ដាក់កែវស្រាចុះ គុណភាពជីវិតនឹងកែលំអរ!

ការបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹងអាចនាំទៅរកអត្ថប្រយោជន៍ផ្សេងៗទាំងផ្លូ​វកាយ ផ្លូវចិត្ត និងសង្គម ទោះបីជាកម្រិតអត្ថប្រយោជន៍ជាក់លាក់អាចប្រែប្រួលអាស្រ័យលើបុ​គ្គល និងវិសាលភាពនៃការទទួលទានគ្រឿងស្រវឹងរបស់លោកអ្នក។

នៅម៉ោងនេះពេលនេះ ពលរដ្ឋដែលកំពុងតែកាន់កែវស្រា ហើយមាត់ក្រេបរស់ជាតិគ្រឿងស្រវឹងគឺមានមិនតិចនោះទេ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាអាចទម្លាក់កែវគ្រឿងស្រវឹងចុះនោះ ផ​លប្រយោជន៍នឹងមានដ៏ច្រើនចំពោះអ្នក ។

បញ្ជីគុណសម្បត្តិ​ទូទៅ​មួយចំនួន​នៃ​ការ​កាត់បន្ថយ ឬ​លុប​បំបាត់​ការ​ទទួល​ទាន​គ្រឿង​ស្រវឹងមា​នច្រើនណាស់ដែលរួមមានតាំងពី ការធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់យើង ពោលគឺតាំងពីសុខភាពថ្លើម សុខភាពសរសៃឈាមបេះដូង សុខមាលភាពផ្លូវចិត្តនិងអារម្មណ៍កាន់តែប្រ​សើ​រ ការកាត់បន្ថយការថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត គេងលក់ស្រួល កាត់បន្ថយហានិភ័យនៃការរងរបួសនិងគ្រោះថ្នាក់ផ្សេងៗ ការសន្សំហិរញ្ញវត្ថុ និងការកាត់បន្ថយផលវិបាកផ្នែកច្បាប់ និងសង្គមរបស់អ្នកជាដើម។

ការទទួលទានគ្រឿងស្រវឹងជាប្រចាំអាចបណ្តាលឲ្យមានជំងឺរហូតដល់ទៅ២០០មុខ ហើយការ ដែលទម្លាប់ទទួលទានច្រើនហួសប្រមាណអាចរួមចំណែកដល់បញ្ហាសុខភាពផ្លូវចិត្ត រួមទាំងការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ម្យ៉ាងវិញទៀត គ្រឿងស្រវឹងអាចរំខានដល់ដំណេកដូច្នេះ ការ​ឈប់​សេព​គ្រឿង​ស្រវឹង​អាច​នាំ​ឱ្យ​គុណភាព​នៃ​ដំណេក​ប្រសើរ​ឡើង និង​មាន​ពេល​យប់​ដែ​ល​បាន​សម្រាក​ច្រើន​ជាង។

ការ​ឈប់​ទទួល​ទាន​គ្រឿង​ស្រវឹង​អាច​នាំ​ឱ្យ​អារម្មណ៍​ល្អ​ប្រសើរ​ឡើង និង​សុខុមាលភាព​ផ្លូវចិត្តប្រសើរ ហើយក៏អាចនឹងចូលរួមចំណែកនៅក្នុងការគ្រប់គ្រងទម្ងន់ និងសុខភាពទូទៅ។ ក្រៅពីនេះវា នឹងធ្វើឲ្យស្មារតីនិងការទទួលខុសត្រូវប្រសើរឡើង ផងដែរ។  ពីព្រោះជាតិអាល់កុលអា​ចធ្វើឱ្យខូចមុខងារនៃការយល់ដឹង និងការចងចាំ។ ការឈប់ ឬកាត់បន្ថយការទទួលទានគ្រឿ​ងស្រវឹងអាចនាំឱ្យប្រសើរឡើងនូវការផ្តោតអារម្មណ៍ ការចងចាំ និងដំណើរការនៃការយល់ដឹងទាំងមូលពីព្រោះគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់ការសម្របសម្រួល និងការវិនិច្ឆ័យ បង្កើនហានិភ័យនៃគ្រោះថ្នាក់ និងរបួស។ ការ​មិន​ទទួល​ទាន​គ្រឿង​ស្រវឹង​កាត់​បន្ថយ​លទ្ធភាព​នៃ​គ្រោះ​ថ្នាក់ និង​លើក​កម្ពស់​សុវត្ថិភាព​ជា​រួម ហើយមិនតែប៉ុណ្ណោះការ​កាត់​បន្ថយ ឬ​ឈប់​អាច​នាំ​ឱ្យ​មាន​ការ​សន្សំ​ប្រាក់បានគួរសម។

សរុបមកវិញគួរតែព្យាយាមកាត់បន្ថយ ហើយប្រសិនបើលំបាកគឺគួរតែអនុវត្តការកាត់បន្ថយបន្តិ​ចម្តងៗ។ ចូរសាកល្បងអនុវត្តការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងទៅអ្នកនឹងដឹង អំពីគុណសម្បត្តិរបស់វា។ ពីដំបូងវាពិតជាអាចហេងហាងនៅក្នុងចិត្តនៅក្នុងមាត់ ឬនៅក្នុងក្រពះ ប៉ុ​ន្តែមួយរយៈប៉ុណ្ណោះ ជាពិសេសនៅពេលដែលរាងកាយយើងអាចសំអាត ជាតិពុលដែលផ្សំពីគ្រឿងស្រវឹងនៅក្នុងខ្លួនយើងអស់៕