សម្តេច​ប៉ាប​ស្នើ​ឲ្យ​កុមារ​ធ្វើ​ជា សិប្បករ​សន្តិភាព

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានស្នើសុំឱ្យកុមារអ៊ីតាលីអធិស្ឋានសម្រាប់មិត្តភក្ដិរបស់ពួកគេនៅអ៊ុយក្រែន និងហ្គាហ្សា ហើយលើកទឹកចិត្តពួកគេឱ្យក្លាយជា «សិប្បករនៃសន្តិភាព» នៅពេលគាត់ជួ​បជាមួយសិស្ស និងគ្រូបង្រៀននៃបណ្តាញសាលារៀនជាតិអ៊ីតាលី។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះ នៅពេលដែលទ្រង់យាងទទួលកុមារា និងកុមារី អ៊ីតាលីជាង ៦000 នាក់ដែលពួកគេកំពុងតែសិក្សានៅបណ្តាញសាលាសន្តិភាពជាតិអ៊ីតាលី។

នៅក្នុងឱកាសដែលកុមារាកុមារីទាំងនោះបានមកទស្សនាបុរីវ៉ាទីកង់កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុនសម្តេចប៉ាបបានមានបន្ទូលថា សន្តិភាពសំខាន់ណាស់ ហើយសន្តិភាពគឺកើតចេញពីក្តី ស្រលាញ់ និងករុណារបស់មនុស្សជាតិទាំងអស់។​

សម្តេចប៉ាបបានមានបន្ទូលទៀតថា គ្រប់គ្នានៅក្នុងសង្គមគឺសុទ្ធតែអាចចូលរួមកសាងសន្តិភា​ពបាន ដូច្នេះហើយយើងទាំងអស់គ្នាគួរតែក្លាយជាសិប្បករកសាងសន្តិភាពមួយនៅលើពិភពលោ​ក​។​

នៅក្នុងអំឡុងពេលនោះសម្តេចប៉ាបបានអំពាវនាវម្តងហើយម្តងទៀតសុំឲ្យពួកគេ ចងចាំកុមារដែលរងទុក្ខដោយសង្គ្រាម និងជម្លោះជាពិសេសកុមារអ៊ុយក្រែន ខណៈដែលពួកគេនៅទីនោះគឺប្រហែលជាភ្លេចពីរបៀបញញឹម និងសម្រាប់កុមារនៅ ហ្គាហ្សាដែលពួកគេដឹងនិ ងស្គាល់តែ «ខ្មាន់កាំភ្លើង» និងទទួលរងពីភាពអត់ឃ្លាន។

គួររំលឹកថាបណ្តាញសាលារៀនសន្តិភាពនេះត្រូវបានបង្កើតឡើង ជាច្រើនឆ្នាំដើម្បី លើកកម្ព​ស់ការអប់រំអចិន្ត្រៃយ៍សម្រាប់សន្តិភាព និងសិទ្ធិមនុស្សនៅក្នុងកម្មវិធីសិក្សារបស់សាលាទាំងអស់នៅគ្រប់កម្រិត។ បណ្តាញសាលារៀននេះបានប្តេជ្ញាចិត្តក្នុងការអប់រំកុមារអំពីសន្តិភាព យុ​ត្តិធម៌ ភាពជាពលរដ្ឋ សិទ្ធិមនុស្ស និងការទទួលខុសត្រូវ៕