នៅឆ្នាំនេះ ទិន្និផល ម្រេច នឹងមានតម្លៃថ្លៃ

ដោយសារទិន្នផលម្រេចមិនសូវល្អ ដូច្នេះតម្លៃម្រេចនៅក្នុងឆ្នាំនេះអាចនឹងទទួលបានតម្លៃល្អ ប្រសើរ។

ការសន្និដ្ឋានបែបនេះ​គឺនៅក្រោយពេលដែលមានសេចក្តីរាយការណ៍ថា ផលិតកម្មម្រេចនៅវៀ​តណាមកំពុងតែកាន់កាប់ទីផ្សារនាំចេញម្រេចនៅលើពិភពលោកបានអះអាងអំពីការធ្លាក់ចុះនៃទិន្នផលម្រេច ខណៈដែលតម្លៃនៃការនាំចេញកំពុងតែកើនឡើង។

នៅពេលនេះតម្លៃម្រេចនៅវៀតណាមកំពុងតែឡើងថ្លៃ ដោយដល់ទៅ២៩ភាគរយ ដោយមួយតោ​នម្រេចដែលវៀតណាមនាំចេញបានកើនឡើងដល់ទៅ ៤.០៤១ ដុល្លារ តែទិន្នផលម្រេច កំ​ពុ​ងតែស្រកចុះ ដោយនៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤នេះ វៀតណាមអាចនាំចេញបានត្រឹ​មតែ ៣៥ ០០០ តោន ធ្លាក់ចុះដល់ទៅជាង១២ភាគរយ។

តាមព័ត៌មានដែលចេញផ្សាយនៅលើសារព័ត៌មានវៀតណាម បានឲ្យដឹងថា ម្រេចវៀតណាមនៅ​ក្នុងមួយគីឡូក្រាមនៅពេលនេះឡើងរហូតដល់ជិត៤ ដុល្លារ តែទិន្នផលម្រេចរបស់វៀតណា​ម ធ្លាក់ចុះពី ១០ ទៅ ១៥ភាគរយ។

ពាក់ព័ន្ធនឹងបញ្ហានេះបងប្អូនអ្នកដាំម្រេចនៅ១៨ខេត្ត នៅទូទាំងប្រទេសលើកលែងតែនៅកំ​ពតមួយចេញ សូមប្រុងប្រយ័ត្ន និងស្ទាបស្ទង់តម្លៃលក់ចេញម្រេចឲ្យបានច្បាស់លាស់ ខ្លាចឈ្មួ​ញ​កណ្តាលបង្អាប់តម្លៃ។

ម្រេចកំពតត្រូវបានគេដឹងថា​ មិនអាចតម្លើងថ្លៃផ្តេសផ្តាសបានឡើយ ប៉ុន្តែម្រេចនៅខេត្តផ្សេង ដូចជា នៅខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​ភូមិភាគឥសាន្ត សូមលើកកំពស់និងមើលថែ ទាំម្រេចឲ្យបានផលល្អ ពីព្រោះតែពេលដែលទិ​ន្នផលវៀតណាមធ្លាក់ចុះ គេនឹងអាចមករកកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់គេខណៈដែលមកដល់ពេលនេះ គេដឹងថា វៀតណាមគឺជាប្រទេស ទីមួយដែលទិញផលិតផលម្រេចពីកម្ពុជាច្រើនជាងគេ ។

កាលពីឆ្នាំ២០២៣កន្លងទៅកម្ពុជានាំចេញម្រេចសរុបប្រមាណជា ជាង ៦ ០០០ តោន ហើយភាគច្រើនគឺទៅប្រទេសវៀតណាម។ ដូច្នេះផ្អែកតាមព័ត៌មាននេះ កសិករដាំម្រេចគួរតែស្វែងយ​ល់ពីទីផ្សារ និងតម្លៃ ហើយផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យឈ្មួញកណ្តាលចេះតែបន្ថោក ឬបង្អាប់តម្លៃ៕