៊ី ប្រជាជន និងសេដ្ឋកិច្ចចិន ដែលត្រូវបានប៉ះពាល់យ៉ាងជ្រាលជ្រៅដោយសារការចុះខ្សោយរបស់រាជ្យវង្សមីង និងសង្រ្គាមនានាដែលកើតឡើងដោយសារការវាយដណ្តើមយកប្រទេសដោយជនជាតិម៉ាន់ជូ ជាថ្មីម្តងទៀត បានស្គាល់នូវភាពរុងរឿងដែលនឹងបន្តរហូតដល់ពេញមួយសតវត្សទី១៨។