សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ​ចំនួន ៧៦ នាក់ មានសារធាតុញៀន នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ​

សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​លើកឡើងថា អាជ្ញាធរជាតិប្រយុទ្ធប្រ​ឆាំងគ្រឿងញៀនបានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើបទបញ្ជាយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជាលេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២​០២៤ ស្តី​ពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

យោងតាម​តេឡេក្រាម​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​២៩ ខែមេសានេះ បានបញ្ជាក់ថា ៖ «ជាលទ្ធផលដោយគិតមកត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន ៥៦ ៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន ៧៦ នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ»។

សម្តេចបានបន្តថា ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធិភាព ដូចខាងក្រោម៖​

 ១) កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម​

២) សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត​

៣) បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង​

៤) ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា​

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ៖ «សូមអរគុណ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រ​សួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលអនុវត្តបទបញ្ជាលេខ ០១បប របស់​​នាយករដ្ឋមន្រ្តី ប្រក​បដោយប្រសិទ្ធភាព ស័ក្តសិទ្ធិភាព និងនិរន្តភាព»៕

Daily Program

Livesteam thumbnail