សង្រ្គាមនៅអ៊ុយក្រែន ៖ ការលំបាករបស់ទីក្រុងគៀវសម្រាប់សង្រ្គាម

មិនថា នៅអាវឌីអ៊ីកា នៅលើដងទន្លេ ឌីនីប្រូ ក៏ប៉ុន្តែក៏ដូចជានៅស្ទើគ្រប់ទីកន្លែង នៅប្រទេស អ៊ុយក្រែន ទាហានអ៊ុយក្រែនបានប្រឈមមុខនឹង​ការវាយប្រហាររបស់រុស្ស៊ី ដែលកាន់តែ​លំបាកឡើងនឹងវាយរុញច្រានទៅវិញ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ២ឆ្នាំមកហើយ ដែលទាហានអ៊ុយក្រែនការពារខ្លួន​ប្រឆាំងនឹង​ការ​ឈ្លាន​ពានរបស់រុស្ស៊ីដែលបង្កឡើង​ដោយ​លោកវ្លាឌីមៀ ពូទីន។

ការខិតមកជិតដល់​ឆ្នាំទី៣ នៃសង្រ្គាម ទាហានអ៊ុយក្រែន បានស្ថិតនៅក្នុងជំហរមានការ​លំបាក​។ អ៊ុយក្រែនត្រូវបោះបង់ការគ្រប់គ្រង អាវឌីវអីវកា។ នេះគឺជាក្រុង​ឧស្សាហកម្ម​ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃប្រទេស ដែលអ៊ុយក្រែនធ្លាប់ការពារ​យ៉ាងដាច់ខាតពីការវាយប្រហារ​មិន​​ឈប់​មិន​ឈរ​នៃទាហានរុស្ស៊ី នៅខណៈដែល អ៊ុយក្រែនប្រឈមនឹងការគាំទ្រ​ពីលោក​ខាង​លិច​​ដែល​ជានិច្ចកាលមានភាពញញើតញញើម និងមិនគ្រប់គ្រាន់។

បើតាមលោក អូឡិចសាន តាកណាស្គី អគ្គមេបញ្ជាការអ៊ុយក្រែនប្រចាំតំបន់អាវឌីវអ៊ីកា បាន​ឲ្យ​​ដឹងថា ទាហានរុស្ស៊ីចំនួន ៤៧០០០នាក់ បានស្លាប់ និងរបួស ក្នុងរយៈពេល ៤ខែនៃ​សមរភូមិ អាវឌីអ៊ីវកា។ នេះជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បាន។ ចំណែកប្រភពពី​លោក​ខាង​លិច​វាយតម្លៃថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម តុល្យការបស់រុស្ស៊ី គឺមានទាហាន​ប្រមាណ ៣៥០០០០នាក់ បានស្លាប់ និងរបួស។

ចំណែកខាងទាហានអ៊ុយក្រែន គេមិនដឹងច្បាស់អំពីចំនួនជនរងគ្រោះនោះទេ។ ក៏ប៉ុន្តែ ចំនួន​ទាហានរងគ្រោះក៏មានមិនតិចដែរ។ យោងតាមកាសែត ញូយ៉ក ថែម តាមការ​ឲ្យ​ព័ត៌មាន​ពី​ទាហាន​អ៊ុយក្រែននៅសមរភូមិប្រតិបត្តិការ បានឲ្យដឹងថា ការដកថយគឺដើម្បី​បញ្ចៀស​ពី​គ្រោះ​ថ្នាក់​​នៅអាវឌីអ៊ីកា នៅក្រោមការបាញ់ផ្លោងពីទាហានរុស្ស៊ី ហើយបានធ្វើឲ្យមានការចាប់ខ្លួន និង​បាត់ខ្លួនរបស់ទាហានអ៊ុយក្រែននៅចន្លោះ ៨៥០នាក់ និង ១០០០នាក់។

