ការវាយប្រហារនៅសមុទ្រក្រហម ៖ សហគមន៍អឺរ៉ុបបញ្ជេញ​បេសកកម្មផ្ទាល់ខ្លួន​ប្រឆាំងនឹងក្រុមហ៊ូទី

កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសសហគមន៍អឺរ៉ុប បង្កើតបេសកកម្ម Aspides រយៈពេល ១ឆ្នាំ នៅសមុទ្រក្រហម​ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារ​របស់ក្រុមហ៊ូទី។ បេសកកម្មនេះ​នឹង​ប្រតិបត្តិការ​នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

លោកយ៉ាហា សារី អ្នកនាំពាក្យយោធា បានថ្លែងថា ៖ “ការវាយប្រហារបន្ថែមទៀត កាលពីថ្ងៃ ទី​១៧ ខែកុម្ភៈ ក្រុមបះបោរយ៉េមេន ហ៊ូទី ដែល​គាំទ្រ​ដោយអ៊ីរ៉ង បានអះអាងថា បាន​ឈាន ទៅវាយប្រហារនាវាប្រេង ប៉ូលលុច ជាមួយ​នឹង​មីស៊ីលជាច្រើនបាញ់ចេញ​ពីនាវា។”

យោងតាមទីបញ្ជាការកណ្តាលរបស់អាម៉េរិក នាវាប្រេងនេះ ដែលដោតទង់ជាតិ ប៉ាណាម៉ា និងជាកម្មសិទ្ធរបស់ប្រទេសដាណឺម៉ាក ត្រូវទទួលរងការវាយប្រហារពីមីស៊ីលបាលីស្ទីក​ប្រឆាំងនាវាចំនួន ៣ គ្រាប់ ដែលបាញ់ចេញពីតំបន់របស់ប្រទេសយ៉េមេន ដែល​គ្រប់គ្រង​ដោយ​​ក្រុម​ហ៊ូទី។ មិនមានការរងរបួស ឬការខូចខាតត្រូវបានប្រាប់ឲ្យដឹងទេ។

ចាប់តាំងពីខែវិច្ឆិកា ចលនាបះបោរនេះ ដែលគាំទ្រដោយ​អ៊ីរ៉ង បានដឹកនាំការវាយប្រហារ​ជា​បន្ត​បន្ទាប់ ប្រឆាំងនឹងនាវាទំនិញនៅសមុទ្រក្រហម និង​នៅ​ឈូងសមុទ្រអេដេន ដោយរួម​សាមគ្គី​ភាពជាមួយជនជាតិប៉ាឡេស្ទីន​នៃតំបន់ហ្គាហ្សា ដែល​អ៊ីស្រាអែលកំពុង​មានសង្រ្គាម​ប្រឆាំង​នឹងក្រុមហាម៉ាសបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា។ ការវាយប្រហារ​តាម​សមុទ្របានបង្ខំឲ្យក្រុមហ៊ុនដើរសមុទ្រជាច្រើន​ត្រូវវាងផ្លូវយុទ្ធសាស្រ្តនេះ​ ដែល​ភ្ជាប់អាស៊ី​ទៅ​អឺរ៉ុប ដោយផ្លូវនេះ​ជាច្រកឆ្លងកាត់ពាណិជ្ជកម្មពិភពលោក ១២%។ កប៉ាលកាន់តែច្រើន​ឡើងៗ សម្រេចចិត្ត ជ្រើសយកផ្លូវផ្សេងដោយវាងទៅជ្រោយអាហ្វ្រិកខាងត្បូង ដែលជាប្រវែង​ផ្លូវ​ឆ្ងាយ និងចំណាយថ្លៃ។

