លោក ស សុខា ដឹកនាំគណៈប្រតិភូទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស ទីក្រុងបុរាណ និងជួបអភិបាលក្រុង Bern ​

លោក រ៉េន រតនៈ អ្នកនាំពាក្យរបស់​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន​ឱ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី​ បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចវិ​មានសភាសហព័ន្ធ ដែលជានិម្មិតរូបស្នូលនៃលទ្ធិប្រជាធិបតេយ្យរបស់សហព័ន្ធស្វីស។

លោកបានបន្តថា លោករដ្ឋមន្រ្តីក៏​បានបន្តដឹកនាំគណៈប្រតិភូ ទស្សនាដោយថ្មើរជើងនៅតាមដងផ្លូវ នៃតំបន់ទីក្រុងបុរាណមួយ ក្នុងទីក្រុង Bern។ ទីក្រុងបុរាណនេះ ត្រូវបានបង្កើតឡើងនាអំ​ឡុង យុគសម័យកណ្ដាល (Middle Age) និងនៅតែរក្សាបានរចនាបទនៃសំណង់ និងហេដ្ឋារចនាសម្ព័ន្ធបែបបុរាណរហូតមកដល់សព្វថ្ងៃ។

ក្រោយពីបានទស្សនាទីក្រុងបុរាណ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រតិភូ បានបន្តដំណើរទៅកា​ន់វិមាន Erlacherhof ដែលនៅទីនោះ មានឯកឧត្តម Alec Von Graffernried អភិបាលក្រុ​ង Bern រង់ចាំទទួលស្វាគមន៍ប្រកបដោយក្ដីរាក់ទាក់បំផុត។ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីការរៀបចំទីក្រុង Bern និងបញ្ហាប្រឈម។

សូមបញ្ជាក់ថា ក្នុងបំណងដកស្រង់បទពិសោធបន្ថែម លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រ​ទេសស្វីស និងអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា លោក ស​ សុខា និងភរិយា ព្រមទាំងគណៈប្រតិភូ នឹងបន្តដំណើរទស្សនកិច្ចរហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕​​

Daily Program

Livesteam thumbnail