នាយករដ្ឋមន្ត្រី ផ្តល់សិទ្ធិពេញសមត្ថភាពដល់លោក គី តិច ដោះស្រាយករណីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ជូនពលរដ្ឋរងគ្រោះ

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចផ្តល់សិទ្ធិ​ពេញសមត្ថភាពដល់លោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន ក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ​ដោះស្រាយ​​ករណី​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO., LTD. )។

យោងតាម​លិខិតស្តីពី សិទ្ធិប្រធាន ដែលចុះហត្ថលេខាដោយ​​សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៤ បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល​ប្រទាន​សិទ្ធិពេញសមត្ថភាព​ដល់លោក គី តិច ដើម្បី​ប្រតិបត្តិ​ដឹកនាំ​រៀបចំ​ចាត់តាំងមេធាវីរាជរដ្ឋាភិបាល​ឱ្យបំពេញភារកិច្ចជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ នៅតាមគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តីគ្រប់ ជាន់ថ្នាក់ រហូតដល់សំណុំរឿងត្រូវបានបញ្ចប់ជាស្ថាពរ។

លិខិត​ដដែល​បានសង្កត់ធ្ងន់ថា ៖ «ដើម្បីជាសក្ខីភាព នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិពេញលេញតាមអំណាចច្បាប់ បានចុះ ហត្ថលេខាលើសិទ្ធិប្រទាននេះ»។

សម្តេចធិបតី បានសរសេរលើបណ្តាញហ្វេសប៊ុក​នាថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៤ ដោយ​ជូនជាសំខាន់ដល់​ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។

សម្តេចបញ្ជាក់ថា ៖ «ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​​យកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបលោក​ផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។

ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋដែលបានវិនិយោគនៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ លោកបានប្រគ​ល់ភារកិច្ចជូន លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនលោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង​ក្រុមជំនួយការច្បាប់របស់លោកដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ​។

តាមការប្រគល់ភារកិច្ច, លោក សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន។

ជាមួយគ្នានេះ, សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គំរោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងប​ញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។

សម្តេចធិបតីបានបន្ថែមថា ៖ «ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ, នៅថ្ងៃទី១២ មីនា ២​០១៤ ខ្ញុំបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេ​ង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន»។

ជាមួយគ្នានេះ, នៅថ្ងៃទី១៣ មីនា ២០២៤ សម្តេចធិបតីបានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមានព្រះរាជក្រឹតចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ មីនា ២០២៤។

ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ នឹងបានប្រគល់ភារកិច្ចឲ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និងសហការគាំទ្រដល់ដំណើ​ការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រ​ជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។

ចុងក្រោយនេះ, យោងតាមសំណូមពរពីប្រជាពលរដ្ឋដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលដើម្បីជួយក្នុងករណីនេះ, សម្តេចធិបតី​បានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តម គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេស ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ។

សម្តេចបានបញ្ជាក់ថា ៖ «ខ្ញុំស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ»។

សម្តេចធិបតីថា ៖ «យើងនឹងបន្តខិតខំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន»។

សូមរម្លឹកថា កាលពី​ថ្ងៃទី១២ ខែមីនា នគរបាលខេត្ដសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាង​អយ្យការអមសាលាដំបូង​ខេត្ដ​សៀម​រា​ប​​ដោយផ្អែកតាមបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានបណ្ដឹងពីបទឆបោក រំលោភលើ​ទំនុកចិត្ដ និ​ងបានចេញសែកស្អុយដោយគ្មានសាច់ប្រាក់៕

Daily Program

Livesteam thumbnail