ប៉ុន្តែយោងតាមវិទ្យាស្ថាននៃការសិក្សាសង្រ្គាម ISW ដែលសិក្សាអំពីជម្លោះជារៀងរាល់ថ្ងៃ បាន​ឲ្យដឹងថា មិនមានភស្តុតាងណាមួយ សម្រាប់ទីតាំង​របស់អ៊ុយក្រែនដែល​បង្ហាញ​ការ​បាត់​បង់​​ខូចខាតច្រើននោះទេ។   ហើយការផ្សព្វផ្សាយព័ត៌មានអំពី​របៀបដកថយរញ៉េរញ៉ៃ​បាក់​ទ័ព​របស់អ៊ុយក្រែនពីអាវឌីអីកា គឺត្រូវបានរៀបចំឡើងយ៉ាងទូលំទូលាយដោយ​វិមាន​ក្រឹមឡាំង​​ដើម្បីពង្រីកឲ្យខ្ទរខ្ទារនូវជ័យជម្នះរបស់ខ្លួន និងព្យាយាមសាបព្រួសការមិនទុក​ចិត្ត​គ្នា​​​រវាង​ទាហានអ៊ុយក្រែន និងធ្វើការធ្វើឲ្យដាច់ចង្វាក់បញ្ជាការអ៊ុយក្រែនដែរ។

ចំណែកអ៊ុយក្រែន សម្រាប់ពេលនេះ គេមិនជឿទៅលើសមតិកម្មដែលរុស្ស៊ីអាចវាយបក​ក្នុង​ទ្រង់​ទ្រាយធំឡើយ។ សម្រាប់អនុអគ្គមេបញ្ជាការអ៊ុយក្រែន លោករ៉ូឌីយ៉ុង គូឌ្រីយ៉ាស្ហ៊ូវ បាន​ឲ្យ​ដឹងថា ទាហានរុស្ស៊ី​សព្វថ្ងៃមិនមានសមត្ថភាព​បន្តវាយទៅមុខ​ចេញពីអាឌីវអីវកានោះទេ យ៉ាងហោចណាស់ ក្នុងពេលឆាប់ៗ។ វិទ្យាស្ថានសិក្សាសង្រ្គាម បានរាយការណ៍ថា កង​កម្លាំង​រុស្ស៊ី​​ប្រហែលនឹងអាចសម្រាកប្រតិបត្តិ​ការ មុននឹងចាប់ផ្តើមការវាយប្រហារចេញពីអាឌីវអីវកា ឬផ្ទេកម្លាំងមកពង្រឹងបន្ថែមចេញពី​ផ្នែកដទៃទៀត​នៃសមរភូមិ។ មានការវិភាគមួយ​ចេញ​ពី​សេចក្តី​សន្និដ្ឋានថា ការដណ្តើម​យក អាវឌីវអីវកា ដូចដែលបានគូសបញ្ជាក់ពីអ្នកជំនាញ​ភាគ​ច្រើន​ក៏មិនមែនជាស្ថានភាពធ្វើឲ្យប្រែប្រួលយុទ្ធសាស្រ្តសំខាន់នៃតំបន់ដែរ។ ទីក្រុង​ឧស្សាហកម្ម ដែលទុកក្នុងគំនរផេះផង់ដោយសារការប្រយុទ្ធជាច្រើនខែ វាក៏ដូចជាផ្នូរខ្មោចដ៏ធំ​សម្រាប់​យោធារុស្ស៊ីដែរ។  

មន្រ្តីអាម៉េរិកដែលស្រង់សំដីដោយសារសារព័ត៌មាន New York Times បានឲ្យដឹងថា ការ​ឈាន​​ទៅមុខរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន នឹងមិនបង្កឲ្យមានការដួលរលំទាំងស្រុង​នៃ​សមរភូមិរបស់អ៊ុយក្រែនដែរ ទោះបីជារដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោកសឺហ្គេ ឆ័រហ្គូ ជា​ទម្លាប់​តែងអួតក្អេងក្អាង ដើម្បីពន្លើស​ជ័យជម្នះ របស់ខ្លន ជាពិសេសនៅពេល​ប្រតិបត្តិការ​ដណ្តើម​បាន អាឌីវអីវកានេះ។