សម្ព័ន្ធមិត្តទី១ របស់អ៊ីស្រាអែល ទីក្រុងវ៉ាស៊ីនតុន បានដាក់ដំណើរការកាលពីខែធ្នូ នូវសម្ព័ន្ធ​មិត្ត​ពហុជាតិ ជាមួយនឹងចក្រភពអង់គ្លេស ដើម្បី​ដាក់គោលដៅវាយប្រហារទីតាំងឈជើង​របស់​ពួកហ៊ូទី ជាពិសេសនៅរដ្ឋធានីសាណា ប៉ុន្តែមិនបានឈានសម្រេចបញ្ឈប់​ការវាយ​ប្រហារ​​នៅសមុទ្រក្រហមនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតយ៉េមេន នៅ​បារាំង លោករ៉ឺយ៉ាដ យ៉ាស៊ីន អាបដុយឡា ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ​ធ្វើ​អន្តរាគមន៍​ដើម្បីបញ្ចប់សកម្មភាពរបស់​ក្រុមហ៊ូទី។

យោងតាមប្រភពការទូតមួយ បានឲ្យដឹងថា ដើម្បីធ្វើឲ្យមានសុវត្ថិភាពដល់ទំនិញ​ដើរតាម​ផ្លូវ​សមុទ្រ សហភាពអឺរ៉ុប ក៏បានដាក់ចេញនូវ​បេសកកម្មមួយ​នៅសមុទ្រក្រហម យ៉ាងហោច​ណាស់មួយឆ្នាំ។

ប្រទេសជាច្រើនបានរួមចំណែកប្រាថ្នាចូលរួម​សម្រាប់បេសកកម្មនេះ ដែលដាក់ឈ្មោះថា Aspides ឬខែល ជាភាសាក្រិកបុរាណ នៅក្នុងចំណោមនោះ មានប្រទេស ប៊ែលហ្ស៊ីក អ៊ីតាលី អាឡឺម៉ង និងបារាំង។

អ្នកការទូតអឺរ៉ុបម្នាក់ បានវាយតម្លៃថា បេសកកម្មនេះបង្កើតឡើងដោយ​រដ្ឋមន្រ្តីកិច្ចការ​បរទេស​នៃ​សហភាពអឺរ៉ុប ដែលរួម​ប្រជុំនៅប៊្រុចសែល កាលពីថ្ងៃចន្ទ ប៉ុន្តែរឿងនេះមិនមែនមានន័យថា វា​ត្រូវបានប្រតិបត្តិការភ្លាមៗនោះដែរ។ ប្រតិបត្តិការគឺនៅពេលបញ្ជាការ​កំណត់ថា នៅពេល​ណា​ខ្លួនមានធនធានគ្រប់គ្រាន់ ដែលនេះត្រូវការ​ពេលប៉ុន្មានសប្តាហ៍ទៅមុខ។

នាវាពិឃាតអាឡឺម៉ង់ ហេសេន បានចាកចេញកាលពីថ្ងៃទី៨ ខែកុម្ភៈ នៅក្នុងទិសដៅឆ្ពោះទៅ​កាន់​សមុទ្រក្រហម ជាមួយនឹងក្រុមនាវិកប្រមាណ​២៤០នាក់។ វានឹងត្រូវស្ថិតនៅក្នុងសភាព​ប្រុង​ជើង​ការជាអចិន្រ្តៃយ៍ និងអាចឆ្លើយតបការវាយប្រហារជាយថាហេតុពីមីស៊ីល ដ្រូន និង​នាវា​អត្តឃាត​ដែលមានតេឡេបញ្ជា។ ប្រទេសប៊ែលហ្ស៊ិច បានប្រកាសអំពីក្តីប្រាថ្នា​បញ្ជូននាវា​ពិឃាត ម៉ារី ល្វីស។ ចំណែកបារាំង បាននិយាយថា ត្រៀមខ្លូន​បញ្ជូននាវា​ពិឃាត​ដែលស្ថិត​នៅ​លើ​សមុទ្រ​ក្រហមស្រាប់សម្រាប់​បេសកកម្ម Aspides។ ប្រទេសក្រិកនឹងធានាអំពី​ការ​ដឹកនាំ​បញ្ជា​ការ ហើយអ៊ីតាលីដឹកនាំបញ្ជាការប្រតិបត្តិនៅសមុទ្រ។